ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសក្តែងៗថា អ៊ីរ៉ង់នឹងមិនទទួលបានការបន្ធូរបន្ថយទណ្ឌកម្មណាមួយជាដាច់ខាត ទោះបីជាមានការចរចាក៏ដោយ។ លោកបានសង្កត់ធ្ងន់ថា អាម៉េរិក មិនដែលនិយាយអំពីការបន្ធូរបន្ថយទណ្ឌកម្ម ឬការដោះលែងប្រាក់ដែលត្រូវបានបង្កកណាមួយនោះឡើយ។
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន PBS News លោក ត្រាំ បានបញ្ជាក់ពីក្តីរំពឹងជាថ្មីថា អ៊ីរ៉ង់នឹងយល់ព្រមបោះបង់ចោលស្តុកអ៊ុយរ៉ាញ៉ូមរបស់ពួកគេ ដោយគ្មានការទាមទារឱ្យមានការបន្ធូរបន្ថយទណ្ឌកម្ម។ ការថ្លែងនេះ ធ្វើឡើងបន្ទាប់ពីមានការអត្ថាធិប្បាយថា លោក ត្រាំ ធ្លាប់បានលើកឡើងថា ស្តុកអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់នឹងប្រគល់ឱ្យសហរដ្ឋអាម៉េរិកភ្លាមៗ ដើម្បីនាំយកទៅកម្ទេចចោល ឬក៏ត្រូវកម្ទេចចោលរួមគ្នាក្រោមការត្រួតពិនិត្យនៅទីនោះតែម្ដង។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងតេអេរ៉ង់ បានឆ្លើយតបបដិសេធភ្លាមៗ ដោយប្រកាសថា អ៊ីរ៉ង់នឹងមិនបោះបង់ចោលវត្ថុធាតុដើមនុយក្លេអ៊ែ ប្រមាណ៤៤០គីឡូក្រាម ដែលខ្លួនកំពុងមាននោះឡើយ។
ការប៉ះទង្គិចគ្នាទាំងពាក្យសម្តី និងអាវុធរវាងប្រទេសទាំងពីរបានធ្វើឱ្យទីផ្សារប្រេងមានការប្រែប្រួលយ៉ាងខ្លាំង។ តម្លៃប្រេង ដែលបានធ្លាក់ចុះជាង ៥% កាលពីថ្ងៃពុធ នោះ បានងើបឡើងវិញភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍ជុំវិញការវាយប្រហារនេះ។ តម្លៃប្រេងឆៅនៅលើទីផ្សារសហរដ្ឋអាម៉េរិក បានកើនឡើងជិត ២% ដោយហក់ឡើងដល់៩០,៣ដុល្លារក្នុងមួយបារ៉ែល នៅក្នុងការជួញដូរនៅថ្ងៃទី២៨ ខែឧសភា៕
អត្ថបទៈ សួន ឡង់ទី