វិស័យការបរទេស

យោធាថៃ ព្យាយាមបកស្រាយការពារទង្វើឈ្លានពានថា ខ្លួនបានមិនដាក់ទូកុងតឺន័រ និងរាយបន្លាលួសធ្វើជារបងព្រំដែននោះទេ


ឆ្លើយតបនឹងការទាមទារ និងបកស្រាយពីកម្ពុជា កងទ័ពជើងគោកថៃ បានចេញមុខបដិសេធ និងព្យាយាមបកស្រាយលាងខ្លួនជុំវិញការប្រើប្រាស់កម្លាំងយោធា រាយលួសបន្លា និងដាក់ទូកុងតឺន័រ ដើម្បីកំណត់ខ្សែព្រំដែនអន្តរជាតិ ជាឯកតោភាគី។ ភាគីថៃ បានប្រើលេសដដែលៗមកបិទបាំងទង្វើរបស់ខ្លួនថា នេះគ្រាន់តែជាវិធានការសន្តិសុខនៅលើដែនដី ដែលខ្លួនអះអាងដោយឯកតោភាគីថា ជារបស់ថៃ។
វិស័យការបរទេស
ដោយ

កាសែត The Nation បានរាយការណ៍ថា កាលពីថ្ងៃទី២៧ ខែតុលា អ្នកនាំពាក្យកងទ័ពជើងគោកថៃ បានចេញមុខប្រតិកម្ម បន្ទាប់ពីឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ថា កម្ពុជានឹងមិនទទួលស្គាល់ដាច់ខាតនូវព្រំដែន ដែលបោះដោយចុងកាណុង និងយោធាថៃ។ ឯកឧត្តម បានបកអាក្រាតថៃ ថា បានធ្វើសកម្មភាពរំលោភបំពានជាឯកតោភាគីនៅតាមបណ្តោយព្រំដែន ខណៈកម្ពុជា បានបញ្ជាក់រួចមកហើយថា ការដាក់ពង្រាយកងទ័ព ការរៀបរបាំងលួសបន្លា និងការដាក់ទូកុងតឺន័ររារាំងនៅលើទឹកដីកម្ពុជា មិនអាចយកមកកែប្រែអធិបតេយ្យភាព ឬជំនួសឱ្យការបោះបង្គោលព្រំដែនរួមគ្នានោះឡើយ។
ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ជាថ្មីថា កម្ពុជានឹងបន្តប្រើប្រាស់គ្រប់មធ្យោបាយការទូត និងច្បាប់អន្តរជាតិ ដើម្បីតវ៉ាប្រឆាំងនឹងការរំលោភបំពានដែនអធិបតេយ្យនេះ។ កម្ពុជារក្សាជំហរច្បាស់លាស់ថា រាល់ជម្លោះព្រំដែនត្រូវតែដោះស្រាយតាមរយៈការចុះវាស់វែង និងបោះបង្គោលព្រំដែនរួមគ្នា ក្រោមក្របខណ្ឌនៃគណៈកម្មការព្រំដែនរួម (JBC) ប៉ុណ្ណោះ។
ទោះជាយ៉ាងណាអ្នកនាំពាក្យកងទ័ពជើងគោកថៃ បានប្រកែកទាំងបំពានថា ថៃមិនបានប្រើប្រាស់កម្លាំងយោធាដើម្បីបង្កើតខ្សែព្រំដែនថ្មីនោះទេ ដោយបានដោះសារថា សកម្មភាពយោធាទាំងអស់ គឺដើម្បីការពារសន្តិសុខ សុវត្ថិភាព និងបង្ការហេតុការណ៍ផ្សេងៗដល់ជនស៊ីវិល និងយោធាថៃ មិនមែនជាការបំពានខ្សែបន្ទាត់ព្រំដែននោះឡើយ។
អ្នកនាំពាក្យយោធាថៃ រូបនេះ ថែមទាំងបានច្រានចោលសេចក្តីថ្លែងការណ៍របស់កម្ពុជា ដែលបញ្ជាក់ថា ប្រជាពលរដ្ឋភៀសសឹកកម្ពុជា ជាង២ម៉ឺននាក់មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានដើមវិញបាន ដោយសារតែការរារាំងពីសំណាក់កងទ័ពថៃ ទៀតផង។ ភាគីថៃ បំភ្លៃប្រវត្តិសាស្ត្រថា ទីតាំងផ្ទះប្រជាពលរដ្ឋកម្ពុជា ដែលយោធាថៃ បានឈូសឆាយក្នុងចេតនាបំបាត់ភស្តុតាងទាំងនោះថា ទីជម្រកបណ្តោះអាសន្នដែលខ្លួនបានផ្តល់ដល់ប្រជាជនកម្ពុជា ប្រមាណ៤,៦០០នាក់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ហើយបានចោទប្រកាន់ទាំងបំពានថា ពលរដ្ឋកម្ពុជា ជាអ្នករំលោភចូលកាន់កាប់ទឹកដីថៃ ទៅវិញ។ កម្ពុជា បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ និងបានតបតទៅវិញថា តំបន់ទាំងនោះ គឺជាទឹកដីរបស់កម្ពុជា៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


តម្លៃជួលខុនដូរ និងអាផាតមិននៅកម្ពុជា ធ្លាក់ចុះពី២០% ទៅ៣០% ក្រោយការបោសសម្អាតបទល្មើសអនឡាញ

យុទ្ធនាការបោសសម្អាត និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញពីសំណាក់អាជ្ញាធរកម្ពុជា ដែលនាំឱ្យមានការចាកចេញយ៉ាងគំហុករបស់ជនបរទេស កំពុងបន្សល់…

អ្នកជំនាញជំរុញឱ្យពង្រីកសេវាព្យាបាល និងពង្រឹងការបង្ការជំងឺ ដើម្បីរំដោះការកកស្ទះនៅតាមមន្ទីរពេទ្យ

ក្រុមអ្នកជំនាញស្នើឱ្យពង្រឹងសមត្ថភាពព្យាបាលនៅតាមមូលដ្ឋាន ពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងបង្កើនវិធានការបង្ការជំងឺឱ្យកាន់តែសកម្ម ដើម្បីធាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ