លោក ស៊ុយ កុកធាន ប្រធានសមាគមអ្នកដាំស្វាយចន្ទីកំពង់ធំ បានគូសបញ្ជាក់ថា ទោះបីជាស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ មានសក្តានុពលទីផ្សារខ្ពស់ក៏ដោយ ប៉ុន្តែបញ្ហាប្រឈមជុំវិញការកែច្នៃនៅតែជាចំណុចស្លាប់រស់ក្នុងការទាញយកតម្លៃបន្ថែមពីឧស្សាហកម្មនេះ។ លោកបានកត់សម្គាល់ថា ការកើនឡើងនៃទិន្នផលស្វាយចន្ទីសកលប្រមាណ៣០%ក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខ អាចជះឥទ្ធិពលអវិជ្ជមានលើសតម្រូវការទីផ្សារ ប្រសិនបើសង្គ្រាម ឬវិបត្តិសេដ្ឋកិច្ចពិភពលោកនៅតែបន្តអូសបន្លាយ។
ហេតុនេះកម្ពុជា ចាំបាច់ត្រូវមានវិធានការឆ្លើយតបបន្ទាន់ដោយជំរុញការកែច្នៃក្នុងស្រុកឱ្យអស់លទ្ធភាព និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសទិញគ្រាប់ឆៅ។ អ្នកជំនាញរូបនេះបានផ្តល់ជាគំនិតថា ខេត្តកំពង់ធំមិនគួរបង្កើតត្រឹមតែសួនកសិឧស្សាហកម្មស្វាយចន្ទីនោះទេ ប៉ុន្តែគួរតែធ្វើបរិវត្តកម្មប្រែក្លាយខេត្តកំពង់ធំទាំងមូលឱ្យទៅជាខេត្តឧស្សាហកម្មស្វាយចន្ទីតែម្តង ដោយផ្តល់អាជ្ញាបណ្ណ និងកញ្ចប់អនុគ្រោះពិសេសដល់វិនិយោគិនដែលមកបោះទុនកែច្នៃ ដែលវិធានការនេះនឹងមិនត្រឹមតែបង្កើតការងាររាប់ម៉ឺនកន្លែងជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកស្ទួយម៉ាកយីហោស្វាយចន្ទីរបស់ខេត្តកំពង់ធំ ឱ្យឈានមុខគេលើឆាកអន្តរជាតិ ផងដែរ។
ដោយឡែកនៅក្នុងអនុវិស័យដំឡូងមីឯណោះវិញ លោក និន ចរិយា អនុប្រធានសហព័ន្ធដំឡូងមីកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា ខេត្តកំពង់ធំ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការក្លាយជាតំបន់ផលិតកម្មដំឡូងមីដ៏រឹងមាំបំផុតនាពេលអនាគត ប្រសិនបើដោះស្រាយបញ្ហាបច្ចេកទេសបានត្រឹមត្រូវ។ លោកបានសង្កត់ធ្ងន់ថា តម្លៃដំឡូងមីនៅលើទីផ្សារ គឺអាស្រ័យលើភាគរយជាតិម្សៅ មិនមែនលើទំហំមើមនោះឡើយ ដូច្នេះការជ្រើសរើសពូជដែលត្រូវស្តង់ដា និងការអនុវត្តបច្ចេកទេសដាំដុះគ្មានជំងឺ នឹងជួយឱ្យកសិករទទួលបានតម្លៃថ្លៃ និងកាត់បន្ថយការកាត់ភាគរយពីឈ្មួញ។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះបានជំរុញឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត បង្កើនការទាក់ទាញវិនិយោគិនឱ្យមកបង្កើតរោងចក្រកែច្នៃម្សៅដំឡូងមី និងផលិតផលបន្តនៅក្នុងស្រុកឱ្យបានច្រើន ដើម្បីបង្កើនតម្លៃបន្ថែម និងបង្កើតរបាំងការពារកសិករពីហានិភ័យនៃបម្រែបម្រួលតម្លៃទីផ្សារ ដែលប្រែប្រួលឡើងចុះមិនទៀងទាត់។
គួរជម្រាបថា វិស័យកសិកម្មបានរួមចំណែកយ៉ាងធំរហូតដល់ប្រមាណ៧៤%នៅក្នុងទំហំសេដ្ឋកិច្ចទាំងមូលរបស់ខេត្តកំពង់ធំ ខណៈវិស័យឧស្សាហកម្មបានរួមចំណែកប្រមាណជាង៦%ប៉ុណ្ណោះ ខណៈជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ចង់ប្រែក្លាយមូលដ្ឋានសេដ្ឋកិច្ចខេត្តកំពង់ធំពីការពឹងផ្អែកលើវិស័យកសិកម្មទៅជាកសិ-ឧស្សាហកម្មនាពេលអនាគត ពោលគឺមិនត្រូវបញ្ចប់ត្រឹមការលក់ជាវត្ថុធាតុដើមឆៅនោះឡើយ ប៉ុន្តែត្រូវបង្កើតឱ្យមានខ្សែច្រវាក់កែច្នៃក្នុងខេត្តតែម្តង៕