សារព័ត៌មាន Bloomberg បានរាយការណ៍ថា ទីក្រុងហុងកុងកំពុងវិវត្តខ្លួនទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន ហិរញ្ញវត្ថុ និងភស្តុភាកម្មដ៏មានឥទ្ធិពលបំផុតក្នុងយុគសម័យបញ្ញាសិប្បនិម្មិត ដោយគ្របដណ្តប់លើទំហំនាំចូលបន្ទះឈីបរហូតដល់ទៅជាងពាក់កណ្តាល នៃទំហំនាំចូលសរុបតម្លៃ ២៣៩ពាន់លានដុល្លាររបស់ចិននៅក្នុងរយៈពេលត្រឹមតែ៥ខែដើមឆ្នាំ២០២៦ នេះប៉ុណ្ណោះ។
ឋានៈជាតំបន់រដ្ឋបាលពិសេសក្រោមយន្តការប្រទេសមួយប្រព័ន្ធពីរ កំពុងតែក្លាយជាអាវក្រោះសេដ្ឋកិច្ចដ៏មានតម្លៃសម្រាប់ហុងកុង និងចិនដីគោកក្នុងការដោះស្រាយពាណិជ្ជកម្មបច្ចេកវិទ្យារាប់ពាន់លានដុល្លារ។ យោងតាមទិន្នន័យផ្លូវការចុងក្រោយបានបង្ហាញពីតួលេខដ៏គួរឱ្យភ្ញាក់ផ្អើលថា ក្នុងចំណោមទំហំទឹកប្រាក់នៃការនាំចូលបន្ទះឈីបសរុប២៣៩ពាន់លានដុល្លារអាម៉េរិក ដែលចិនដីគោកបានបញ្ជាទិញក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ នេះ គឺមានទំហំលើសពីពាក់កណ្តាលទៅហើយ ដែលត្រូវបានដឹកជញ្ជូនឆ្លងកាត់ និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈកោះហុងកុង។
ទោះបីជាបច្ចុប្បន្ន ហុងកុងស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំងក៏ដោយ ប៉ុន្តែប្រព័ន្ធច្បាប់ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចសេរីដាច់ដោយឡែករបស់ដែនដីកោះមួយនេះ បានផ្តល់លក្ខខណ្ឌអំណោយផលយ៉ាងខ្លាំងក្នុងការធ្វើជាដៃគូពាណិជ្ជកម្មស្រមោល និងជាខ្នងបង្អែកយុទ្ធសាស្ត្ររបស់ចិន។
ក្រឡេកទៅមើលស្ថិតិកាលពី១០ឆ្នាំមុន ហុងកុងគ្របដណ្តប់ត្រឹមតែមួយភាគបី នៃទីផ្សារឧបករណ៍អេឡិចត្រូនិក ដែលហូរចូលទៅទីក្រុងប៉េកាំងប៉ុណ្ណោះ។ ប៉ុន្តែនៅពេលនេះ ហុងកុងបានហក់លោតមកបង្កើតរបត់សេដ្ឋកិច្ចថ្មីសម្រាប់យុគសម័យ AI ទាំងស្រុង។ តួលេខផ្លូវការដែលបានប្រកាសកាលពីសប្តាហ៍មុន បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មបច្ចេកវិទ្យារវាងកោះហុងកុង ជាមួយចិនដីគោកបានហក់ឡើងខ្ពស់កប់ពពកជិត៥០ភាគរយឯណោះ។
លោក ហ្គារី ណ (Gary Ng) អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៅក្រុមហ៊ុនណាតិកស៊ីស (Natixis) បានលើកឡើងថា សកម្មភាពតភ្ជាប់ភស្តុភាកម្ម និងពាណិជ្ជកម្មរវាងចិន និងកោះហុងកុង មិនថាតាមផ្លូវអាកាស ឬតាមកំពង់ផែសមុទ្រនោះទេ គឺកំពុងមានចរន្តរស់រវើក និងមមាញឹកគ្រប់ច្រកល្ហកទាំងអស់។
អ្នកជំនាញរូបនេះបានបន្ថែមថា ក្រៅពីធ្វើជាស្ពានចម្លងបច្ចេកវិទ្យាទៅឱ្យចិនដីគោកហើយនោះ កោះហុងកុង ក៏កំពុងដើរតួនាទីជាបណ្តាញទំនាក់ទំនងពាណិជ្ជកម្មយ៉ាងសកម្ម ជាមួយនឹងមូលដ្ឋានផលិតកម្មបន្ទះឈីប និងគ្រឿងអេឡិចត្រូនិកកំពូលៗផ្សេងទៀតនៅក្នុងតំបន់ រួមមានកោះតៃវ៉ាន់ និងប្រទេសកូរ៉េខាងត្បូងផងដែរ ដែលធ្វើឱ្យកោះមួយនេះក្លាយជាបេះដូង នៃខ្សែច្រវាក់ផ្គត់ផ្គង់បច្ចេកវិទ្យា AI ដ៏សំខាន់ និងពិបាកនឹងមានតំបន់ណាមកជំនួសបានឡើយនៅក្នុងស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ន៕