លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានគូសបញ្ជាក់ថា ការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺ ក្នុងឆ្នាំ២០២៦ នេះ បានកើនឡើងដល់ប្រមាណ២៥០តោន ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន បើធៀបនឹងឆ្នាំមុន ដែលមានត្រឹមតែ១៧០តោន។ ទោះបីជាតម្រូវការបញ្ជាទិញហក់ឡើងខ្ពស់ ប៉ុន្តែការផ្គត់ផ្គង់កំពុងជួបបញ្ហា។ ប្រធានសមាគមរូបនេះបានអះអាងថា ដោយសារអាកាសធាតុមិនអំណោយផល ទិន្នផលស្ករត្នោតឆ្នាំនេះរំពឹងថា នឹងទទួលបានត្រឹមតែជិត២០០តោនប៉ុណ្ណោះ ដែលមានគម្លាតខ្វះខាតប្រមាណ៥០តោនបើធៀបនឹងការបញ្ជាទិញ។ គិតត្រឹមដំណាច់ខែមេសា ការប្រមូលផលទើបតែសម្រេចបានជាង១១០តោនប៉ុណ្ណោះ ខណៈតម្លៃនៅរក្សាដដែល គឺប្រមាណ ៧,៥០០រៀលក្នុងមួយគីឡូក្រាម។
ដោយឡែកលោក កាន់ ស៊ីណុច ប្រធានក្រុមប្រឹក្សាភិបាលសមាគមលើកកម្ពស់ម្រេចកំពត បានឱ្យដឹងថា តម្រូវការបញ្ជាទិញម្រេចកំពត ដែលជាផលិតផល GI របស់កម្ពុជា នៅឆ្នាំ២០២៦ នេះ នៅតែទទួលបានកំណើនខ្ពស់លើសពីសមត្ថភាពផ្គត់ផ្គង់ ដែលរំពឹងផលិតបានប្រមាណជាង១២០តោន។ បើតាមថ្នាក់ដឹកនាំសមាគមរូបនេះ ទោះបីជាតម្លៃម្រេចកំពត ឆ្នាំនេះ ទទួលបានតម្លៃលើសឆ្នាំមុនចំនួន៣ដុល្លារក្នុង១គីឡូក្រាមក៏ពិតមែន ប៉ុន្តែកសិករនៅតែជួបបញ្ហាប្រឈមជាមួយថ្លៃដើមផលិត ដោយសារតម្លៃជី និងប្រេងឥន្ធនៈឡើងថ្លៃ ខណៈបញ្ហាអាកាសធាតុក្តៅខ្លាំងកំពុងគំរាមកំហែងដល់ដំណាំនេះ។ មកទល់ពេលនេះការប្រមូលផលម្រេចកំពត សម្រេចបានប្រមាណ៣០%ហើយ។
ក្រុមអ្នកជំនាញបានសង្កត់ធ្ងន់ថា ការចុះបញ្ជីជាផលិតផល GI ពិតជាបានជួយលើកកម្ពស់កេរ្តិ៍ឈ្មោះ និងតម្លៃផលិតផលខ្មែរលើឆាកអន្តរជាតិ យ៉ាងពិតប្រាកដ។ បច្ចុប្បន្នកម្ពុជា មានផលិតផលចំនួន១២ ប្រភេទហើយ ដែលបានចុះបញ្ជី GI រួមមានម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ, ក្រូចថ្លុងកោះទ្រង់, ទឹកឃ្មុំព្រៃមណ្ឌលគិរី, អំបិល និងផ្កាអំបិលកំពត, បង្កងតាកែវ, ទឹកត្រីកំពតកែប, ប្រហុកសៀមរាប, សូត្រមាសភ្នំស្រុក, ក្តាមថ្មកោះកុង, ស្វាយចន្ទីកំពង់ធំ និងស្វាយឧត្តរមានជ័យ៕