វិស័យការបរទេស

ក្រុមអ្នកជំនាញ ជំរុញឲ្យកម្ពុជា ត្រូវតែលាតត្រដាងទង្វើឈ្លានពានរបស់ថៃ នៅក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី ទោះបីមានការព្រមានពីថៃ ក៏ដោយ


ថ្មីៗនេះរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានបង្ហាញចរិតចង់កំណត់របៀបវារៈនៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដោយមិនចង់ឱ្យកម្ពុជា លើកយកបញ្ហាជម្លោះព្រំដែនទៅពិភាក្សាក្នុងកិច្ចប្រជុំកំពូលអន្តរជាតិ ដ៏ធំមួយនេះទេ។
វិស័យការបរទេស
ដោយ

ពាក់ព័ន្ធបញ្ហានេះ ក្រុមអ្នកជំនាញភូមិសាស្ត្រនយោបាយ និងអ្នកជំនាញអភិបាលកិច្ចល្អ យល់ឃើញថា កម្ពុជា គួរប្រើប្រាស់កិច្ចប្រជុំកំពូលអន្តរជាតិ ដ៏កម្រមួយនេះ ដើម្បីលាតត្រដាង និងបង្ហាញការពិតជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ទៅកាន់សហគមន៍អន្តរជាតិ ឱ្យបានដឹងកាន់តែច្បាស់ពីចរិតឈ្លានពាន ភូតកុហកបោកប្រាស់អន្តរជាតិ។ សម្រាប់ក្រុមអ្នកជំនាញ កម្ពុជា មិនគួរខ្លាចរអាចំពោះការគំរាមកំហែងនេះទេ ព្រោះនៅមានប្រជាពលរដ្ឋខ្មែរជាង២ម៉ឺននាក់ទៀត នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដូចដើមវិញបាន ដោយសារបញ្ហាជម្លោះព្រំដែន និងការឈរជើងរបស់យោធាថៃ ក្នុងដែនអធិបតេយ្យភាពជាតិខ្មែរដោយខុសច្បាប់។

លោក ឱក សេរី សោភក្តិ៍ ទីប្រឹក្សាឯករាជ្យ និងជាអ្នកជំនាញអភិបាលកិច្ចល្អ បានប្រាប់ខេមបូណូមីស នៅថ្ងៃពុធទី១១ នេះ ថា ការដែលភាគីថៃ ចេញមុខមកព្រមាន និងរារាំងកម្ពុជា មិនចង់ឱ្យលើកពីបញ្ហាជម្លោះព្រំដែននៅក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី គឺដោយសារតែពួកគេមានការភ័យខ្លាចក្រែងលោការពិត នៃការឈ្លានពាន និងការកាន់កាប់ដែនអធិបតេយ្យភាពរបស់ខ្មែរដោយខុសច្បាប់ត្រូវបកអាក្រាតនៅចំពោះមុខគណៈប្រតិភូមកពីជុំវិញពិភពលោក។ លោកសេរី សោភក្តិ៍ បានសង្កត់ធ្ងន់ថា កម្ពុជាគ្មានហេតុផលអ្វីត្រូវលាក់បាំងនោះឡើយ ដ្បិតថា រហូតមកទល់ពេលនេះប្រជាពលរដ្ឋខ្មែរស្លូតត្រង់ជាង២ម៉ឺននាក់នៅតែបន្តរងទុក្ខវេទនា ព្រោះតែមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានដើមរបស់ខ្លួនវិញបាន ដោយសារការឈរជើង និងការកាន់កាប់របស់យោធាថៃនៅក្នុងដែនអធិបតេយ្យភាពជាតិកម្ពុជាដោយខុសច្បាប់។

ជាមួយគ្នានេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងប្រាប់ខេមបូណូមីស ដែរថា ការចេញមកព្រមានរបស់រដ្ឋមន្ត្រីការបរទេសថៃ ដោយហាមមិនឱ្យកម្ពុជាលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃទៅពិភាក្សាក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ហាក់បង្ហាញពីការប៉ុនប៉ងរបស់ថៃក្នុងការដាក់កម្រិតលើសិទ្ធិរបស់កម្ពុជា ក្នុងការលើកឡើងពីបញ្ហាព្រំដែននៅលើឆាកអន្តរជាតិ ព្រមទាំងជៀសវាងការដោះស្រាយជម្លោះដោយសន្តិវិធី។

សម្រាប់អ្នកជំនាញរូបនេះ កម្ពុជាចាំបាច់ត្រូវរក្សាគោលជំហរឱ្យបានរឹងមាំ និងបង្ហាញការពិតជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃនៅក្នុងកិច្ចប្រជុំកំពូលនេះ ព្រមទាំងពង្រឹងទំនាក់ទំនង និងស្វែងរកការគាំទ្រពីបណ្តាប្រទេសចូលរួម ដើម្បីបង្ហាញពីស្ថានភាពដែលកម្ពុជារងផលប៉ះពាល់ពីជម្លោះ និងបង្កើនសក្តានុពលក្នុងការចរចាដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការទ្វេភាគី។

ជុំវិញបញ្ហានេះដែរ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ យល់ឃើញដែរថា ភាគីថៃហាក់កំពុងព្រួយបារម្ភខ្លាចកម្ពុជាលាតត្រដាងពីសកម្មភាពឈ្លានពាន និងការរំលោភបំពានច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា ដែលមានស្រាប់របស់ខ្លួន។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា កម្ពុជាមិនគួរខ្លាចរអាចំពោះការគំរាមកំហែងរបស់ភាគីថៃឡើយ ផ្ទុយទៅវិញកម្ពុជាគួរប្រើប្រាស់វេទិកាកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី ដើម្បីលើកឡើងពីបញ្ហានេះឱ្យបានទូលំទូលាយ និងបង្ហាញការពិតទៅកាន់សហគមន៍អន្តរជាតិ។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជាចាំបាច់ត្រូវតែលើកឡើងពីបញ្ហានេះ ព្រោះកម្ពុជាគឺជាជនរងគ្រោះដោយសារអំពើឈ្លានពាន និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីការបំផ្លិចបំផ្លាញរបស់ថៃ។

សូមបញ្ជាក់ថា យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod English លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃបានលើកឡើងកាលពីពេលថ្មីៗនេះថា កម្ពុជាគួរជៀសវាងការលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃទៅពិភាក្សាក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយអះអាងថា បញ្ហានេះមិនស្ថិតក្នុងវិសាលភាពនៃកិច្ចប្រជុំកំពូលនេះឡើយ។ ប៉ុន្តែវាជារឿងដ៏គួរឱ្យអស់សំណើច ដែលប្រទេសថៃក្នុងនាមត្រឹមជាសមាជិកសង្កេតការណ៍ នៃអង្គការ ហ្វ្រង់កូហ្វូនី ព្យាយាមលូកដៃគ្រប់គ្រងរបៀបវារៈរបស់ម្ចាស់ផ្ទះកម្ពុជាទៅវិញ។ ជាមួយគ្នានេះ ប្រទេសថៃនឹងបញ្ចូនគណៈប្រតិភូមកចូលរួមតាមដាន និងសង្កេតការណ៍ក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នៅក្នុងរាជធានីភ្នំពេញ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


កម្ពុជានឹងក្លាយជាទីតាំងប្រកួតប្រជែងរបស់ប្រទេសចំនួន៤​ ដើម្បីដណ្តើមតំណែងអគ្គលេខាធិការអង្គការ ហ្វ្រង់កូហ្វូនី

ស្របពេលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ រាជធានីភ្នំពេញនឹងក្លាយជាសមរភូមិការទូតដ៏សំខាន់មួយ ក្នុងការប…

ហេតុអ្វីបានជាទំនិញកម្ពុជា ពិបាកនាំចេញ តែទំនិញបរទេសហូរចូលស្រួល?

ក្រុមអ្នកជំនាញបានលើកឡើងថា ទោះបីជាកម្ពុជា មានភាពស្មើមុខស្មើមាត់នៅក្នុងសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន និងអង្គការពាណិជ្ជកម្មអន្តរជាតិ ក៏ពិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ