មន្ត្រីសន្តិសុខកំពូលអ៊ីរ៉ង់ លោក ម៉ូសេន រេសាអ៊ី (Mohsen Rezaei) បានព្រមានថា ប្រទេសណាដែលចូលរួមជាមួយអាម៉េរិក ក្នុងការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់នឹងប្រឈមការសងសឹកយ៉ាងធ្ងន់ធ្ងរ។ លោកបានបញ្ជាក់ថា ប្រសិនបើសង្គ្រាមសេដ្ឋកិច្ចនៅតែបន្ត អ៊ីរ៉ង់ អាចនឹងបិទខ្ទប់ការនាំចេញប្រេងទាំងអស់ពីតំបន់ឈូងសមុទ្រពែក្ស មិនថា តាមច្រកសមុទ្រ Hormuz ឬផ្លូវនាំចេញផ្សេងទៀតនោះឡើយ។ ការគំរាមនេះពិតជាគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ព្រោះច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតមួយរបស់ពិភពលោក។
សូមបញ្ជាក់ថា ការព្រមានរបស់អ៊ីរ៉ង់ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសក្ដែងៗថា រដ្ឋាភិបាលរបស់លោកនឹងបើកយុទ្ធនាការធ្វើសង្គ្រាមសេដ្ឋកិច្ចដ៏ខ្លាំងក្លាបំផុតប្រឆាំងអ៊ីរ៉ង់ ហើយនឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើប្រទេសណាដែលផ្តល់ផ្លូវរស់ផ្នែកសេដ្ឋកិច្ចដល់ទីក្រុងតេអេរ៉ង់។ យ៉ាងណាមិញ អ៊ីរ៉ង់ បានប្រកាសថា ខ្លួនកំពុងប្រឈមមុខនឹងសង្គ្រាមសេដ្ឋកិច្ច សង្គ្រាមយោធា និងសង្គ្រាមសន្តិសុខទ្រង់ទ្រាយធំពីសំណាក់សហរដ្ឋអាម៉េរិក ហើយប្តេជ្ញាបន្តទប់ទល់នឹងសម្ពាធរបស់ទីក្រុងវ៉ាស៊ីនតោន។
សម្ពាធកាន់តែធ្ងន់នេះកំពុងដាក់បណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រពែក្សឱ្យស្ថិតក្នុងស្ថានភាពលំបាក ដោយសារប្រទេសទាំងនេះភាគច្រើនជាសម្ពន្ធមិត្តរបស់អាម៉េរិក ប៉ុន្តែក៏មានទំនាក់ទំនងសេដ្ឋកិច្ច និងការទូតជាមួយអ៊ីរ៉ង់ ផងដែរ។ ក្រុមអ្នកវិភាគព្រមានថា ប្រសិនបើភាពតានតឹងបន្តកើនឡើងកម្ដៅវាអាចជះផលប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេង ការដឹកជញ្ជូន និងពាណិជ្ជកម្មក្នុងតំបន់ ហើយអាចរុញឱ្យថាមពលពិភពលោកហក់ឡើងថ្លៃកាន់តែឡើងខ្ពស់៕
ដោយ: តែម សុខុម