ការចាក់កន្ទុយលេខ

អ្នកជំនាញស្នើឱ្យអាជ្ញាធរបង្កើនការបង្រ្កាបការចាក់កន្ទុយលេខ និងការលក់ឆ្នោតវៀតណាម ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងសង្គមខ្មែរ


ទោះបីជារាជរដ្ឋាភិបាលធ្លាប់បានចេញបទបញ្ជាឱ្យបង្ក្រាប និងលុបបំបាត់ល្បែងស៊ីសងនៅតាមមូលដ្ឋានយ៉ាងណាក៏ដោយ ក៏ការចាក់កន្ទុយលេខ និងការលក់ឆ្នោតវៀតណាមនៅតែបន្តកើតមាន និងមានប្រជាប្រិយភាពយ៉ាងស្ងប់ស្ងាត់ក្នុងចំណោមប្រជាពលរដ្ឋ។
ការចាក់កន្ទុយលេខ
ដោយ

ក្រុមអ្នកតាមដានសង្គមបានគូសបញ្ជាក់ថា ល្បែងខុសច្បាប់នេះនៅតែអាចដកដង្ហើមបាន ដោយសារតែចន្លោះប្រហោង នៃការអនុវត្តច្បាប់ គួបផ្សំនឹងការផ្លាស់ប្តូរទម្រង់ប្រតិបត្តិការយ៉ាងរហ័សពីការបើកតូបចំហទៅជាការដើរកត់តាមផ្ទះ ការកក់តាមទូរសព្ទ និងការបំប្លែងខ្លួនចូលទៅក្នុងប្រព័ន្ធអនឡាញ។ ស្ថានភាពនេះ អ្នកជំនាញយល់ថា វានឹងទាញប្រជាពលរដ្ឋក្រីក្រឱ្យធ្លាក់ចូលក្នុងអន្ទាក់បំណុល និងការញៀនល្បែងកាន់តែធ្ងន់ធ្ងរ ដែលទាមទារឱ្យអាជ្ញាធរ​មូលដ្ឋាន​ត្រូវបង្កើន​ការបង្ក្រាប និងទប់ស្កាត់​ឱ្យមានប្រសិទ្ធភាព។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គមសង្កេតឃើញថា ការចាក់កន្ទុយលេខ និងការដើរលក់សន្លឹកឆ្នោតវៀតណាមនៅតែបន្តកើតមានៅក្នុងសង្គមកម្ពុជា បើទោះបីជារាជរដ្ឋាភិបាលបានដាក់ចេញវិធានការបង្ក្រាបជាបន្តបន្ទាប់ក៏ដោយ។ អ្នកជំនាញរូបនេះយល់ថា ការបន្តកើតមាននេះអាចបណ្តាលមកពីការអនុវត្តវិធានការបង្ក្រាបរបស់អាជ្ញាធរនៅមិនទាន់មានប្រសិទ្ធភាពពេញលេញ និងអាចមានចន្លោះប្រហោងក្នុងការត្រួតពិនិត្យ។

លោកបណ្ឌិតថា មូលហេតុមួយដែលធ្វើឱ្យប្រជាពលរដ្ឋនៅតែចាក់កន្ទុយលេខ គឺដោយសារការចង់ផ្សងសំណាង បើទោះបីឱកាសចាញ់មានច្រើនជាងឈ្នះក៏ដោយ។ ទន្ទឹមនឹងនេះអ្នកជំនាញរូបនេះស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការត្រួតពិនិត្យ និងអនុវត្តវិធានការបង្ក្រាបឱ្យបានម៉ឺងម៉ាត់ ព្រមទាំងទប់ស្កាត់អំពើពុករលួយដែលអាចកើតមានក្នុងដំណើរការបង្ក្រាប ដើម្បីឱ្យការអនុវត្តច្បាប់មានប្រសិទ្ធភាព។

ជាមួយគ្នានេះលោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមកត់សម្គាល់ឃើញថា ការចាក់កន្ទុយលេខនៅតែបន្តកើតមាននៅតាមមូលដ្ឋាន បើទោះបីជាសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងជាបន្តបន្ទាប់ក៏ដោយ។ លោកសង្កេតឃើញផងដែរថា អាជីវកម្មនេះ ក៏កំពុងផ្លាស់ប្តូរទម្រង់ដោយអ្នកកត់កន្ទុយលេខមួយចំនួនចុះទៅដល់តាមផ្សារ តាមផ្ទះ ឬទទួលការកក់តាមទូរសព្ទ និងប្រព័ន្ធអនឡាញ។

បើតាមអ្នកជំនាញរូបនេះ ការចាក់កន្ទុយលេខបានចាក់ឫសយ៉ាងជ្រៅក្នុងសង្គម ដោយសារប្រជាពលរដ្ឋមួយចំនួននៅតែមានជំនឿលើការផ្សងសំណាង ខណៈអ្នកខ្លះទៀតកំពុងប្រឈមនឹងបញ្ហាបំណុល និងសម្ពាធជីវភាព ដែលទាមទារឱ្យរដ្ឋាភិបាលពង្រឹងវិធានការទប់ស្កាត់បន្ថែមទៀត ដោយផ្តោតទាំងលើអ្នកប្រកបអាជីវកម្ម និងកត្តាដែលជំរុញឱ្យប្រជាពលរដ្ឋចូលរួមចាក់។

ដោយឡែកលោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាសង្កេតឃើញថា ការចាក់កន្ទុយលេខអាចកំពុងជះឥទ្ធិពលយ៉ាងខ្លាំងលើប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ខណៈការចាក់ឆ្នោតក៏កំពុងវិវត្តទៅរកការប្រើប្រាស់ប្រព័ន្ធអនឡាញកាន់តែច្រើន។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ប្រជាពលរដ្ឋដែលមានទំនោរផ្សងសំណាងតាមរយៈការចាក់កន្ទុយលេខភាគច្រើន ជាអ្នកដែលកំពុងប្រឈមនឹងបញ្ហាជីវភាព។ ទន្ទឹមនឹងនេះ លោកស្នើឱ្យអាជ្ញាធរមូលដ្ឋានអនុវត្តតួនាទីដោយស្មោះត្រង់ និងមានប្រសិទ្ធភាព ដើម្បីការពារប្រជាពលរដ្ឋពីផលប៉ះពាល់បណ្តាលមកពីការចាក់ឆ្នោត និងអំពាវនាវដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអ្នក ដែលលួចបើកអាជីវកម្មចាក់កន្ទុយលេខ ដើម្បីទប់ស្កាត់ការរីករាលដាលនៃការចាក់កន្ទុយលេខ និងការញៀនល្បែង ដែលអាចបង្កផលប៉ះពាល់ដល់ជីវភាពគ្រួសារ និងសន្តិសុខសង្គម។

គួររំលឹកថា កាលពីពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាទៅកាន់អភិបាលរាជធានី-ខេត្តទាំង២៥ឱ្យចុះត្រួតពិនិត្យ និងបិទទីតាំងល្បែងផ្សងសំណាងខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋានជាបន្ទាន់។ បទបញ្ជានេះត្រូវបានដាក់ចេញក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល នៃល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់ទាំងល្បែងផ្ទាល់ និងល្បែងតាមប្រព័ន្ធអនឡាញដូចជាឆ្នោតកន្ទុយលេខ ឡូតូ ជល់មាន់ និងការភ្នាល់បាល់ទាត់ ដែលកំពុងអូសទាញពលរដ្ឋឱ្យធ្លាក់ក្នុងភាពក្រីក្រ និងបំផ្លាញគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


កម្ពុជា-បារាំងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកច្បា

(ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃទី១៥​ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង, ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រ…

អ្នកជំនាញហាក់បារម្ភពីកំណើនរោងចក្រផលិតក្នុងស្រុក និងការនាំចូលត្រីខពីបរទេសធ្វើឱ្យការផ្គត់ផ្គង់លើសតម្រូវការ

ក្រុមអ្នកជំនាញ និងថ្នាក់ដឹកនាំសហគ្រាសធុនតូច និងមធ្យមហាក់បារម្ភពីការកើនឡើងទ្វេដង នៃការផលិតក្នុងស្រុក និងការនាំចូលត្រីខកំប៉ុងពីបរទេសក្នុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ