ការបង្ហាញពីលទ្ធផលការងារទាក់ទងនឹងការប្រមូលចំណូលកាតព្វកិច្ចពីល្បែង ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ ២០២៦ ដែលរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម បណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ គ.ល.ក. ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការង គ.ល.ក.។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការងារក្នុងឆមាសទី១ ពិភាក្សា ដោះស្រាយបញ្ហាប្រឈមរបស់នាយកដ្ឋានក្រោមឱវាទ ក្រុមការងារពាក់ព័ន្ធ និងអង្គភាពសវនកម្មផ្ទៃក្នុងរបស់ គ.ល.ក. ព្រមទាំងដាក់ចេញទិសដៅការងារជាអាទិភាពសម្រាប់ឆមាសទី ២ ឆ្នាំ ២០២៦។
ជាទិសដៅការងារបន្ដ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានកំណត់អាទិភាពសំខាន់ៗជាលទ្ធផលគន្លះ ចំនួន ២៤ ដែលនឹងត្រូវសម្រេចនៅក្នុងឆ្នាំ ឆមាសទី២ ឆ្នាំនេះ រួមមាន ការបំពេញបន្ថែមលិខិតបទដ្ឋានដែលជាតម្រូវការចាំបាច់, ការរៀបចំនីតវិធីប្រតិបត្តិស្ដង់ដារ (SOP) ដែលកំណត់បែបបទនិងនីតិវិធីការងារលម្អិត, ការអភិវឌ្ឍ និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការងារចុះត្រួតពិនិត្យដល់ទីកន្លែង និងការតាមដានប្រតិបត្តិការល្បែងពាណិជ្ជកម្មជាដើម។
បន្ថែមពីនេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បាននិងកំពុងពង្រឹងយន្ដការស្ថាប័ន ដោយកែសម្រួល និងរៀបចំក្រុមការងារ ដែលត្រូវអនុវត្តសកម្មភាពគាំទ្រឱ្យសម្រេចបានលទ្ធផលគន្លឹះដែលបានកំណត់ផងដែរ។
អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត នូវបទបញ្ជាលេខ ០១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងធានាមិនឱ្យកើតមានជាដាច់ខាតនូវបទល្មើសនេះ នៅទីតាំង និងបរិវេណកាស៊ីណូ។