សារព័ត៌មាន CNN បានរាយការណ៍ថា អ៊ីរ៉ង់ កំពុងទាមទារឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗនៅលើពិភពលោកបង់ថ្លៃសេវាកម្មសម្រាប់ការប្រើប្រាស់ខ្សែកាបអ៊ីនធឺណិត ដែលស្ថិតនៅក្នុងដែនទឹកក្រោមច្រកសមុទ្រហ័រម៉ូស។ លើសពីនេះអ៊ីរ៉ង់ ថែមទាំងបានព្រមានថា ការបញ្ជូនទិន្នន័យទាំងឡាយអាចនឹងត្រូវជាប់គាំង ប្រសិនបើក្រុមហ៊ុនទាំងនោះបដិសេធមិនព្រមបង់ប្រាក់។ ប្រភពព័ត៌មានផ្ទៃក្នុងមួយបានទម្លាយឱ្យដឹងថា កាលពីសប្ដាហ៍មុន សមាជិកសភានៅទីក្រុងតេអេរ៉ង់ បានបើកកិច្ចប្រជុំពិភាក្សាអំពីផែនការមួយ ដែលអាចនឹងផ្ដោតគោលដៅទៅលើខ្សែកាបអ៊ីនធឺណិតក្រោមបាតសមុទ្រ ដែលតភ្ជាប់រវាងបណ្តាប្រទេសអារ៉ាប់ ទៅកាន់អឺរ៉ុប និងអាស៊ី។
ប្រព័ន្ធផ្សព្វផ្សាយដែលស្និទ្ធនឹងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានរាយការណ៍ថា យោងតាមផែនការប្រមូលប្រាក់ចំណូលពីបណ្តាញខ្សែកាបក្រោមច្រកសមុទ្រហ័រម៉ូសនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមានដូចជា Google, Microsoft, Meta និង Amazon ត្រូវតែអនុវត្តតាមច្បាប់របស់អ៊ីរ៉ង់។ ជាងនេះទៅទៀត ក្រុមហ៊ុនម្ចាស់ខ្សែកាបក្រោមបាតសមុទ្រ ត្រូវតែបង់ថ្លៃអាជ្ញាបណ្ណសម្រាប់ការដាក់បង្កប់ខ្សែទាំងនោះ ដោយឡែកសិទ្ធិក្នុងការជួសជុល និងថែទាំ នឹងត្រូវប្រគល់ជូនក្រុមហ៊ុនរបស់អ៊ីរ៉ង់តែមួយគត់ជាអ្នកចាត់ចែង។
ទោះជាយ៉ាងណា ក្នុងចំណោមក្រុមហ៊ុនដែលបានវិនិយោគលើខ្សែកាបរត់ឆ្លងកាត់ក្រោមច្រកសមុទ្រហ័រម៉ូស និងឈូងសមុទ្រពែក្សទាំងនោះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើខ្សែបណ្តាញទាំងនោះបានរត់ឆ្លងកាត់ដែនទឹកអធិបតេយ្យភាពរបស់អ៊ីរ៉ង់ផ្ទាល់ ឬយ៉ាងណា។ ម្យ៉ាងវិញទៀត គេក៏នៅមិនទាន់ឃើញយន្តការច្បាស់លាស់ណាមួយ ដែលរដ្ឋបាលក្រុងតេអេរ៉ង់ អាចបង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងនោះគោរពតាមបានឡើយ ដោយហេតុថា ក្រុមហ៊ុនទាំងនោះ ត្រូវបានហាមឃាត់មិនឱ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ឬបង់ប្រាក់ទៅឱ្យអ៊ីរ៉ង់ ដ្បិតអីប្រទេសនេះកំពុងជាប់រនាំងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងពីសំណាក់សហរដ្ឋអាម៉េរិក។ ហេតុនេះហើយ ទើបក្រុមហ៊ុនមួយចំនួនយល់ឃើញថា សេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់ គ្រាន់តែជាការវាយឫកអួតអាងខាងនយោបាយ ជាជាងការអនុវត្តគោលនយោបាយជាក់ស្តែង។
អត្ថបទៈ សួន ឡង់ទី