ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានគូសបញ្ជាក់ថា ពាណិជ្ជកម្មរបស់កម្ពុជាត្រូវបានផ្សារភ្ជាប់ជាមួយពាណិជ្ជកម្មអន្តរជាតិ ខណៈការរាលដាលសង្រ្គាមនៅមជ្ឈិមបូព៌ាដល់សមុទ្រក្រហម និងសមុទ្រកាសព្យែន ក៏អាចប៉ះពាល់ដោយប្រយោលមកលើវិស័យដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជាផងដែរ។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើវិបត្តិទាំងនេះនៅតែបន្តអូសបន្លាយពេលយូរ នោះនឹងធ្វើឱ្យការដឹកជញ្ជូនអន្តរជាតិមានការឡើងថ្លៃ ដោយសារមធ្យោបាយដឹកជញ្ជូននានាត្រូវបើកផ្លូវវាងក្នុងចម្ងាយឆ្ងាយ និងចំណាយពេលយូរ ដើម្បីចៀសវាងការប៉ះទង្គិច។
ជាមួយគ្នានេះលោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមបានកត់សម្គាល់ឃើញថា នាវាដឹកជញ្ជូនទំនិញឆ្ពោះទៅកាន់អឺរ៉ុបកំពុងរងផលប៉ះពាល់ និងការគំរាមកំហែងផ្ទាល់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ដរាបណាស្ថានការណ៍នៅច្រកសមុទ្រក្រហមមិនទាន់មានស្ថិរភាព ចង់ ឬមិនចង់ វានឹងរុញច្រានថ្លៃដើមដឹកជញ្ជូនឱ្យកើនឡើង ដែលបង្កជាសម្ពាធដល់ទំនិញនាំចេញរបស់កម្ពុជាជាច្រើនមុខ ដែលចាំបាច់ត្រូវឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់មួយនេះ។
បើតាមការគូសបញ្ជាក់របស់ឧកញ៉ា ស៊ិន ចន្ធី ជាទូទៅការដឹកជញ្ជូនទំនិញពីបណ្តាប្រទេសនៅតំបន់អាស៊ីរួមទាំងកម្ពុជាទៅកាន់ទ្វីបអឺរ៉ុបត្រូវពឹងផ្អែកលើច្រកយុទ្ធសាស្ត្រស្នូល ចំនួន៣រួមមានច្រកសមុទ្រអេឌែន, សមុទ្រក្រហម និងព្រែកជីកស៊ុយអេ ខណៈដែលតំបន់សមុទ្រកាសព្យែនមិនមែនជាច្រកផ្លូវទឹកចម្បងសម្រាប់ខ្សែចង្វាក់ដឹកជញ្ជូនមកកាន់អឺរ៉ុបនោះឡើយ៕
អត្ថបទ៖ បូ ដូឡា