បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Times នៅថ្ងៃទី២០ ខែកញ្ញា លោក ស្កុត បេសសេន និងលោក ហ៊ើ លីហ្វឹង នឹងជួបពិភាក្សាគ្នា ដើម្បីផ្លូវស្វែងរកចំណុចរួមមុនពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជួបប្រជុំគ្នាទល់មុខនៅថ្ងៃទី២៤ ខែកញ្ញា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
វិបត្តិថាមពលសកលបង្កដោយសង្គ្រាមនៅអ៊ីរ៉ង់ បញ្ហាច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងសង្គ្រាមពាណិជ្ជកម្ម ព្រមទាំងការវិនិយោគ នឹងក្លាយជារបៀបវារៈក្តៅនៅលើតុចរចា ខណៈភាគីទាំងពីរខិតខំទប់ទល់មិនឱ្យសង្គ្រាមពន្ធគយផ្ទុះឡើងវិញ ដែលកិច្ចព្រមព្រៀងបច្ចុប្បន្ននឹងផុតកំណត់នាខែវិច្ឆិកា ខាងមុខ។ កត្តាដែលជំរុញឱ្យអាម៉េរិក ប្រញាប់ប្រញាល់បន្តកិច្ចព្រមព្រៀងនេះ គឺដោយសារការបោះឆ្នោតពាក់កណ្តាលអាណត្តិនឹងចូលមកដល់នៅថ្ងៃទី៣ ខែវិច្ឆិកា ដែលបញ្ហាអតិផរណាកំពុងក្លាយជាសម្ពាធនយោបាយដ៏ធំ និងជាកង្វល់ចម្បងរបស់អ្នកបោះឆ្នោតនៅអាម៉េរិក។
លោកស្រី វេនឌី កាតធើ (Wendy Cutler) អនុប្រធានជាន់ខ្ពស់នៃវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ីបានលើកឡើងថា សហរដ្ឋអាម៉េរិក និងចិនកំពុងស្ថិតក្នុងជំហានស្របគ្នាមួយ គឺការខិតខំស្តារ និងទប់ស្កាត់ទំនាក់ទំនងមិនឱ្យធ្លាក់ចូលទៅក្នុងភាពតានតឹងខ្លាំងជាងមុន។ លោកស្រីបានបន្ថែមថា គោលដៅស្នូលនាពេលនេះ គឺការរក្សាស្ថិរភាព ការពារស្ថានការណ៍កុំឱ្យពុះកញ្ជ្រោល និងការរក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលសម្រេចបាននៅទីក្រុងប៊ូសាន ឱ្យមានប្រសិទ្ធភាពបន្តទៀត។
ជាមួយគ្នានេះសេចក្តីថ្លែងការណ៍ពីការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិកបានឱ្យដឹងថា លោក ជេមីសុន ហ្គ្រៀ (Jamieson Greer) តំណាងពាណិជ្ជកម្មអាម៉េរិក ក៏នឹងចូលរួមក្នុងកិច្ចចរចានេះដែរ។ លោក ជេមីសុន បានបញ្ជាក់កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ថា រដ្ឋបាលលោក ត្រាំ នឹងបន្តរុញច្រានឱ្យមានពាណិជ្ជកម្មសមភាព និងមានតុល្យភាពជាមួយចិន ដោយផ្អែកលើការតាមដានការអនុវត្តកាតព្វកិច្ចថ្មីៗ ការបង្កើនប្រសិទ្ធភាពពាណិជ្ជកម្មលើទំនិញទូទៅ និងការពង្រីកទីផ្សារសម្រាប់កសិករ ផលិតករ និងកម្មករអាម៉េរិក។
ក្រុមអ្នកវិភាគ និងមន្ត្រីជាន់ខ្ពស់អាម៉េរិកបានគូសបញ្ជាក់ថា បញ្ហាដែលអាចក្លាយជារបៀបវារៈនៅក្នុងកិច្ចពិភាក្សានៅក្នុងជំនួបកំពូលរវាងមេដឹកនាំអាម៉េរិក និងចិនរួមមានបញ្ហាពន្ធគយ, អធិបតេយ្យភាពកោះតៃវ៉ាន់, បច្ចេកវិទ្យា AI, វិបត្តិថាមពល និងជម្លោះប្រដាប់អាវុធនៅប្រទេសអ៊ីរ៉ង់៕
អត្ថបទៈ សួន ឡង់ទី