វិស័យ​ច្បាប់

តើកម្ពុជា មានមូលដ្ឋានច្បាប់ និងអាទិភាពកម្រិតណាក្នុងការទាមទារទីតាំងដែលថៃ កាន់កាប់ដោយខុសច្បាប់ត្រឡប់មកវិញ?


នៅមួយរយៈពេលចុងក្រោយនេះ ភាគីថៃ កំពុងព្យាយាមបំភ័ន្តភ្នែកសហគមន៍អន្តរជាតិ និងបង្វែរដានពលរដ្ឋខ្លួនឯងតាមរយៈការសាងសង់សំណង់ និងការធ្វើសកម្មភាពខុសច្បាប់ផ្សេង​ៗនៅតាមបណ្តាប្រាសាទបុរាណក្នុងដែនអធិបតេយ្យភាពកម្ពុជា ដែលខ្លួនកំពុងកាន់កាប់ដោយបំពាន។
វិស័យ​ច្បាប់
ដោយ

ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញភូមិសាស្រ្តនយោបាយ និងអ្នកជំនាញផ្នែកច្បាប់បានលើកឡើងស្រដៀងគ្នាថា កម្ពុជា នៅតែមានអាទិភាពខ្ពស់ក្នុងការទាមទារដីធ្លី និងទីតាំងដែលថៃ កំពុងកាន់កាប់ដោយខុសច្បាប់ទាំងនោះត្រឡប់មកវិញ តាមរយៈមូលដ្ឋានច្បាប់ដ៏រឹងមាំ គួបផ្សំនឹងសន្ធិសញ្ញា ព្រមទាំងអនុសញ្ញាអន្តរជាតិ ដែលមានស្រាប់។ ខណៈភាគីថៃកំពុងរកលេសគេចវេះមិនព្រមចូលតុចរចា កម្ពុជា ចាំបាច់ត្រូវស្វែងរកយុទ្ធសាស្ត្រដើម្បីបង្ខំឱ្យថៃ ចូលមកដោះស្រាយ ឬក៏ត្រូវចាត់វិធានការដាក់ពាក្យប្ដឹងទៅកាន់តុលាការអន្តរជាតិ តែម្ដង។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា ថៃ កំពុងរុញច្រានជាតិថៃខ្លួនឯងឱ្យធ្លាក់ចូលអន្លង់យ៉ាងជ្រៅ នៃការបំពានច្បាប់អន្តរជាតិពាក់ព័ន្ធនឹងការកាន់កាប់ទីតាំងក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ខណៈមូលដ្ឋានច្បាប់អន្តរជាតិបានចាក់ឬសយ៉ាងរឹងមាំរវាងប្រទេសទាំងពីរ ដែលមិនអាចឱ្យភាគីណាមួយមកកែប្រែខ្សែបន្ទាប់ព្រំដែនដោយឯកតោភាគីបាននោះឡើយ។ អ្នកជំនាញរូបនេះបានរម្លឹកថា នៅក្នុងអំឡុងពេលដែលថៃបានចូលឈ្លានពានកម្ពុជាកាលពីកន្លងទៅ ថៃបានបរាជ័យ និងបាក់មុខចំនួន២លើករួចមកហើយ ដោយបច្ចុប្បន្នថៃនៅតែបំពានជាដដែល។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជាត្រូវប្រកាន់ខ្ជាប់យុទ្ធសាស្រ្តការទូត និងដើរតាមច្បាប់អន្តរជាតិ ប៉ុន្តែក៏ត្រូវពង្រីងវិស័យការពារជាតិ ដើម្បីការពារដែនអធិបតេយ្យភាពជាតិប្រសិនបើមានហេតុការណ៍អាក្រក់កើតឡើង។

ជាមួយគ្នានេះលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិបានលើកឡើងថា ថៃនៅតែយកកម្ពុជាធ្វើជាឧបករណ៍សម្រាប់ដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន ខណៈកម្ពុជាតែងតែទប់ទល់ និងឆ្លើយតបចំពោះមុខនៅពេលដែលថៃធ្វើសកម្មភាពឈ្លាពាន។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជាមានភស្តុតាងយ៉ាងច្រើនដែលបង្ហាញពីការឈ្លានពាន ជាពិសេសឯកសារពាក់ព័ន្ធ ដែលអាចប្រើជាមូលដ្ឋានច្បាប់សម្រាប់ដាក់ពាក្យបណ្ដឹងទៅតុលារអន្តរជាតិ។

អ្នកជំនាញរូបនេះមើលឃើញថា ប្រសិនបញ្ហាព្រំដែននៅតែបន្តអូសបន្លាយទាំងពលរដ្ឋថៃ និងកម្ពុជានឹងទទួលរងផលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់យ៉ាងធ្ងនធ្ងរ ជាពិសេសការបន្សល់នៅកាកសំណល់ពីសង្គ្រាមដូចជាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ យ៉ាងណាមិញលោកបណ្ឌិត បានសង្កត់ធ្ងន់ថា សកម្មភាពប៉ុនប៉ងលុបខ្សែបន្ទាត់ព្រំដែនដោយកម្លាំងយោធាថៃខុសច្បាប់ វាមិនអាចយកជាការបានឡើយ ដោយមានតែយន្តការច្បាប់អន្តរជាតិតែប៉ុណ្ណោះ។

ដោយឡែកលោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទយល់ឃើញថា ការកាន់កាប់ទីតាំងក្នុងទឹកដីខ្មែររបស់យោធាថៃមិនអាចកែប្រែខ្សែបន្ទាត់ព្រំដែនបាននោះទេ បើទោះពីនៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរបានចែងថា ភាគីណាឈរជើងនៅទីតាំងណាឱ្យនៅត្រង់នោះក៏ដោយ ដែលបញ្ហាព្រំដែននេះ គឺត្រូវដោះស្រាយដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC)។ អ្នកជំនាញច្បាប់រូបនេះបានពន្យល់ថា កម្ពុជានៅតែអាចដាក់សម្ពាធផ្នែកកាទូត ដើម្បីឱ្យថៃដកទ័ពចេញពីកម្ពុជា ក៏ដូចជាដាក់ពាក្យប្ដឹងទៅតុលាការអន្តរជាតិ បើទោះបីត្រូវចំណាយពេលយូរ។ យ៉ាងណាមិញអ្នកជំនាញរូបនេះសង្កេតឃើញថា បើទោះបីជាថៃមិនបានបដិសេធចូលតុកិច្ចចរចាជាមួយកម្ពុជាក៏ពិតមែន ប៉ុន្តែថៃកំពុងរកលេសពន្យារពេលចូលតុចរចា ដែលជាហេតុធ្វើឱ្យកម្ពុជាលំបាកក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ។

បើតាមការគូសបញ្ជាក់ពីលោកមេធាវី សុខ សំអឿន ការប្រើប្រាស់កម្លាំងទ័ព ដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួន គឺមិនមានអ្វីខុសឆ្គងទៅនឹងច្បាប់អន្តរជាតិនោះទេ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវតែពង្រឹងប្រព័ន្ធការពារជាតិឱ្យបានខ្លាំងក្លា និងលឿនបំផុតតាមដែលអាចធ្វើទៅបាន។ លោក បានវាយតម្លៃថា ថៃនឹងមិនងាយព្រមចូលតុចរចា ឬឡើងទៅដោះស្រាយនៅតុលាការអន្តរជាតិដោយងាយៗនោះឡើយ ព្រោះបើកាលណាពួកគេយល់ព្រម ថៃនឹងត្រូវប្រឈមមុខនឹងការសងសំណងរាល់ការខូចខាតទាំងឡាយ ដែលពួកគេបានបង្កឡើងលើកម្ពុជានាពេលកន្លងមក។ ហេតុដូច្នេះហើយ កម្ពុជាចាំបាច់ត្រូវតែប្រើគ្រប់យុទ្ធសាស្ត្រ ដើម្បីក្របួចកភាគីថៃឱ្យចូលតុចរចា និងឡើងទៅកាន់តុលាការអន្តរជាតិ ព្រមទាំងរក្សាជម្រើសប្រើប្រាស់កម្លាំងយោធាជាចាំបាច់ ដើម្បីការពារបូរណភាពទឹកដីឱ្យបានដាច់ខាត៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសឆែក និងខេត្តព្រះសីហនុ នឹងក្លាយជាមេដែកស្រូបទាញទេសចរអឺរ៉ុបមកកម្ពុជា

ភ្ញៀវទេសចរជនជាតិ ឆែក រាប់រយនាក់ត្រូវបានរំពឹងថា នឹងមកកម្សាន្តនៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា ជារៀងរាល់សប្តាហ៍ ចាប់ពីចុងខែធ្នូ …

ធនាគារអភិវឌ្ឍន៍អាស៊ី ព្រមានថា សង្គ្រាមនៅមជ្ឈិមបូព៌ា និងហានិភ័យសកលនៅតែគំរាមកំហែងដល់សេដ្ឋកិច្ចអាស៊ី

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្រមានថា វិបត្តិសង្គ្រាមនៅ​តំបន់មជ្ឈិមបូព៌ា ការរាំងស្ទះខ្សែច្រវាក់ផ្គត់ផ្គង់ និងភាពមិនច្បាស់លាស់នៃទីផ្សារថា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ