សារព័ត៌មាន Sky News និង The Guardian បានរាយការណ៍ថា អតីតប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានរិះគន់លោក ដូណាល់ ត្រាំ ខ្លាំងៗនៅក្នុងព្រឹត្តិការណ៍រៃអង្គាសថវិកាមួយរបស់គណបក្សប្រជាធិបតេយ្យ។ នៅក្នុងសុន្ទរកថារយៈពេល១០នាទីដ៏កម្រ និងមានភាពចាក់ដោតនោះ លោក ចូ បៃដិន បានរិះគន់ថា លោក ត្រាំ គ្រាន់តែជាអ្នកចាញ់ដ៏អាត្មានិយមម្នាក់ ហើយថែមទាំងបានចោទប្រកាន់អតីតគូប្រជែងរូបនេះថា បាននាំយកអំពើពុករលួយដ៏ឥតប្រយោជន៍ និងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ មកដុតបំផ្លាញកិត្តិយសសេតវិមាន។ នៅក្នុងការរិះគន់នោះ លោក ចូ បៃដិន បានលើកឡើងចំៗអំពីការរុះរើសេតវិមានខុសប្លែកពីធម្មតា ដោយលោក ត្រាំ បានបញ្ជាឱ្យកែច្នៃផ្នែកខាងកើត នៃវិមានទៅជាកន្លែងរាំរែក ការព្យាយាមដាក់ឈ្មោះខ្លួនឯងនៅលើមជ្ឈមណ្ឌល Kennedy ការសាងសង់ខ្លោងទ្វារដើម្បីលើកតម្កើងកិត្តិយសផ្ទាល់ខ្លួន រួមទាំងការប្រើប្រាស់ថវិការដ្ឋសម្រាប់គម្រោងអត់ប្រយោជន៍ ដូចជាការជួសជុលអាងហែលទឹកជាដើម។ អតីតមេដឹកនាំអាម៉េរិករូបនេះបានចាត់ទុកទង្វើទាំងនេះ កំពុងសាបព្រោះសកម្មភាពអនាចារ និងបង្កើតភាពអាម៉ាស់មុខជាអន្តរជាតិ សម្រាប់សហរដ្ឋអាម៉េរិក។ លោកបានបន្ថែមថា អំពើពុករលួយនៅក្នុងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នាពេលនេះ កំពុងបង្ហាញរូបរាងក្នុងទ្រង់ទ្រាយធំ និងអាក្រក់បំផុត ដែលមិនធ្លាប់កើតមានទាល់តែសោះនៅក្នុងប្រវត្តិសាស្ត្រនយោបាយអាម៉េរិក។ លោក ចូ បៃដិន ដែលមានវ័យ៨៣ឆ្នាំ បានរិះគន់ទៀតថា លោក ត្រាំ ជាមនុស្សអសមត្ថភាព និងចូលចិត្តធ្វើអ្វីៗ ដើម្បីតែផលប្រយោជន៍ និងភាពលេចធ្លោផ្ទាល់ខ្លួន ដែលកំពុងទាញទម្លាក់ចំណាត់ថ្នាក់ និងឥទ្ធិពលរបស់សហរដ្ឋអាម៉េរិកនៅលើឆាកអន្តរជាតិយ៉ាងខ្លាំង៕