អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា នាពេលកន្លងមក សភាពាណិជ្ជកម្មកម្ពុជា តែងចូលរួមដោះស្រាយបញ្ហានានា តាមរយៈយន្តការរាជរដ្ឋាភិបាលផ្នែកវិស័យឯកជន។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ប្រសិនបើមន្រ្តីពាក់ព័ន្ធមិនអនុវត្តតាមយន្តការដែលដាក់ចេញនាពេលកន្លងមកនោះទេ នោះសភាពាណិជ្ជកម្មកម្ពុជា ក៏លែងប្រើប្រាស់តាមយន្តការកន្លងមកទៀតដែរ តែនឹងប្រើវិធីតាមអង្គភាពប្រឆាំងអំពើពុករលួយ ឬយន្តការរបស់ក្រសួងអធិការកិច្ច។ យន្តការនេះ ត្រូវបានអ្នកឧកញ៉ា លឹម ហេង ជឿជាក់ថា នឹងអាចចូលរួមដោះស្រាយការលំបាក និងលុបបំបាត់ភាពមិនប្រក្រតីនៅតាមស្ថាប័នមួយចំនួនផងដែរ។
ដោយឡែក លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម យល់ឃើញថា ប្រសិនបើគម្រោងចុះ MoU រវាងសភាពាណិជ្ជកម្មកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយធ្វើឡើងដោយគ្របបដណ្ដប់លើវិស័យសាធារណៈ នោះនឹងអាចបញ្ជាក់យ៉ាងច្បាស់ដល់ការព្រមានលើមន្រ្តីណា ដែលប្រព្រឹត្តិអំពើពុករលួយ ឬបង្កបញ្ហាមិនប្រក្រតីលើការស្នើសុំក្នុងការប្រកបអាជីវកម្មរបស់វិស័យឯកជន។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ប្រសិនបើអង្គភាពរបស់រដ្ឋ និងវិស័យឯកជនមានឆន្ទៈពិតប្រាកដនោះនឹងអាចលុបបំបាត់បាននូវការប្រព្រឹត្តិអំពើពុករលួយ។ តែយ៉ាងណាអ្នកជំនាញរូបនេះ លើកឡើងថា ប្រសិនបើវិស័យឯកជនធ្វើសកម្មភាពធុរកិច្ចដោយមិនបានឆ្លងកាត់នីតិវិធីត្រឹមត្រូវទេ នោះក៏ពិបាកក្នុងការបោសសម្អាតអំពើពុករលួយដែរ។
សូមបញ្ជាក់ថា នាពេលកន្លងមកនេះឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញយ៉ាងមុតមាំដល់វិស័យឯកជន រួមទាំងសភាពាណិជ្ជកម្មកម្ពុជា ឱ្យចូលរួមសហការ និងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីលុបបំបាត់សេវា«រត់ការ» ឬអំពើពុករលួយក្នុងវិស័យធុរកិច្ច និងលើកកម្ពស់តម្លាភាព ភាពស្អាតស្អំ ព្រមទាំងការប្រកួតប្រជែងដោយយុត្តិធម៌នៅកម្ពុជា៕
អត្ថបទ៖ បូ ដូឡា