ការពលីរបស់កងទ័ព

តើពលរដ្ឋខ្មែរគួររំលឹក និងចងចាំបែបណាចំពោះខួប១ឆ្នាំ នៃការពលីរបស់វីរយុទ្ធជនកម្ពុជាដែលយោធាថៃលួចបាញ់សម្លាប់?


ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ គឺជាខួបគម្រប់១ឆ្នាំ នៃការពលីជីវិតរបស់វីរយុទ្ធជន សួន រ៉ោន ដោយសារការចូលមកបាញ់សម្លាប់ទាំងកម្រោលនៅក្នុងលេណដ្ឋានរបស់យោធាថៃនៅតំបន់មុំបី នាទឹកដីខេត្តព្រះវិហារ។ មរណភាពរបស់យុទ្ធជនការពារទឹកដីរូបនេះ បានដុតកម្តៅកំហឹងស្នេហាជាតិយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរគ្រប់ទិសទី ខណៈរដ្ឋាភិបាលកម្ពុជាបានចេញមុខតវ៉ាតាមផ្លូវការទូតជាបន្តបន្ទាប់។ ទោះជាយ៉ាងណាស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែបន្តឡើងកម្ដៅរហូតឈានដល់ការផ្ទុះអាវុធទ្រង់ទ្រាយធំចំនួន២លើក កន្លងទៅ។
ការពលីរបស់កងទ័ព
ដោយ

នៅក្នុងឱកាសខួប១ឆ្នាំនេះ តើពលរដ្ឋខ្មែរគួរមានការរំលឹក និងចងចាំបែបណាចំពោះពលីកម្មដ៏ខ្ពង់ខ្ពស់មួយនេះ?
 លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានស្ថានការណ៍សង្គមកត់សម្គាល់ឃើញថា នៅក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ កងកម្លាំងរបស់កម្ពុជាបានលះបង់យ៉ាងច្រើនក្នុងការការពារអធិបតេយ្យជាតិ ដែលមិនអាចកាត់ថ្លៃបាន។ បើតាមអ្នកជំនាញរូបនេះ ពលរដ្ឋគ្រប់រូបគួរតែមានការតបស្នងអ្វីមួយចំពោះពលីកម្មរបស់កងកម្លាំងការពារជាតិ ដែលនៅសមរភូមិមុខ និងប្រែក្លាយដំណក់ឈាមរបស់កងកម្លាំងនៅក្នុងសមរភូមិ ឱ្យក្លាយជាមនសិការស្រលាញ់ជាតិ ដើម្បីបន្តការពារអធិបតេយ្យភាពកម្ពុជា។ យ៉ាងណាមិញអ្នកជំនាញរូបនេះ ស្នើឱ្យពលរដ្ឋគ្រប់រូបរួបរួមសាមគ្គីគ្នា និងត្រូវប្រើប្រាស់សមត្ថភាពរៀងៗខ្លួនដើម្បីបញ្ជូនសារទៅកាន់ពិភពលោកអំពីភាពរងគ្រោះដោយសារការឈ្លានពានរបស់យោធាថៃ។
ជាមួយគ្នានេះលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា រដ្ឋាភិបាលគួរយកខួបគម្រប់១ឆ្នាំនៃការពលីរបស់យោធិនកម្ពុជា ដោយសារយោធាថៃលួចបាញ់សម្លាប់ មកធ្វើពិធីជារៀងរាល់ឆ្នាំ ដើម្បីគោរពដឹងគុណចំពោះការលះបង់ជីវិតក្នុងការការពារដែនអធិបតេយ្យជាតិ។ លោកជឿជាក់ថា ប្រសិនបើមានការធ្វើពិធីរំលឹកខួបជារៀងរាល់ឆ្នាំនោះនឹងធ្វើឱ្យខ្មែរគ្រប់រូបមានការចង់ចាំចំពោះទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា។ ទន្ទឹមនេះអ្នកជំនាញរូបនេះយល់ឃើញថា ពលរដ្ឋខ្មែរគ្រប់រូបត្រូវតែបន្តប្រាប់ពិភពលោកអំពីសកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា។ អ្វីដែលកាន់តែពិសេសពលរដ្ឋខ្មែរគ្រប់រូបត្រូវបន្តធ្វើពហិការផលិតថៃ ដើម្បីដាក់សម្ពាធថៃឱ្យងាកមកដោះស្រាយជម្លោះជាមួយកម្ពុជាដោយសន្តិវិធី។
គួររំលឹកថា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ យុទ្ធជនកម្ពុជា សួន រ៉ោន អាយុ៤៨ឆ្នាំត្រូវបានពលីជីវិតយ៉ាងអាណោចអាធ័ម ដោយសារកងទ័ពថៃបានលួចចូលបាញ់ប្រហារមុនដល់លេណដ្ឋានក្នុងទឹកដីកម្ពុជានៅតំបន់មុំ៣ ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចាប់តាំងពីការបាត់បង់យុទ្ធជនរូបនោះមក ស្ថានការណ៍ជម្លោះព្រំដែនបានរីករាលដាលរហូតផ្ទុះអាវុធទ្រង់ទ្រាយធំចំនួន២លើក ដែលបន្សល់ទុកនូវភស្តុតាងនៃការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា ស្របពេលដំណោះស្រាយជាក់លាក់ណាមួយនៅមិនទាន់លេចរូបរាងឡើងនៅឡើយទេគិតមកទល់ពេលនេះ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


លោក អានុទីន ប្រកាសថា ផែនទីបន្សល់ទុកតាំងពីសម័យអានិគមបារាំងលែងមានន័យសម្រាប់ថៃទៀតហើយ

ក្រោយត្រឡប់មកពីជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង និង តំណាងអង្គការយូណេស្កូបានប៉ុន្មានថ្ងៃ នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បានអះ…

អាម៉េរិក និងអ៊ីរ៉ង់ បន្តប៉ះទង្គិចគ្នា ខណៈលោក ត្រាំ អះអាងថា គ្មានការបន្ធូរបន្ថយទណ្ឌកម្មណាមួយសម្រាប់អ៊ីរ៉ង់ឡើយ

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិក បានទម្លាយឱ្យដឹងថា យោធាអាម៉េរិក បានបើកការវាយប្រហារជាថ្មី ដោយផ្តោតលើគោលដៅយន្តហោះដ្រូនរបស់អ៊ីរ៉ង់ ដែលបានបង្ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ