វិស័យពាណិជ្ជកម្ម

សហភាពអឺរ៉ុប ងាកមករកអាស៊ីអាគ្នេយ៍កាន់​តែខ្លាំង ក្រោយរងសម្ពាធពាណិជ្ជកម្មពីអាម៉េរិក និងចិន


ស្របពេលសង្គ្រាមពាណិជ្ជកម្ម និងការប្រកួតប្រជែងរវាងអាម៉េរិក និងចិន កាន់តែស្វិតស្វាញ សហភាព​អឺរ៉ុប កំពុងបង្កើនការសម្លឹងមកកាន់អាស៊ីអាគ្នេយ៍ ដើម្បីស្វែងរកដៃគូសេដ្ឋកិច្ចថ្មីៗ ធានាការផ្គត់ផ្គង់វត្ថុធាតុ​ដើមសំខាន់ៗ និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន។ រាប់ចាប់ពីការស្វែងរកប្រភពរ៉ែយុទ្ធសាស្ត្រនៅវៀតណាម រហូតដល់ការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយម៉ាឡេស៊ី ទីក្រុងព្រុចសែល កំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើចិន និងពង្រីកឱកាសសេដ្ឋកិច្ចនៅក្នុងតំបន់។
អឺរ៉ុប_សម្លឹងរកដៃគូថ្មីនៅអាស៊ីអាគ្នេយ៍_ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន
ដោយ

ឯកសារផ្ទៃក្នុងរបស់សហភាពអឺរ៉ុប បានបង្ហាញថា ប្លុកនេះកំពុងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីធានាការផ្គត់ផ្គង់រ៉ែសំខាន់ៗរួមមាន រ៉ែកម្រ រ៉ែតង់ស្ទីន និងរ៉ែអង់ទីម៉ូនី ដែលមានសារសំខាន់សម្រាប់ឧស្សាហកម្មការពារជាតិ និងបច្ចេកវិទ្យាទំនើប។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែតុលា។ សហភាពអឺរ៉ុប កំពុងពិចារណាផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ឧស្សាហកម្មរុករករ៉ែ និងកែច្នៃរ៉ែរបស់វៀតណាម ដើម្បីស្វែងរកប្រភពផ្គត់ផ្គង់ជំនួសចិន ខណៈការរឹតបន្តឹងការនាំចេញរបស់ទីក្រុងប៉េកាំង កាលពីឆ្នាំមុន បានបង្កការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់របស់អឺរ៉ុប។

ទន្ទឹមនេះ ម៉ាឡេស៊ី កំពុងជំរុញឱ្យមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប នៅខែមិថុនា ឆ្នាំ២០២៧ ខណៈការចរចាបានសម្រេចប្រមាណ៨០% ហើយ។ បញ្ហាពាណិជ្ជកម្មប្រេងដូង និងរថយន្តនៅតែជាចំណុចសំខាន់ដែលត្រូវដោះស្រាយបន្ត។ កិច្ចព្រមព្រៀងនេះអាចជួយពង្រីកទីផ្សារ និងទាក់ទាញការវិនិយោគ ខណៈម៉ាឡេស៊ី ព្យាយាមពង្រឹងទំនាក់ទំនងជាមួយអឺរ៉ុប ដោយមិនបោះបង់ទំនាក់ទំនងជាមួយអាម៉េរិក និងចិន។ ក្រៅពីពាណិជ្ជកម្ម សហភាពអឺរ៉ុប ក៏កំពុងគាំទ្រការពង្រីកឧស្សាហកម្មបន្ទះឈីបនៅម៉ាឡេស៊ី ផងដែរ ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់បច្ចេកវិទ្យា និងកាត់បន្ថយហានិភ័យពីការពឹងផ្អែកលើប្រភពតែមួយ។

សរុបមកការខិតខំប្រឹងប្រែងទាំងនេះបង្ហាញថា អាស៊ីអាគ្នេយ៍កំពុងមានតួនាទីកាន់តែសំខាន់ក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់អឺរ៉ុប។ សម្រាប់បណ្ដាប្រទេសក្នុងតំបន់ វាអាចបើកផ្លូវឱ្យមានការវិនិយោគថ្មី ឱកាសនាំចេញកាន់តែច្រើន និងការចូលរួមកាន់តែស៊ីជម្រៅក្នុងខ្សែច្រវាក់ផ្គផ្គង់សកល ខណៈមហាអំណាចពិភពលោកកំពុងប្រកួតប្រជែងគ្នាកាន់តែខ្លាំង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


IMF ព្រមានថា សេដ្ឋកិច្ចពិភពលោកអាចឈានដល់ដែនកំណត់នៃភាពធន់ក្នុងពេលឆាប់ៗនេះ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា សេដ្ឋកិច្ចពិភពលោកអាចនឹងឈានដល់ដែនកំណត់នៃភាពធន់របស់ខ្លួនក្នុងពេលឆាប់ៗនេះ ដោយសារសមត្ថភាពរប…

ធនាគារ Bank of America រងពិន័យជាង១,២ពាន់លានដុល្លារ ក្រោយខកខានរាយការណ៍ប្រតិបត្តិការគួរឱ្យសង្ស័យ

ធនាគារដ៏ធំមួយរបស់សហរដ្ឋអាម៉េរិក កំពុងប្រឈមការពិន័យជាប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូត​ដល់ជាង១,២ពាន់លានដុល្លារ បន្ទាប់ពីនិយ័តករ​រកឃើញ​ថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ