ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីសមរភូមិសមុទ្រ និងការវាយប្រហារលើនាវាដឹកជញ្ជូនថាមពលបានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ ខណៈប្រភពពីសេតវិមានបានទម្លាយថា ទីប្រឹក្សាជាន់ខ្ពស់បានពិភាក្សាជាលក្ខណៈឯកជនជាមួយប្រធានាធិបតី ដូណាល់ ត្រាំ អំពីលទ្ធភាព ដែលសង្គ្រាមដ៏ស្រួចស្រាល់នេះអាចនឹងអូសបន្លាយរហូតដល់ផុតអាណត្តិដឹកនាំរបស់លោក។
សារព័ត៌មាន CNBC បានរាយការណ៍ថា តម្លៃប្រេងឆៅសកលលោកបានបន្តហក់ឡើងយ៉ាងគំហុកនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ចំពេលដែលភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកាន់តែឡើងកម្ដៅ និងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលពិភពលោក។ តម្លៃប្រេងឆៅប្រភេទ Brent បានហក់ឡើង០,៦២%ឈានដល់ជិត១០២ដុល្លារក្នុងមួយបារ៉ែល។ ដោយឡែកតម្លៃប្រេងឆៅនៅលើទីផ្សារសហរដ្ឋអាម៉េរិក ក៏បានស្ទុះឡើង១,០១% ឈានដល់ជាង៩៦ដុល្លារក្នុងមួយបារ៉ែលផងដែរ។
សង្គ្រាមនៅអ៊ីរ៉ង់ បានឆាបឆេះឡើងខ្លាំងជាថ្មី បន្ទាប់ពីកងទ័ពអាម៉េរិក កាលពីថ្ងៃអង្គារ បានបើកការវាយប្រហារបាញ់កម្ទេចកប៉ាល់ដឹកប្រេងឆៅរបស់អ៊ីរ៉ង់ចំនួន៥គ្រឿងជាការសងសឹកភ្លាមៗចំពោះការប៉ុនប៉ងវាយប្រហារលើនាវាចម្បាំងអាម៉េរិក។ ទីបញ្ជាការកណ្តាលនៃកងទ័ពអាម៉េរិក បានអះអាងថា នាវាចម្បាំងខ្លួនបានគេចផុតពីការវាយប្រហាររបស់អ៊ីរ៉ង់ ដោយជោគជ័យ និងពុំមានយោធិនអាម៉េរិកណាម្នាក់រងគ្រោះថ្នាក់ឡើយ។
លោក ឌែន ស្ទ្រ៊ូវេន (Daan Struyven) សហប្រធានផ្នែកស្រាវជ្រាវទំនិញសកលនៅ Goldman Sachs បានគូសបញ្ជាក់ថា ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដែលឈានចូលដល់ខែទី៧នេះ អាចបង្កហានិភ័យទីផ្សារឱ្យឈានទៅរកចំណុចគ្រោះថ្នាក់បំផុត ហើយការវាយប្រហារលើនាវាដឹកជញ្ជូនប្រេងតាមផ្លូវសមុទ្រ ដែលកាន់តែសាហាវឡើងៗ នឹងអាចរុញច្រានឱ្យតម្លៃប្រេងហក់ឡើងដល់១២០ដុល្លារក្នុងមួយបារ៉ែលក្នុងពេលឆាប់ៗខាងមុខ៕
អត្ថបទៈ សួន ឡង់ទី