នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦ ការនាំចូលទំនិញរបស់កម្ពុជា ពីប្រទេសក្នុងតំបន់អាស៊ានចំនួន៣ មានសម្ទុះកំណើនខ្ពស់គួរឱ្យកត់សម្គាល់។ ក្នុងនោះកម្ពុជា បាននាំចូលទំនិញពី សិង្ហបុរី ក្នុងទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារ កើនឡើងជាង២៦០% ពីម៉ាឡេស៊ី ក្នុងទំហំជាង៥៧១លានដុល្លារ កើនឡើងជាង៥៣% និងពីប្រទេសឥណ្ឌូនេស៊ី មានទឹកបា្រក់ជាង៥០៣លានដុល្លារ កើនឡើងជាង១៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ ប៉ុន្តែបើក្រឡេកទៅមើលការនាំចូលទំនិញពីប្រទេសក្បែរខាងឯណោះវិញ ឃើញថា មានទំនោធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលដូចគ្នានេះ ដោយការនាំចូលទំនិញពីវៀតណាម មានទឹកប្រាក់ជាង ១ពាន់ ៧០០ពាន់លានដុល្លារធ្លាក់ចុះជាង១% និងការនាំចូលពីថៃ មានទំហំជាង៨៥៤លានដុល្លារធ្លាក់ចុះជាង៤២%។
លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានវាយតម្លៃថា កំណើនដ៏គំហុកនៃការនាំចូលទំនិញពីទីផ្សារសំខាន់ៗទាំង៣នេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពរស់រវើកនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងសម្ទុះនៃការវិនិយោគលើខ្សែច្រវាក់ផលិតកម្មសម្រាប់នាំចេញរបស់កម្ពុជា។ លោកបណ្ឌិតបានពន្យល់ថា សម្ទុះនៃការនាំចូលពីសិង្ហបុរី គឺត្រូវបានរុញច្រានជាចម្បងដោយតម្រូវការខ្ពស់លើការនាំចូលប្រេងឥន្ធនៈ វត្ថុធាតុដើមយុទ្ធសាស្ត្រ និងទំនិញគាំទ្រដល់ការផលិត។
ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស បានវាយតម្លៃថា ការនាំចូលទំនិញពីសិង្ហបុរី និងម៉ាឡេស៊ី មានការហក់ឡើងខ្ពស់យ៉ាងគំហុកនេះ គឺត្រូវបានជំរុញជាចម្បងពីការនាំចូលប្រេងឥន្ធនៈ សារធាតុគីមី និងវត្ថុធាតុដើម សម្រាប់បម្រើដល់វិស័យឧស្សាហកម្ម និង SME នៅកម្ពុជា ស្របពេលដែលសិង្ហបុរី គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឡូជីស្ទីកដ៏ធំជាងគេក្នុងតំបន់ ដែលទំនិញភាគច្រើនត្រូវបាននាំចូលឆ្លងកាត់ទីផ្សារស្នូលនេះ។
គួរជម្រាបថា រយៈពេល៥ខែដំបូងឆ្នាំ២០២៦ នេះ កម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារសិង្ហបុរី ក្នុងទំហំទឹកប្រាក់ជាង ៣២លានដុល្លារ កើនឡើងជាង៣១%, ម៉ាឡេស៊ី មានទឹកប្រាក់ជាង៨៧លានដុល្លារ កើនឡើងជាង៥២% និង ឥណ្ឌូនេស៊ី មានទឹកប្រាក់ជាង៤៧លានដុល្លារ កើនឡើងជាង៤៣% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន៕