រលកកម្តៅ

រលកកម្តៅដ៏គ្រោះថ្នាក់នៅទ្វីបអឺរ៉ុបបានឆក់យកជីវិតមនុស្សជាង១,៣០០នាក់


ទ្វីបអឺរ៉ុបកំពុងប្រឈមនឹងរលកកម្តៅដ៏ក្តៅហួតហែង ខណៈសីតុណ្ហភាពបានហក់ឡើងលើសពី៤០អង្សាសេនៅក្នុងតំបន់ជាច្រើនកាលពីសប្តាហ៍មុន។ វិបត្តិអាកាសធាតុដ៏អាក្រក់នេះកំពុងរុញច្រានឱ្យមន្ទីរពេទ្យនានារួមទាំងប្រព័ន្ធសង្គ្រោះបន្ទាន់ទូទាំងទ្វីប ត្រូវរងសម្ពាធយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ដោយសារតែចំនួនអ្នករងគ្រោះ និងការហៅទូរសព្ទសុំជំនួយពីពលរដ្ឋមានការកើនឡើងខ្លាំងស្ទើរមិនគួរឱ្យជឿ។ អ្វីដែលរន្ធត់បំផុតនោះ គឺចំនួនអ្នកបាត់បង់ជីវិតបានកើនឡើងដល់ជាង១,៣០០នាក់រួចទៅហើយ។
រលកកម្តៅ
ដោយ

ទីភ្នាក់ងារព័ត៌មាន Euronews បានរាយការណ៍ដោយយោងតាមសេចក្ដីប្រកាសអាសន្នរបស់អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ថា គិតចាប់តាំងពីថ្ងៃទី២១ ខែមិថុនា មកទល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារឥទ្ធិពលរលកកម្ដៅនៅអឺរ៉ុបបានកើនឡើងដល់ជាង១,៣០០នាក់ហើយ ស្របពេលដែលអាកាសធាតុក្តៅហួតហែងនៅតែបន្តវាយប្រហារពាសពេញនៅតំបន់នេះ។

លោក តេដ្រូស អាដហាណូម ហ្គេប្រ៊េយេស៊ុស (Tedros Adhanom Ghebreyesus) អគ្គនាយកអង្គការសុខភាពពិភពលោកបានបង្ហោះសារព្រមាននៅលើបណ្តាញសង្គមថា គេហដ្ឋាន កន្លែងធ្វើការ និងសាលារៀននៅក្នុងតំបន់អឺរ៉ុបនាពេលនេះ គឺមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់នឹងសីតុណ្ហភាពដ៏ក្តៅខ្លាំងក្លាបែបនេះឡើយ។ ស្ថានភាពនេះកំពុងស្តែងឱ្យឃើញយ៉ាងច្បាស់នៅក្នុងប្រទេសបារាំង ដោយក្រសួងសុខាភិបាលបារាំងបានប្រកាសថា គិតចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា មក ចំនួនអ្នកស្លាប់ដោយសាររលកកម្តៅបានហក់ឡើងដល់ប្រមាណ១,០០០នាក់។ តំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ឬស្ថិតក្រោមការប្រកាសអាសន្នពណ៌ក្រហមមានជនរងគ្រោះដល់ទៅ៨៥% គឺជាក្រុមមនុស្សចាស់ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ។

ពេញមួយសប្ដាហ៍កន្លងទៅនេះ មនុស្សម្នារាប់ម៉ឺននាក់បាននាំគ្នាសម្រុកទៅកាន់សួនច្បារ អាងទឹក និងស្រះទឹកនានាក្នុងទីក្រុង ដើម្បីសម្រាលភាពក្តៅហប់។ ស្ថានភាពនេះបានបង្ខំឱ្យអាជ្ញាធរក្រុងប៉ារីស ត្រូវដាក់ចេញវិធានការបន្ទាន់ ដោយហាមឃាត់ការសេពគ្រឿងស្រវឹង និងព្រមានពីគ្រោះថ្នាក់ នៃការលោតលេងទឹក បន្ទាប់ពីមានបុរសម្នាក់បានលង់ទឹកស្លាប់កាលពីពេលថ្មីៗ។

ជាមួយគ្នានេះសីតុណ្ហភាពនៅចក្រភពអង់គ្លេសបានហក់ឡើងដល់ជាង៣៧អង្សាសេ ខណៈនៅប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់វិញ សីតុណ្ហភាពបានហក់ឡើងដល់៤០អង្សាសេដូចគ្នា។ យោងតាមប្រព័ន្ធត្រួតពិនិត្យអត្រាមរណភាពប្រចាំថ្ងៃរបស់អេស្ប៉ាញ គ្រាន់តែចន្លោះពីថ្ងៃពុធ ដល់ថ្ងៃសៅរ៍ សប្តាហ៍មុន មានមនុស្សរហូតដល់ជាង៤០០នាក់បានបាត់បង់ជីវិតដោយសាររលកកម្តៅនេះ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្…

អតីតប្រធានាធិបតី ចូ បៃដិន រិះគន់លោក ត្រាំ ថា ជាមនុស្សអាត្មានិយម បរាជ័យ និងអសមត្ថភាព

បន្ទាប់ពីរក្សាភាពស្ងៀមស្ងាត់អស់រយៈពេលជិត២ឆ្នាំ ក្រោយបញ្ចប់អាណត្តិជាប្រធានាធិបតីសហរដ្ឋអាម៉េរិក ទី៤៦ កាលពីដើមឆ្នាំ២០២៥ កន្លងទៅ ពេលនេះស្រាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ