សារធាតុគ្រឿងញៀន

រកឃើញសម្បុកគ្រឿងញៀនដ៏ធំនៅថៃ! សមត្ថកិច្ចចាប់បានសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនរហូតដល់ទៅ៥០តោន


ខណៈប្រទេសថៃ កំពុងរងការរិះគន់កាន់តែខ្លាំងថា ជាមជ្ឈមណ្ឌលនៃបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam និងសម្បុកជួញដូរគ្រឿងញៀនដ៏ធំនៅក្នុងតំបន់ កម្លាំងសមត្ថកិច្ចថៃ បានបើកប្រតិបត្តិការឆ្មក់ចូលឆែកឆេរឃ្លាំងមួយកន្លែងនៅខេត្តសាមុតប្រាកាន និងរឹបអូសបានសារធាតុគីមីជាង៥០តោន ដែលអាចយកទៅផលិតថ្នាំញៀនបានរហូតដល់១,១ពាន់លានគ្រាប់ ឬស្មើនឹងជាង២១តោន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ Bangkok Post នៅថ្ងៃទី១០ ខែមិថុនានេះ។
សារធាតុគ្រឿងញៀន
ដោយ

សមត្ថកិច្ចថៃ ចាប់​បាន​សារធាតុគីមីសម្រាប់​ផលិតគ្រឿងញៀន​រហូតដល់ទៅ៥០តោន​នៅ​​ខេត្តសាមុតប្រាកាន។ នៅក្នុងប្រតិបត្តិការបង្ក្រាបនេះអាជ្ញាធរថៃ បានរកឃើញសារធាតុគីមីជាច្រើនប្រភេទ ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតគ្រឿងញៀនសំយោគ។ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានអះអាងថា ប្រតិបត្តិការនេះធ្វើឡើងក្រោយមាន​​កិច្ចសហការជាមួយស្ថាប័នស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង ដែលបានផ្តល់ព័ត៌មានអំពីបណ្តាញជួញដូរគ្រឿងញៀនអន្តរជាតិ ដ៏ធំមួយ។ សារធាតុគីមីដែលរឹបអូសបានរួមមាន អាសេតូន អាស៊ីតអ៊ីដ្រូក្លរិច អាស៊ីតអាសេទិក និងអាស៊ីតស៊ុលហ្វួរិចជាដើម។

ក្រុម​មន្ត្រីជំនាញបានប៉ាន់ប្រមាណថា ប្រសិនបើសារធាតុគីមីទាំងនេះត្រូវបានដឹកទៅតំបន់ត្រីកោណមាស ជាប់ព្រំប្រទល់​មីយ៉ាន់ម៉ា វាអាចត្រូវបានប្រើសម្រាប់ផលិតថ្នាំញៀនមេតំហ្វេតាមីនបានរហូតដល់ជាង១ពាន់លានគ្រាប់ ឬមេតំហ្វេតាមីនប្រភេទទឹកកកជាង២១តោន។ ករណីនេះបាន​បង្កការព្រួយបារម្ភកាន់​តែខ្លាំង​ជាថ្មីចំពោះតួនាទីរបស់ថៃ ក្នុងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ខណៈប្រទេសនេះកំពុងប្រឈមការរិះគន់ពីសហគមន៍អន្តរជាតិ​ថា ជាមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam បណ្តាញលាងលុយកខ្វក់ និងច្រកដឹកជញ្ជូនគ្រឿងញៀនដែលភ្ជាប់ទៅនឹងតំបន់ត្រីកោណមាស និងប្រទេសជិតខាង។

អាជ្ញាធរថៃ បានបញ្ជាក់ថា សារធាតុគីមីដែលរឹបអូសបានលើកនេះមានបរិមាណស្មើនឹងទំហំថ្នាំញៀនដែលអាជ្ញាធរបង្ក្រាបបានជាមធ្យមក្នុងរយៈពេលពេញ​មួយឆ្នាំ២០២៥ ដែលបង្ហាញថា បណ្តាញគ្រឿងញៀននៅក្នុង និងជុំវិញប្រទេសថៃ នៅតែមានសកម្មភាពទ្រង់ទ្រាយធំគួរឱ្យព្រួយបារម្ភ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ធនាគារ ហត្ថា ម.ក បន្តគាំទ្រវិស័យអប់រំ និងសុខុមាលភាពកុមារ តាមរយៈការបរិច្ចាគដល់អង្គការរក្សាកុមារ

ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦៖ ធនាគារ ហត្ថា ម.ក បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការអភិវឌ្ឍសហគមន៍ និងវិស័យអប់រំ តា…

អ្នកនិយមចូលចិត្តប្រហិត សាច់ក្រក និងសាច់កែច្នៃនាំចូលពីថៃ ប្រយ័ត្នគ្រោះថ្នាក់! អាជ្ញាធរថៃ បិទរោងចក្រដ៏ធំមួយប្រើសាច់ស្អុយកែច្នៃឡើងវិញ ដែលធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ

ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកដែលនិយមចូលចិត្តទទួលទានពពួកអាហារសម្រន់បំពង ឬ ចៀន ដូចជាប្រហិតគ្រប់ប្រភេទ សាច់ក្រក ហតដក និងសាច់កែច្នៃផ្សេងៗ សូម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ