វិស័យយុត្តិធម៌

ចំនួនការប្រហារជីវិតទូទាំងពិភពលោកក្នុងឆ្នាំ២០២៥ ហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៤០ឆ្នាំមកនេះ


អង្គការលើកលែងទោសអន្តរជាតិ បានចេញរបាយការណ៍អាសន្នមួយដោយបង្ហាញថា ចំនួននៃការកាត់ទោសប្រហារជីវិតនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៥ កន្លងទៅនេះ បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង៤ទសវត្សរ៍ចុងក្រោយនេះ។ ផ្អែកតាមទិន្នន័យដដែល កំណើនយ៉ាងគំហុក នៃតួលេខប្រហារជីវិតនេះ គឺភាគច្រើនកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់។
វិស័យយុត្តិធម៌
ដោយ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ DW ផ្អែកលើរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមសិទ្ធិមនុស្សបានរកឃើញថា មានមនុស្សយ៉ាងហោចណាស់២,៧០៧នាក់នៅឆ្នាំ២០២៥ ត្រូវបានកាត់ទោសប្រហារជីវិតនៅទូទាំងសកលលោក។ តួលេខនេះ មានការហក់ឡើងយ៉ាងខ្លាំងរហូតដល់ទៅ៧៨% បើធៀបនឹងឆ្នាំ២០២៤ និងជាស្ថិតិខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ១៩៨១ មក ដែលកាលនោះមានការប្រហារជីវិតមនុស្សចំនួន៣,១៩១នាក់។
ទោះជាយ៉ាងណា តួលេខដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺមិនទាន់រាប់បញ្ចូលទិន្នន័យពីប្រទេសចិន នោះឡើយ។ អង្គការលើកលែងទោសអន្តរជាតិ ជឿជាក់ថា ចិន បានប្រហារជីវិតមនុស្សអស់រាប់ពាន់នាក់ ដែលធ្វើឱ្យប្រទេសនេះក្លាយជាអ្នកកាត់ទោសប្រហារជីវិតច្រើនជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំង បានបដិសេធមិនព្រមបង្ហាញទិន្នន័យផ្លូវការ និងរក្សាវាជាការសម្ងាត់រដ្ឋ។
ក្រុមសិទ្ធិមនុស្សបានពន្យល់ថា មូលហេតុដែលនាំឱ្យមានការកើនឡើងយ៉ាងឆាប់រហ័សបែបនេះ គឺដោយសារតែរដ្ឋាភិបាលនៃប្រទេសទាំងនោះ បានយកទោសប្រហារជីវិតធ្វើជាឧបករណ៍ដើម្បីបង្ហាញពីអំណាចរដ្ឋ។ ពួកគេបានដាក់បញ្ចូលការកាត់ទោសដ៏ឃោរឃៅនេះទៅជាស្នូល នៃគោលនយោបាយសន្តិសុខសាធារណៈ និងជាយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មយ៉ាងដាច់អហង្ការ ដើម្បីពង្រឹងការគ្រប់គ្រង បង្ហាញអំណាចរដ្ឋ និងសាងឥទ្ធិពលខាងនយោបាយផ្ទៃក្នុង។
ជាក់ស្តែងនៅក្នុងចំណោមការប្រហារជីវិតសរុប២,៧០៧ករណី មិនរាប់បញ្ចូលចិន គឺមានរហូតដល់ទៅ២,១៥៩ករណីទៅហើយ ដែលត្រូវបានអនុវត្តនៅក្នុងប្រទេសអ៊ីរ៉ង់តែមួយ។ អង្គការលើកលែងទោសអន្តរជាតិបានបន្ថែមថា គិតត្រឹមពេលនេះនៅលើពិភពលោកមានប្រទេសចំនួន៥៤ទៀត ដែលនៅតែបន្តរក្សាទុក និងប្រើប្រាស់ទោសប្រហារជីវិតនេះនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីតួលេខដ៏គួរឱ្យរន្ធត់ចិត្តនេះ អង្គការសិទ្ធិមនុស្សខាងលើ ក៏បានសង្កេតឃើញសញ្ញាវិជ្ជមានឆ្ពោះទៅរកការលុបបំបាត់ទោសប្រហារជីវិតផងដែរ។ គិតត្រឹមចុងឆ្នាំ២០២៥ មានប្រទេសចំនួន១១៣ហើយ ដែលបានប្រកាសលុបចោលទោសប្រហារជីវិតទាំងស្រុង ទោះជាក្នុងករណីទោសឧក្រិដ្ឋកម្មធ្ងន់ធ្ងរបែបណាក៏ដោយ ដែលក្នុងនោះរួមមានប្រទេសវៀតណាម, ហ្គាំប៊ី, លីបេរីយ៉ា និងប្រទេសនីហ្សេរីយ៉ាផងដែរ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


សង្គ្រាមអ៊ីរ៉ង់ ធ្វើឱ្យក្រុមហ៊ុនទូទាំងពិភពលោកខាតបង់ជាង២៥ពាន់លានដុល្លារ

​​សង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានធ្វើឱ្យក្រុមហ៊ុននានា ទូទាំង​ពិភព​លោក​ខាតបង់​ធ្ងន់​ធ្ងរ​រហូតដល់២៥ពាន់លានដុល្លារ ហើយការខាតបង…

អ៊ីរ៉ង់ គ្រោងយកខ្សែកាបអ៊ីធឺណិតក្រោមបាតសមុទ្រហ័រម៉ូស ធ្វើជាអាវុធសេដ្ឋកិច្ចថ្មី

ការបិទច្រកសមុទ្រហ័រម៉ូសក្នុងអំឡុងពេលសង្គ្រាមកន្លងទៅបានធ្វើឱ្យប្រទេសអ៊ីរ៉ង់សម្លឹងឃើញសរសៃឈាមសេដ្ឋកិច្ច ដ៏សំខាន់មួយទៀតរបស់ពិភពលោក ដែលលាក់កំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ