ការនាំចូលត្រីខ

អ្នកជំនាញហាក់បារម្ភពីកំណើនរោងចក្រផលិតក្នុងស្រុក និងការនាំចូលត្រីខពីបរទេសធ្វើឱ្យការផ្គត់ផ្គង់លើសតម្រូវការ


ក្រុមអ្នកជំនាញ និងថ្នាក់ដឹកនាំសហគ្រាសធុនតូច និងមធ្យមហាក់បារម្ភពីការកើនឡើងទ្វេដង នៃការផលិតក្នុងស្រុក និងការនាំចូលត្រីខកំប៉ុងពីបរទេសក្នុងការរុញច្រានឱ្យការផ្គត់ផ្គង់នៅលើទីផ្សារលើសតម្រូវការជាក់ស្តែង ដែលអាចធ្វើឱ្យអាជីវកម្មប្រឈមនឹងហានិភ័យ។ ការបង្ហាញក្តីបារម្ភនេះកើតឡើងស្របពេលដែលខ្សែច្រវាក់ផលិតកម្មត្រីខកំប៉ុងក្នុងស្រុកកំពុងស្ទុះឡើងយ៉ាងគំហុក ដើម្បីស្រូបយកឱកាសទីផ្សារក្នុងអំឡុងពេល ដែលប្រជាពលរដ្ឋខ្មែរបន្តចលនាពហិការមិនប្រើប្រាស់ផលិតផលថៃ។
ការនាំចូលត្រីខ
ដោយ

អ្នកជំនាញបានសង្កត់ធ្ងន់ថា ដើម្បីគេចផុតពីវិបត្តិ នៃការដួលរលំ ម្ចាស់អាជីវកម្មចាំបាច់ត្រូវតែពង្រីកចក្ខុវិស័យឈានទៅដណ្តើមទីផ្សារនាំចេញ ព្រោះតម្រូវការក្នុងស្រុកនាពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ។

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ ដែលកំពុងបោះទុនវិនិយោគលើរោងចក្រផលិតត្រីខកំប៉ុងបានគូសបញ្ជាក់ថា បរិមាណនៃការនាំចូលត្រីខកំប៉ុងពីបរទេសមកទល់ពេលនេះនៅតែមានទំហំធំ ខណៈដែលរោងចក្រក្នុងស្រុកថ្មីៗពី៣ទៅ៤កំពុងចាប់ផ្តើមដំណើរការ ដែលអាចធ្វើឱ្យផលិតផលត្រីខ លើសតម្រូវការទីផ្សារ នាពេលខាងមុខ។ អ្នកឧកញ៉ា បានបន្តថា បច្ចុប្បន្នក្រុមហ៊ុន វិរៈប៊ុនថាំ កំពុងនាំចូលត្រីសាឌីន និងត្រីម៉ាកខឺរែល មកធ្វើជាវត្ថុធាតុដើម ប៉ុន្តែក៏កំពុងសហការជាមួយអ្នកជំនាញបរទេសក្នុងការធ្វើពិសោធន៍លើប្រភេទត្រីក្នុងស្រុកផងដែរ ប្រសិនបើជោគជ័យ ក្រុមហ៊ុននឹងប្តូរមកប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក១០០%តែម្តង។

ទោះជាយ៉ាងណាអ្នកជំនួញរូបនេះ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះសម្ទុះនៃការផលិតក្នុងស្រុក ដែលកំពុងកើនឡើងខ្លាំង គួបផ្សំការនាំចូលដែលមិនទាន់ថយចុះ ព្រោះវាអាចជះឥទ្ធិពលអវិជ្ជមានដល់ខ្សែច្រវាក់ផលិតកម្ម និងបង្កជាហានិភ័យប្រកួតប្រជែង។

ជាមួយគ្នានេះឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានលើកឡើងថា មកទល់ពេលនេះតម្រូវការប្រើប្រាស់ត្រីខក្នុងទីផ្សារកម្ពុជានៅមានកម្រិតនៅឡើយ ខណៈការធ្វើអាជីវកម្មដូចគ្នា​អាចងាយប្រឈមនឹងហានិភ័យ។ បើតាមអ្នកជំនាញរូបនេះ​ ការនាំចូលត្រីខពីបរទេស និងការផលិតក្នុងស្រុកកំពុងស្ថិតក្នុងបរិមាណច្រើនលើសពីតម្រូវ​ការ​ ដែលទាមទារឱ្យស្ថាប័នពាក់ព័ន្ធគួរពិចារណា​ក្នុងការកំណត់ការផលិត​ដើម្បីចៀសវាងការក្ស័យធន់ក្នុងអាជីវកម្ម​។

ដោយឡែកអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប បានផ្តល់ទស្សនវិស័យថា នៅក្នុងបរិបទប្រកួតប្រជែងដ៏ស្រួចស្រាល់នេះ វិស័យ SME មិនត្រូវរាថយឡើយ ប៉ុន្តែត្រូវចេះប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាសតាមរយៈការធ្វើទំនើបកម្មច្រវាក់ផលិតកម្ម និងការចងក្រងជាបណ្តាញ ឬកង្កោមផលិតកម្ម ដើម្បីរួមគ្នាកាត់បន្ថយថ្លៃដើមផលិត ដែលជាសោរគន្លឹះតែមួយគត់ក្នុងការជួយឱ្យផលិតផលក្នុងស្រុកមានប្រៀបឈ្នះលើទីផ្សារ។

ជុំវិញបញ្ហានេះដែរឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានអះអាងថា ផលិតផលកែច្នៃក្នុងស្រុកបច្ចុប្បន្នកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋរហូតអាចដណ្តើមទីផ្សារ និងជំនួសមុខទំនិញនាំចូលមួយចំនួនបានជាបណ្តើរៗហើយ។ មន្ត្រីជាន់ខ្ពស់រូបនេះបានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកំពុងខិតខំជំរុញ និងលើកកម្ពស់គុណភាពផលិតផលក្នុងស្រុក ឱ្យមានស្តង់ដាខ្ពស់ទាំងលើផ្នែកគុណភាព និងតម្លៃ ដើម្បីអាចប្រកួតប្រជែងបានយ៉ាងរឹងមាំទាំងក្នុងទីផ្សារផ្ទៃប្រទេស និងនៅលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា នៅមួយរយៈចុងក្រោយនេះមានគម្រោងរោងចក្រផលិតត្រីខកំប៉ុងបាន​លេចឡើងជាបន្តបន្ទាប់ ក្រោយពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ។ រោងចក្រទាំងនោះរួមមានរោងចក្រផលិតត្រីខក្រយា របស់ក្រុមហ៊ុន សៃសាន់ អ៊ីនវេសម៉ិន, រោងចក្រផលិត ត្រីខ​ Yummi Cook របស់ក្រុមហ៊ុន ជីប ម៉ុង និងរោងចក្រត្រីខយើងរបស់ក្រុមហ៊ុន វិរៈប៊ុនថាំ ជាដើម៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឱ្យអាជ្ញាធរបង្កើនការបង្រ្កាបការចាក់កន្ទុយលេខ និងការលក់ឆ្នោតវៀតណាម ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងសង្គមខ្មែរ

ទោះបីជារាជរដ្ឋាភិបាលធ្លាប់បានចេញបទបញ្ជាឱ្យបង្ក្រាប និងលុបបំបាត់ល្បែងស៊ីសងនៅតាមមូលដ្ឋានយ៉ាងណាក៏ដោយ ក៏ការចាក់កន្ទុយលេខ និងការលក់ឆ្នោតវៀត…

តើអ្វីអាចជាច្រកចេញសម្រាប់កម្ពុជា ប្រសិនបើថៃមិនអនុវត្តតាមលទ្ធផលសម្រេចរបស់គណៈកម្មការផ្សះផ្សា?

កម្ពុជា និងថៃ បានបើកសមរភូមិផ្លូវច្បាប់តតាំងគ្នានៅក្នុងកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ