កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា មន្ត្រីសេតវិមានម្នាក់បានអះអាងថា សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានឈានដល់ការយល់ព្រមលើលក្ខខណ្ឌភាគច្រើន នៃកិច្ចព្រមព្រៀងបណ្តោះអាសន្ន ដើម្បីបញ្ចប់សង្គ្រាមដែលបានអូសបន្លាយពេល៣ខែមកនេះ។ ទោះជាយ៉ាងណា លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនទាន់បានផ្តល់ការយល់ព្រមលើកិច្ចព្រមព្រៀងនេះនៅឡើយទេ ដែលកិច្ចព្រមព្រៀងនេះនឹងពង្រីកការអនុវត្តបទឈប់បាញ់រយៈពេល៦០ថ្ងៃបន្ថែមទៀត និងអនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ឡើងវិញតាមច្រកសមុទ្រហ័រម៉ូស មុនពេលឈានដល់ការចរចាលើបញ្ហានុយក្លេអ៊ែ។
សារព័ត៌មាន CNBC បានរាយការណ៍ថា អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកនៅតែបន្តប្រឈមមុខដាក់គ្នាយ៉ាងតានតឹងដោយកម្លាំងយោធានៅក្នុងតំបន់ច្រកសមុទ្រហ័រម៉ូស ដែលធ្វើឱ្យបទឈប់បាញ់ដ៏ផុយស្រួយនេះកាន់តែប្រឈមនឹងការដួលរលំ។ ទន្ទឹមនឹងនេះ ទីបញ្ជាការកណ្តាលរបស់កងទ័ពអាម៉េរិកបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៨ ខែឧសភា អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោង១គ្រាប់សំដៅទៅលើប្រទេសគុយវ៉ែត ប៉ុន្តែត្រូវបានកងកម្លាំងគុយវ៉ែតស្ទាក់ចាប់បាន។ ទីបញ្ជាការនេះបានចាត់ទុកសកម្មភាពនេះថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់។
បើតាមការបញ្ជាក់របស់ទីបញ្ជាការកណ្តាលរបស់កងទ័ពអាម៉េរិក ការបាញ់មីស៊ីលនេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយកងកម្លាំងអ៊ីរ៉ង់បានប្រើយន្តហោះដ្រូនវាយប្រហារចំនួន៥គ្រឿង បង្កការគំរាមកំហែងយ៉ាងខ្លាំងនៅជិតច្រកសមុទ្រហ័រម៉ូស។ ដ្រូនទាំងនោះត្រូវបានកងទ័ពអាម៉េរិកស្ទាក់បំផ្លាញចោលទាំងអស់ ព្រមទាំងបានរារាំងការប៉ុនប៉ងវាយប្រហារពីដ្រូនទី៦ ដែលបញ្ជាចេញពីទីបញ្ជាការដីគោករបស់អ៊ីរ៉ង់នៅតំបន់បានដា អាបាស់ ផងដែរ។
ដោយឡែក ប្រទេសប៉ាគីស្ថានដែលដើរតួជាអ្នកសម្របសម្រួលបានប្រកាសថា លោក អ៊ីសាក ដារ (Ishaq Dar) រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន នឹងទៅជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ាកូ រូប៊ីអូ (Marco Rubio) នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រ សប្តាហ៍នេះ បើទោះបីជារបៀបវារៈលម្អិតនៃជំនួបនេះមិនទាន់ត្រូវបានទម្លាយឱ្យដឹងក៏ដោយ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស