ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានគូសបញ្ជាក់ថា អាជ្ញាធរកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការរាំងខ្ទប់រាល់ទំនិញហាមឃាត់ ដែលនាំចូលពីប្រទេសថៃ តាមច្រកព្រំដែននានា។ ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារសាខា ក.ប.ប. សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធបានចុះស្រាវជ្រាវផ្ទាល់នៅផ្សារភូពុយ ក្រោយមានការលើកឡើងថា មានការលួចនាំចូលធុរេនពីថៃមកចរាចរណ៍លក់នៅផ្សារនេះ។ ជាលទ្ធផល នៃការចុះត្រួតពិនិត្យ និងសាកសួរអាជីវករលក់ទុរេនចំនួន៨រូប ពួកគេបានអះអាងដូចៗគ្នាថា ទុរេនទាំងនោះត្រូវបានទិញបន្តពី ផ្សារនាគមាស និងផ្សារដើមគ ក្នុងរាជធានីភ្នំពេញ ដោយពុំមានការទិញផ្ទាល់ពីឈ្មួញនាំចូលពីប្រទេសថៃ នោះឡើយ។
ទោះជាយ៉ាងណា ឯកឧត្តមអគ្គនាយក បានបញ្ជាក់ថា ភ្នាក់ងារជំនាញនឹងបន្តស្រាវជ្រាវ និងតាមដានយ៉ាងយកចិត្តទុកដាក់នៅតាមបណ្តាព្រំដែនបន្ថែមទៀត ដើម្បីមានចំណាត់ការច្បាប់ចំពោះជនខិលខូចណា ដែលលួចនាំចូលទំនិញដោយខុសច្បាប់។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំធុរេន នៃក្រុមហ៊ុន អង្គរហ្គ្រីន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពលួចនាំចូលទុរេនពីប្រទេសជិតខាងមកបន្លំជាទុរេនខ្មែរ។ លោកបានសង្កត់ធ្ងន់ថា ទង្វើរបស់ឈ្មួញខិលខូចទាំងនេះនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះទុរេនខ្មែរ និងការខិតខំប្រឹងប្រែងរបស់អ្នកដាំទុរេនក្នុងស្រុក ដែលកំពុងដល់រដូវប្រមូលផល។
បច្ចុប្បន្នទុរេនខ្មែរតាមបណ្តាខេត្តមួយចំនួនបានចាប់ផ្តើមប្រមូលផលជាបណ្តើរៗហើយ ដោយតម្លៃលក់កាត់នៅនឹងចម្ការអាចទទួលបានចន្លោះពី២០,០០០រៀលទៅ៣០,០០០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយដ៏សមរម្យសម្រាប់កសិករ៕
អត្ថបទ៖ បូ ដូឡា