ការបរិច្ចាគថវិកាចំនួន ៤០,០០០,០០០ រៀលនេះ គឺជាលើកទី៣ ដែលធនាគារ ហត្ថា បានផ្តល់ការគាំទ្រដល់អង្គការរក្សាកុមារ ជាផ្នែកមួយនៃគម្រោងទំនួលខុសត្រូវសង្គម (CSR) របស់ធនាគារ ដោយមានគោលបំណងជំរុញ និងគាំទ្រការអប់រំ ការថែទាំសុខភាព និងការរស់នៅរបស់កុមារនៅក្នុងសហគមន៍កម្ពុជា។
លោក មិន សុផា ប្រធាននាយកប្រតិបត្តិធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ «ការបរិច្ចាគនេះ មិនមែនត្រឹមតែជាការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ ហត្ថា ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ សុខភាព និងសុខុមាលភាពរបស់កុមារកម្ពុជា ដើម្បីរួមចំណែកកសាងអនាគតដ៏ប្រសើរ និងមានឱកាសស្មើគ្នាសម្រាប់គ្រប់គ្នា»។ លោកបានបន្ថែមថា នេះគឺជាយុទ្ធសាស្រ្តមួយរបស់ធនាគារ ហត្ថា ក្នុងការចូលរួមលើកម្ពស់ការងារសង្គម ជាពិសេសសុខភាពសង្គម និងកុមារ។
លោកស្រី សុខ វណ្ណសិកា ប្រធានអង្គការរក្សាកុមារ បានថ្លែងអំណរគុណដល់ធនាគារ ហត្ថា ចំពោះការបន្តគាំទ្រជាប្រចាំ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាព សេចក្តីថ្លៃថ្នូរ និងអនាគតរបស់កុមារកម្ពុជា និងជំរុញការគាំទ្រដល់កុមារគ្រប់ស្រទាប់វណ្ណះ ក្នុងគោលដៅសម្រេចឱ្យបាននូវវិបុលភាពរបស់កុមារ គ្រួសារ និងសង្គមជាតិ។
ធនាគារ ហត្ថា នៅតែប្តេជ្ញាចិត្តបន្តគាំទ្រគំនិតផ្តួចផ្តើមដែលជួយលើកកម្ពស់សហគមន៍ និងកុមារកម្ពុជា ដើម្បីរួមចំណែកកសាងសង្គមដែលមានចីរភាព និងអនាគតដ៏ភ្លឺស្វាង តាមរយៈការអប់រំ និងការគាំទ្រសង្គមជាបន្តបន្ទាប់។