អ្វីដែលគួរឱ្យបារម្ភបំផុតនោះ គឺ ផលិតផលគីមីគ្មានអនាម័យទាំងអស់អាចនឹងត្រូវក្រុមឈ្មួញខិលខូចលួចលាក់នាំចូលមកចែកចាយនៅលើទីផ្សារកម្ពុជា តាមច្រកព្រំដែនផងដែរ។
កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា រោងចក្រកែច្នៃសាច់ដ៏ធំមួយ ដែលមានសមត្ថភាពផលិត និងចែកចាយអាហារកែច្នៃកខ្វក់រហូតដល់ទៅ៣០តោនក្នុងមួយខែត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះរបស់ថៃ សម្រុកចុះបិទជាស្ថាពរ កាលពីថ្ងៃអង្គារ ទី៩ ខែមិថុនា កន្លងទៅនេះ ក្រោយរកឃើញថា មិនបានបំពេញតាមស្តង់ដាអនាម័យ និងខុសច្បាប់ទម្លាប់ទាំងស្រុង។
តាមការស៊ើបអង្កេត ទីតាំងនេះបានលួចប្រមូលទិញ និងប្រើប្រាស់នូវផលិតផលសាច់ ព្រមទាំងសារធាតុគីមី ដែលហួសកាលបរិច្ឆេទប្រើប្រាស់ទៅហើយ យកមកច្របល់ធ្វើជាគ្រឿងផ្សំ ដើម្បីផលិតចេញជាអាហារសម្រន់សម្រេចជាច្រើនប្រភេទដូចជាសាច់ក្រក ហតដក ប្រហិតត្រី ប្រហិតសាច់មាន់ និងប្រហិតមឹកជាដើម ដើម្បីបោកប្រាស់ភ្នែកអ្នកប្រើប្រាស់។ ក្រៅពីបញ្ហាអនាម័យដ៏គួរឱ្យខ្ពើមរអើមហើយនោះ ក្រុមអ្នកជំនាញសុខាភិបាលថៃ ក៏បានប្រមូលវត្ថុតាងចម្លែកៗបញ្ជូនទៅពិនិត្យនៅក្នុងមន្ទីរពិសោធន៍យ៉ាងដិតដល់ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ និងសារធាតុពុលផ្សេងៗបន្ថែមទៀត ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត និងបង្កជាជំងឺមហារីក។
អ្វីដែលគួរឱ្យហួសចិត្តនោះ គឺរោងចក្រដ៏ធំមួយនេះបានអស់សុពលភាពអាជ្ញាបណ្ណផលិតតាំងតែពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ម៉្លេះ ប៉ុន្តែម្ចាស់រោងចក្រនៅតែអាចលួចលាក់បើកខ្សែច្រវាក់ផលិតកម្ម និងចែកចាយអាហារគ្មានគុណភាពទាំងនេះទៅលើទីផ្សារយ៉ាងព្រហើនរហូតដល់ថ្ងៃ ដែលសមត្ថកិច្ចចុះបិទទ្វារ។ នៅក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ អាជ្ញាធរថៃ បានរឹបអូសពពួកអាហារកែច្នៃកខ្វក់ និងហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើន រួមទាំងផលិតផលក្លែងបន្លំគ្មានបញ្ជីការត្រឹមត្រូវផ្សេងទៀត។
ដើម្បីការពារសុខភាពអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារសូមបងប្អូនពលរដ្ឋខ្មែរស្វែងយល់ និងចំណាំម៉ាកយីហោ ដែលរោងចក្រខុសច្បាប់នេះបានផលិត ហើយត្រូវធ្វើពហិការជាដាច់ខាតប្រសិនបើឃើញមានវត្តមាននៅលើទីផ្សារកម្ពុជា។ ផលិតផលទាំងនោះ រួមមាន ប្រហិតសាច់មឹកយីហោ CFP, ប្រហិតសាច់គោ និងសាច់មាន់យីហោ CHALAME, ប្រហិតសាច់ជ្រូកយីហោ Ros Lert និងសាច់ក្រកសាច់មាន់យីហោ K@P រួមទាំងពពួកប្រហិតសាច់មាន់ ដែលច្រកក្នុងថង់ គ្មានស្លាកយីហោ ឬគ្មានប្រភពច្បាស់លាស់ជាច្រើនទៀត។
អ្នកជំនាញផ្នែកសុខភាពបានព្រមានថា អាហារដែលផលិតចេញពីសាច់ខូចគុណភាព និងផ្ទុកសារធាតុរក្សាទុកបានយូរហួសកម្រិតបែបនេះ អាចបណ្តាលឱ្យអ្នកបរិភោគជួបប្រទះបញ្ហាពុលអាហារធ្ងន់ធ្ងរ រាករូស ក្អួតចង្អោរ អាចប្រឈមនឹងខូចតម្រងនោម និងប៉ះពាល់ដល់អាយុជីវិតភ្លាមៗ ប្រសិនបើមានប្រព័ន្ធការពាររាងកាយខ្សោយ៕
ដោយៈ សរ សុជាតិ