ដើម្បីទប់ទល់នឹងបញ្ហានេះក្រុមអ្នកជំនាញបានជំរុញឱ្យកម្ពុជាប្រញាប់ធ្វើពិពិធកម្មថាមពល បង្កើតស្តុកប្រេងឥន្ធនៈ និងជីយុទ្ធសាស្ត្រ ដើម្បីការពារប្រជាពលរដ្ឋ និងរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ។របាយការណ៍សិក្សាស្រាវជ្រាវរួមគ្នារវាងវិទ្យាស្ថាន CDRI, សាកលវិទ្យាល័យ Victoria និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានគូសបញ្ជាក់ថា ការរំខាននៃខ្សែច្រវាក់ផ្គត់ផ្គង់ថាមពល និងជីនៅលើទីផ្សារអន្តរជាតិ ដែលបង្កឡើងដោយភាពមិនប្រាកដប្រជានៅតំបន់មជ្ឈិមបូព៌ាកំពុងរំលេចឱ្យឃើញយ៉ាងច្បាស់ពីចំណុចខ្សោយខាងរចនាសម្ព័ន្ធ នៃសេដ្ឋកិច្ចកម្ពុជា ដែលបន្តពឹងផ្អែកខ្លាំងលើការនាំចូលប្រេង និងធាតុចូលកសិកម្ម។ បញ្ហានេះមិនត្រឹមតែជាការគំរាមកំហែងរយៈពេលខ្លីដល់កិច្ចប្រឹងប្រែងកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបញ្ហាប្រឈមជាមូលដ្ឋានដល់ចីរភាពនៃការអភិវឌ្ឍជាតិទៀតផង។
របាយការណ៍ស្តីពីផលប៉ះពាល់សេដ្ឋកិច្ចដោយសារការរំខាន នៃទីផ្សារថាមពលអន្តរជាតិមកលើប្រទេសកម្ពុជានេះបានសង្កត់ធ្ងន់ថា ប្រសិនបើតម្លៃប្រេងឥន្ធនៈពិភពលោកស្ទុះឡើង៥០% លើសកម្រិតមុនវិបត្តិ នោះសកម្មភាពសេដ្ឋកិច្ចសរុបរបស់កម្ពុជាអាចធ្លាក់ចុះប្រហែល១% ភ្លាមៗ។ អ្វីដែលគួរឱ្យព្រួយបារម្ភ គឺផលប៉ះពាល់នេះមិនស្មើភាពគ្នានោះទេ ដោយគ្រួសារនៅតាមជនបទ និងប្រជាកសិករ នឹងត្រូវទទួលរងសម្ពាធធ្ងន់ធ្ងរជាងគេ ដោយសារតែតម្លៃជី ប្រេងម៉ាស៊ូត និងដើមទុនផលិតកម្មកសិកម្មកើនឡើងខ្ពស់។
លោកស្រី អេង នេត្រា នាយិកាប្រតិបត្តិនៃ CDRI និងលោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បានគូសបញ្ជាក់ថា របាយការណ៍វាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចកម្ពុជានេះមិនមែនគ្រាន់តែជាការដាស់តឿនពីហានិភ័យនោះទេ ប៉ុន្តែជាការផ្តល់ដំណោះស្រាយជាក់ស្តែង ដើម្បីបង្វែរវិបត្តិឱ្យទៅជាឱកាសកំណើនប្រកបដោយចីរភាព។ ដើម្បីធានាសន្តិសុខសេដ្ឋកិច្ចជាតិ អ្នកជំនាញជំរុញឱ្យកម្ពុជាធ្វើពិពិធកម្មថាមពល និងពន្លឿនការផ្លាស់ប្តូរទៅប្រភពថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីទីផ្សារប្រេងសកល។ លើសពីនេះកម្ពុជាត្រូវបង្កើតស្តុកប្រេងឥន្ធនៈ និងជីកសិកម្មយុទ្ធសាស្ត្រឱ្យបានច្បាស់លាស់ ដើម្បីធានាថាខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកមិនត្រូវកាត់ផ្តាច់, ផ្តល់ជំនួយហិរញ្ញវត្ថុដល់គ្រួសារងាយរងគ្រោះ និងបន្ធូរបន្ថយពន្ធបណ្តោះអាសន្នលើមុខទំនិញចាំបាច់។
អ្នកជំនាញបានចាត់ទុកវិបត្តិថាមពល និងជីសកល គឺជាការសាកល្បងភាពធន់ នៃសេដ្ឋកិច្ចកម្ពុជា។ អ្នកជំនាញជឿជាក់ថា តាមរយៈការរួមបញ្ចូលគ្នារវាងការបន្ធូរបន្ថយសម្ពាធរយៈពេលខ្លី និងការកែទម្រង់រចនាសម្ព័ន្ធរយៈពេលវែងលើវិស័យថាមពល និងកសិកម្ម កម្ពុជាមិនត្រឹមតែអាចជៀសផុតពីវិបត្តិសកលលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចកសាងគ្រឹះសេដ្ឋកិច្ចឯករាជ្យ និងមានចីរភាពមាំមួនជាងមុនសម្រាប់ថ្ងៃអនាគតផងដែរ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ