ទោះបីជាមាត់ប្រកែកមិនចង់ ហើយទាមទារប្រើយន្តការទ្វេភាគី ក្រោយលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ដោយឯកតោភាគី ដើម្បីកេងចំណេញនយោបាយយ៉ាងណាក៏ដោយ ក៏ទីបំផុតទៅរដ្ឋាភិបាលក្រុងបាងកក គ្មានជម្រើសអ្វីក្រៅពីដើរចូលតុចរចាទាំងមិនសូវពេញចិត្ត ក្រោមក្រសែភ្នែកអ្នកច្បាប់អន្តរជាតិឡើយ។ លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានទម្លាយប្រាប់អ្នកកាសែតថា ថៃ បានសម្រេចចិត្តតែងតាំងលោក អាល់បឺត ហូហ្វមេន (Albert Hoffman) អ្នកជំនាញច្បាប់សមុទ្រមកពីអាហ្វ្រិកខាងត្បូង និងលោក រូឌីហ្គឺ វូហ្វរ៉ាំ (Rüdiger Wolfrum) អ្នកច្បាប់កំពូលរបស់អាល្លឺម៉ង់ ដើម្បីរៀបចំខ្លួនតតាំងក្នុងដំណើរការផ្សះផ្សាដោយបង្ខំ ដែលផ្តួចផ្តើមឡើងដោយភាគីកម្ពុជា។ បុគ្គលទាំងពីរនេះ សុទ្ធតែជាអតីតប្រធានតុលាការច្បាប់សមុទ្រអន្តរជាតិ។
ដោយឡែក ខាងភាគីកម្ពុជាវិញ បានជ្រើសរើសកំពូលអ្នកច្បាប់អន្តរជាតិ ចំនួន២រូប រួចមុនថៃទៅទៀត។ អ្នកច្បាប់អន្តរជាតិ២រូប ដែលកម្ពុជាបានជ្រើសរើសនោះ រួមមាន៖
១៖ លោក Peter Taksoe-Jensen ជាមន្រ្តីជាន់ខ្ពស់ផែ្នកច្បាប់អន្តរជាតិ ក្រសួងការបរទេស និងជាអ្នកការទូតអាជីព របស់ប្រទេសដាណឺម៉ាក។ លោកមានបទពិសោធយ៉ាងជ្រៅជ្រះលើកិច្ចការងារការទូត និងផ្លូវច្បាប់អន្តរជាតិ ដូចជាធ្លាប់ធ្វើជាអគ្គរាជទូតប្រចាំប្រទេសជប៉ុន អាមេរិក និងឥណ្ឌា, ធ្លាប់ជាជំនួយការផ្នែកច្បាប់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកប៉ាន គីម៉ូន និងធ្លាប់ធ្វើជាប្រធានគណៈកម្មការសម្របសម្រួលជម្លោះដែនសមុទ្ររវាងអូស្រ្តាលី និងទីម័រ របស់អង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រផងដែរ។
២៖ លោកសាស្រ្តាចារ្យ Jean-Marc Thouvenin ជាអគ្គលេខាធិការបណ្ឌិតសភាច្បាប់អន្តរជាតិក្រុងឡាអេ និងជាសមាជិកនៃវិទ្យាស្ថានអន្តរជាតិ ដឺត្រយ (Institute de Droit International)។ លោកក៏ធ្លាប់ជាសមាជិកមជ្ឈមណ្ឌលច្បាប់អន្តរជាតិនៃសាកលវិទ្យាល័យបារីស ណាត់ទែរ៉េ (Universite Paris-Nanterre)។ ព្រមទាំង ធ្លាប់ជាទីប្រឹក្សាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) របស់អង្គការសហប្រជាជាតិថែមទៀតផង។
ការបង្ហាញសមសភាពនៃតំណាងអ្នកច្បាប់អន្តរជាតិនេះ គឺជាការបោះជើងទៅមុខមួយជំហានទៀត នៅក្នុងការដោះស្រាយបញ្ហាដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ បន្ទាប់ពីប្រទេសថៃបានសម្រេចលុបចោល MoU ឆ្នាំ២០០១ ដោយឯកតោភាគីកាលពីដើមខែឧសភាកន្លងទៅ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ យន្តការទ្វេភាគីរវាងខ្មែរ និងថៃមិនអាចទៅមុខរួច សូម្បីតែមួយជំហាន ដោយសារតែបញ្ហានយោបាយផ្ទៃក្នុង និងកំអែលនយោបាយបែបជាតិនិយមជ្រុលពីសំណាក់ក្រុមអ្នកនយោបាយចាស់គំរិលរបស់ក្រុងបាងកក ដែលតែងតែសម្លឹងមើលបូរណភាពទឹកដីកម្ពុជា និងធនធានកម្ពុជាដូចជា សាច់ជ្រូកបីជាន់ ចង់ខ្វៃ ចង់ស្ងោរ ឬចង់ក្រឡុកតាមចិត្តនឹកឃើញ។
ទោះយ៉ាងណា កំណប់រ៉ែប្រេងកាត និងឧស្ម័នធម្មជាតិទំហំជាង ៣៤០ពាន់លានម៉ែត្រគូប ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ទៅប្រមាណ ៣០០ពាន់លានដុល្លារនៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ទំហំ២៦,០០០ គីឡូម៉ែត្រការ៉េ មិនមែនចំណាប់ខ្មាំងនយោបាយរបស់បុគ្គលណាម្នាក់ឡើយ។
កម្ពុជាក្នុងនាមជារដ្ឋតូចមានធនធានមានកម្រិត បានឱ្យតម្លៃលើសន្តិភាព និងគោរពបទដ្ឋានគតិយុទ្ធនានាតាមច្បាប់អន្តរជាតិ និងវៃឆ្លាត មិនបានជ្រើសរើសផ្លូវប្រើហិង្សា ឬបង្កជម្លោះយោធានោះឡើយ។ ផ្ទុយទៅវិញកម្ពុជា បានប្រើយុទ្ធសាស្ត្រយកច្បាប់អន្តរជាតិធ្វើជាខ្នងបង្អែក ដោយទាញកាតព្វកិច្ច UNCLOS មកដេញជើងថៃ ដែលបានបង្ហាញទៅកាន់ពិភពលោកថា ជម្លោះត្រូវតែដោះស្រាយដោយច្បាប់អន្តរជាតិ មិនមែនអាងប្រើកម្លាំងអាវុធ ឬអាងខ្លួនធំ ធ្វើបាបអ្នកតូចជាងខ្លួននោះទេ៕
ដោយៈ ខេមបូណូមីស