ផលប៉ះពាល់ពីរលកសង្គ្រាមនៅអ៊ីរ៉ង់ បានបង្ខំឱ្យក្រុមហ៊ុនយ៉ាងហោចណាស់២៧៩ចាត់វិធានការបន្ទាន់ជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយការខាតបង់ដូចជាការដំឡើងថ្លៃ កាត់បន្ថយផលិតកម្ម កាត់បន្ថយបុគ្គលិក ការបន្ថែមថ្លៃសេវាប្រេងឥន្ធនៈ និងការស្វែងរកកញ្ចប់ជំនួយអន្តរាគមន៍ពីរដ្ឋាភិបាលជាដើម។ សង្គ្រាមអ៊ីរ៉ង់ បានជំរុញឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងលើសពី១០០ដុល្លារក្នុងមួយបារ៉ែល ដែលជាលទ្ធផលធ្វើឱ្យថ្លៃដឹកជញ្ជូន និងថ្លៃដើមផលិតកម្មនៅទូទាំងពិភពលោកកើនឡើង។ ការផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗដូចជាជីកសិកម្ម អាលុយមីញ៉ូម ប្លាស្ទិច និងអេល្យូម ក៏រងផលប៉ះពាល់ផងដែរ។
ទិន្នន័យបានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍នានា បានរងការខាតបង់ច្រើនបំផុតរហូតដល់ជិត១៥ ពាន់លានដុល្លាររួចទៅហើយ ដោយសារតែតម្លៃប្រេងយន្តហោះបានកើនឡើងស្ទើរតែទ្វេដង។ ក្រុមហ៊ុនធំៗរួមមាន Toyota និងក្រុមហ៊ុន McDonald's ជាដើម បានព្រមានថា សង្គ្រាមអ៊ីរ៉ង់ កំពុងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញ និងធ្វើឱ្យតម្រូវការអ្នកប្រើប្រាស់ចុះខ្សោយ។ ក្រុមហ៊ុនអឺរ៉ុប និងអាស៊ី ជាច្រើនងាយរងគ្រោះជាងគេ ពីព្រោះពួកគេពឹងផ្អែកយ៉ាងខ្លាំងទៅលើការផ្គត់ផ្គង់ប្រេង និងឥន្ធនៈពីតំបន់មជ្ឈិមបូព៌ា។ ក្រុមអ្នកជំនាញព្រមានថា ប្រាក់ចំណេញរបស់ក្រុមហ៊ុននានានឹងចុះខ្សោយបន្ថែមទៀតនៅក្នុងខែខាងមុខ ខណៈដែលថ្លៃដើមប្រេងឥន្ធនៈ និងការដឹកជញ្ជូនបន្តកើនឡើង៕
ដោយ: តែម សុខុម