ផលិតផលអាហារបំប៉ន

តើក្រសួងសុខាភិបាល មានតួនាទីសំខាន់យ៉ាងណាក្នុងការទប់ស្កាត់ និងបង្ក្រាបអាហារបំប៉នដែលប៉ះពាល់ដល់សុខភាពពលរដ្ឋ?


ក្រសួងសុខាភិបាល សហការជាមួយមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចាប់ផ្តើមយុទ្ធនាការស្វែងរកវីតាមីន និងអាហារបំប៉នក្លែងក្លាយ បន្ទាប់ពីប្រទេសវៀតណាម បានរកឃើញផលិតផលក្លែងក្លាយគ្មានគុណភាពចំនួន៨៨មុខ កាលពីខែកុម្ភៈ​ កន្លងទៅ។
ផលិតផលអាហារបំប៉ន
ដោយ

អ្នកជំនាញបានលើកឡើងថា ការងារបង្ក្រាបអាហារបំប៉ន និងផលិតផលក្លែងក្លាយទាំងនេះទាមទារឱ្យមានកិច្ចសហការស៊ីជម្រៅបំផុតរវាងក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពខ្ពស់ជូនពលរដ្ឋអ្នកប្រើប្រាស់ ខណៈដែលមន្ត្រី ក.ប.ប. មានដែនសមត្ថកិច្ចត្រឹមតែឃាត់ទុក និងបញ្ជូនករណីសង្ស័យទៅឱ្យក្រសួងសុខាភិបាលជាអ្នកចាត់ការបន្តតែប៉ុណ្ណោះ។

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា ជុំវិញបញ្ហាអាហារបំប៉ន ក្រសួងសុខាភិបាល ត្រូវតែបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្មក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ តាមរយៈការកំណត់ឱ្យមានបច្ចេកវិទ្យា QR Code ស្កេននៅលើទំនិញនាំចូល ដើម្បីឱ្យអ្នកប្រើប្រាស់អាចផ្ទៀងផ្ទាត់ដោយខ្លួនឯងបាន ព្រមទាំងត្រូវពង្រឹងការត្រួតពិនិត្យឱ្យបានទូទាំងប្រទេស ជាពិសេសនៅលើទីផ្សារផ្ទាល់ និងការលក់ដូរតាមប្រព័ន្ធអនឡាញ។

សម្រាប់អ្នកជំនាញរូបនេះ ក្រសួងសុខាភិបាល ជាតួអង្គដ៏សំខាន់មួយក្នុងការទប់ស្កាត់អាហារបំប៉នក្លែងក្លាយ និងធានាសុវត្ថិភាពចំណីអាហារ ដើម្បីកាត់បន្ថយអត្រាប្រជាពលរដ្ឋរងគ្រោះដោយសារជំងឺ ដែលកត្តានេះក៏បានចូលរួមចំណែកជួយរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ ផងដែរ។ ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានស្នើដល់មន្ត្រីជំនាញត្រូវចាត់វិធានការក្តៅដោយបិទអាជីវកម្ម និងដាក់ទោសទណ្ឌតាមច្បាប់ជាធរមាន ចំពោះបុគ្គល ឬក្រុមហ៊ុនណា ដែលរកឃើញថា មានការចែកចាយអាហារបំប៉ន ឬផលិតផលក្លែងក្លាយ។

ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា មន្រ្តីជំនាញ ក.ប.ប បានចុះត្រួតពិនិត្យស្វែងរកផលិតផល និងអាហារបំប៉នក្លែងក្លែងដោយអនុវត្តជាប្រចាំ ហើយក្នុងករណីមានផលិតផល ដែលខុសប្រក្រតី និងគួរឱ្យសង្ស័យ ក.ប.ប តែងតែផ្តល់ព័ត៌មានដល់មន្រ្តីសុខាភិបាល ដើម្បីចាត់ការតាមនីតិវីធីច្បាប់បន្ត។

ឯកឧត្តម គឹម មាសសុខសីហា បានបញ្ជាក់បន្ថែមថា ការចុះត្រួតពិនិត្យផលិតផលទាំងនោះ គឺ ក.ប.ប. ជួយផ្ទៀងផ្ទាត់ជាការបន្ថែមលើការអនុវត្តកម្មវិធីឃ្លាំមើលទីផ្សារ រីឯផលិតផលអាហារបំប៉ន និងវីតាមីនជំនួយសុខភាព គឺស្ថិតនៅក្រោមយុត្តាធិការរបបអាជ្ញាបណ្ណ និងការទទួលខុសត្រូវផ្ទាល់របស់ក្រសួងសុខាភិបាល។ ដោយឡែកចំពោះបាតុភាព ដែលផ្ទុះឡើងនៅប្រទេសវៀតណាម គឺបានកើតមានឡើងតាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ មកម៉្លេះ ពោលគឺមិនមែនទើបតែនឹងកើតមានឡើងថ្មីៗនេះនោះទេ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង ខេត្តរតនគិរី ខេត្តក្រចេះ ខេត្តតាកែវ និងខេត្តឧត្តរមានជ័យ បានសហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ ដោយបានបន្តចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលប្រើប្រាស់ ព្រមទាំងផលិតផលម្ហូបអាហារនៅតាមទីផ្សារគោលដៅសំខាន់ៗរួមមាន ផ្សារចំនួន៣ និងផ្ទះតូបលក់ទំនិញ ព្រមទាំងម៉ាតនានា ចំនួន៦១ទីតាំង។

ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងការពារសុខុមាលភាពរបស់អ្នកប្រើប្រាស់ និងទប់ស្កាត់រាល់ផលិតផលទំនិញខុសច្បាប់ ពិសេសផលិតផលម្ហូបអាហារ ដែលមិនអនុលោមតាមលក្ខខណ្ឌតម្រូវផ្នែកបច្ចេកទេស ឬមានសារធាតុគ្រោះថ្នាក់ ដែលបង្កផលប៉ះពាល់ដល់សុខភាព។ ជាលទ្ធផលនៅក្នុងយុទ្ធនាការនោះ មន្ត្រីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតផលិតផលពុំមានអនុលោមភាពមួយចំនួន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងថា ភាពជាដៃគូរវាងសភាពាណិជ្ជកម្មកម្ពុជា និង ACU នឹងជួយកាត់បន្ថយអំពើពុករលួយក្នុងវិស័យធុរកិច្ច

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអះអាងនាពេលថ្មីៗនេះថា សភាពាណិជ្ជកម្មកម្ពុជានឹងដឹកនាំវិស័យឯកជនចុះអនុស្សរណៈនៃការយោគយល់គ្…

តើយន្តការលើកលែងទិដ្ឋាការចំពោះជនជាតិចិន សម្រេចបានលទ្ធផលយ៉ាងណាក្រោយអនុវត្តជិតមួយខែមកនេះ?

គិតមកទល់ពេលនេះ មានរយៈពេលជិត១ខែ ដែលកម្ពុជា បានដាក់ឱ្យអនុវត្តយន្តការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន សាកល្បង ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ