អត្ថបទវិភាគថ្មីមួយដែលបង្ហោះលើគណនីសង្គមស្រាវជ្រាវសន្តិសុខសកលរបស់ចិនបានអំពាវនាវឱ្យទីក្រុងប៉េកាំង បង្កើតប្រព័ន្ធថ្នាក់ជាតិមួយ ដែលមានការសម្របសម្រួលខ្ពស់ ដើម្បីការពារផលប្រយោជន៍របស់ចិននៅក្រៅប្រទេស។ ការវិភាគនេះបានលើកឡើងថា ចិនត្រូវការការសហការកាន់តែជិតស្និទ្ធរវាងវិស័យការទូត ពាណិជ្ជកម្ម សន្តិសុខ និងយោធាជាជាងរង់ចាំដោះស្រាយបញ្ហានីមួយៗ នៅពេលវាកើតឡើង។ ការវិភាគដដែល ក៏ជំរុញឱ្យចិនពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេស ដែលមានការវិនិយោគចិនក្នុងទំហំធំ ជាពិសេសដៃគូក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ រួមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងភេរវកម្មផងដែរ។
តាមការវិភាគនេះ ក្រុមហ៊ុនចិនជាង៥០,០០០ក្រុមហ៊ុនកំពុងប្រតិបត្តិការនៅក្នុងប្រទេស និងតំបន់ចំនួន១៩០។ ក្នុងឆ្នាំ២០២៥ ការវិនិយោគផ្ទាល់របស់ចិននៅក្រៅប្រទេសមានទំហំជាង១៧៤ពាន់លានដុល្លារកើនឡើង៧,១% បើធៀបនឹងឆ្នាំមុន។ ប៉ុន្តែអាជីវកម្មចិន ក៏កំពុងប្រឈមនឹងបញ្ហាកាន់តែស្មុគស្មាញផងដែររាប់ចាប់តាំងពីទណ្ឌកម្ម ការផ្លាស់ប្តូរគោលនយោបាយ ជម្លោះផ្លូវច្បាប់ រហូតដល់ការរឹតបន្តឹងដោយសារហេតុផលសន្តិសុខជាតិ។
ការវិភាគនេះបានស្នើឱ្យប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ទិន្នន័យធំៗ និងបច្ចេកវិទ្យាផ្កាយរណប ដើម្បីបង្កើតប្រព័ន្ធព្រមានជាមុនដែលអាចតាមដានហានិភ័យចំពោះក្រុមហ៊ុនចិន ខ្សែច្រវាក់ផ្គត់ផ្គង់ និងផ្លូវពាណិជ្ជកម្មសំខាន់ៗ៕
ដោយ: តែម សុខុម