រត់ពន្ធគ្រឿងញៀន

អាជ្ញាធរឥណ្ឌូនេស៊ីចាប់ជនសង្ស័យ១២នាក់ពាក់ព័ន្ធនឹងការរត់ពន្ធកញ្ឆាជាង៣តោនពីប្រទេសថៃ


ស្របពេលប្រទេសថៃកំពុងរងភាពអាម៉ាសជុំវិញការរត់ពន្ធគ្រឿងញៀនក្រោយអាជ្ញាធរអូស្ត្រាលីបង្ក្រាបបានជាបន្តបន្ទាប់ ស្រាប់តែថ្មីៗនេះអាជ្ញាធរឥណ្ឌូនេស៊ីបានបើកប្រតិបត្តិការបង្ក្រាប និងរឹបអូសកញ្ឆាក្រៀមបានរហូតដល់ទៅជាង៣តោន។ ការរត់ពន្ធកញ្ឆាឆ្លងដែនដ៏ច្រើននេះត្រូវបានគេដឹងថា មានប្រភពចេញពីប្រទេសថៃ ហើយត្រូវបានគេយកមកចរាចរណ៍ ដើម្បីបម្រើឱ្យឧស្សាហកម្មងងឹត គឺការផលិតទឹកបារីអេឡិចត្រូនិក ឬ Vape ជក់បំផ្លាញយុវជន។ ក្នុងប្រតិបត្តិការនេះមនុស្ស១២នាក់រួមទាំងជនបរទេសផង ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។
រត់ពន្ធកញ្ឆាជាង៣តោនពីប្រទេសថៃ
ដោយ

ការបើកចំហទ្វារកញ្ឆាដោយសេរីរបស់រដ្ឋាភិបាលថៃ កំពុងតែទម្លាក់បន្ទុកសន្តិសុខយ៉ាងធ្ងន់ធ្ងរទៅលើប្រទេសជិតខាង។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានល្បីៗដូចជា Reuters និង The Straits Times ជាដើមបានឱ្យដឹងថា ទីភ្នាក់ងារជាតិប្រឆាំងគ្រឿងញៀនរបស់ឥណ្ឌូនេស៊ី បានប្រកាសពីជោគជ័យ នៃការបង្ក្រាបបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែនដ៏ធំមួយនេះ ក្រោយពីបានបើកយុទ្ធនាការរុករកយ៉ាងក្តៅគគុកនៅក្នុងទីក្រុងធំៗ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។

ឧត្តមសេនីយ៍ ស៊ូយូឌី អារីយ៉ូ សេតូ (Suyudi Ario Seto) នាយកទីភ្នាក់ងារជាតិប្រឆាំងគ្រឿងញៀនឥណ្ឌូនេស៊ី បានគូសបញ្ជាក់ថា កញ្ឆាក្រៀមជាង៣តោននោះ ត្រូវបានក្រុមទុច្ចរិតវេចខ្ចប់ក្នុងប្រអប់ជ័រយ៉ាងជិត រួចញាត់លាក់ក្នុងវ៉ាលី ដើម្បីបន្លំភ្នែកសមត្ថកិច្ចដឹកជញ្ជូនចេញពីប្រទេសថៃចូលមកកាន់ប្រទេសឥណ្ឌូនេស៊ី។
ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា ផែនការមហិច្ឆតារបស់ក្រុមជួញដូរ ដែលទើបបង្កើតឡើងថ្មី និងមានខ្សែបណ្តាញជាជនបរទេសនេះ គឺចង់វាយលុកទីផ្សារទីក្រុងធំៗរបស់ឥណ្ឌូនេស៊ី ដូចជាទីក្រុងហ្សាការតា និងឋានសួគ៌ទេសចរណ៍កោះបាលី។ អ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺពួកគេគ្រោងកែច្នៃកញ្ឆាទាំងនេះទៅជាសារធាតុរាវសម្រាប់បារីអេឡិចត្រូនិក ឬ Vape ដែលជាល្បិចកលបំពុលយុវវ័យតាមបែបសម័យទំនើប។

ព្រឹត្តិការណ៍នេះបានក្លាយជាការដាស់តឿន និងជាការដៀមដាមមួយយ៉ាងចាក់ដោតទៅកាន់រដ្ឋាភិបាលថៃ ដែលហាក់មើលរំលងពីឥទ្ធិពលអវិជ្ជមាននៃច្បាប់កញ្ឆាសេរីរបស់ខ្លួន ដែលកំពុងតែបង្កលក្ខណៈងាយស្រួលដល់ក្រុមឧក្រិដ្ឋជនក្នុងការផលិត និងនាំចេញគ្រឿងញៀនទៅបំផ្លាញប្រទេសជិតខាង។

ផ្ទុយស្រឡះពីប្រទេសថៃ ឥណ្ឌូនេស៊ីនៅតែរក្សាជំហរដែកថែប និងជាប្រទេសមួយដែលមានច្បាប់ប្រឆាំងគ្រឿងញៀនតឹងរ៉ឹងបំផុតនៅលើពិភពលោក ពោលគឺគ្មានការយោគយល់ ឬលើកលែងឡើយ ទោះមានសម្ពាធការទូតក៏ដោយ។ ប្រវត្តិសាស្ត្រធ្លាប់បានបង្ហាញរួចមកហើយក្នុងករណីក្រុម បាលីណាញ (Bali Nine) កាលពីឆ្នាំ២០០៥ ដែលបានលួចរត់ពន្ធហេរ៉ូអ៊ីន។ ទោះបីជាមានការអន្តរាគមន៍ និងបង្កភាពរកាំរកូសផ្នែកការទូតយ៉ាងខ្លាំងពីសំណាក់ប្រទេសអូស្ត្រាលីយ៉ាងណាក្តី ក៏រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចកាត់ទោសប្រហារជីវិតមេខ្លោងជនជាតិអូស្ត្រាលី២នាក់ កាលពីឆ្នាំ២០១៥ ដាច់ខាតដដែល។

ករណីចាប់កញ្ឆាជាង៣តោននាំចូលពីប្រទេសថៃនៅពេលនេះ គឺជាសារព្រមានចំហមួយទៅកាន់ក្រុមឧក្រិដ្ឋជនឆ្លងដែន និងជារបាំងសីលធម៌មួយបង្ហាញថា ច្បាប់ទន់ជ្រាយរបស់ប្រទេសជិតខាង មិនអាចមកបំពុលដែនដីឥណ្ឌូនេស៊ីបានឡើយ៕




អត្ថបទបន្ទាប់


ឥណ្ឌា និងជប៉ុនចុះកិច្ចព្រមព្រៀងជាង១០០ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម AI រហូតដល់បេសកកម្មទៅឋានព្រះច័ន្ទ

ប្រទេសឥណ្ឌា និងជប៉ុនបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាង១០០លើវិស័យសំខាន់ៗរាប់ចាប់តាំងពីពាណិជ្ជកម្មបច្ចេកវិទ្យា AI ថាមពលបៃតង រហូតដល់បេ…

អ្នកជំនាញ​ថា ការគំរាមកំហែងសេដ្ឋកិច្ចដ៏ធំបំផុតរបស់ថៃ លែងជាវិបត្តិរូបិយប័ណ្ណទៀតហើយ តែជាកំណើនសេដ្ឋកិច្ចយឺតដ៏រ៉ាំរ៉ៃ

ជិត៣០ឆ្នាំក្រោយវិបត្តិហិរញ្ញវត្ថុអាស៊ី ឆ្នាំ១៩៩៧ ប្រទេសថៃ បានកសាងប្រព័ន្ធហិរញ្ញវត្ថុឱ្យរឹងមាំជាងមុន និងចៀសផុតពីហានិភ័យនៃវិបត្តិរូបិយប័ណ្ណ។…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ