ថាមពល

ឡាវកំពុងរៀបចំផែនការកាត់បន្ថយការពឹងផ្អែកលើប្រភពថាមពលពីថៃ


ឡាវ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីបានដាក់ចេញនូវរបៀបវារៈនយោបាយ និងយុទ្ធសាស្ត្រថាមពលថ្មីមួយ ដោយព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រភពប្រេងឥន្ធនៈពីប្រទេសថៃតែមួយ និងស្វែងរកប្រភពចម្រុះ ខណៈដែលខ្លួនត្រូវការប្រេងឥន្ធនៈប្រមាណពី៣ទៅជាង៥លានលីត្រក្នុងមួយថ្ងៃ។ មកទល់ពេលបច្ចុប្បន្នប្រភពប្រេងឥន្ធនៈដែលកំពុងប្រើប្រាស់នៅឡាវស្ទើរតែ៩៧% គឺនាំចូលមកពីប្រទេសថៃ ដូច្នេះប្រសិនបើថៃរឹតត្បិត ឬចាត់វិធានការលើការនាំចេញប្រេងឥន្ធនៈ នោះឡាវប្រាកដជានឹងជួបភាពចលាចលជាក់ជាមិនខាន។
ថាមពល
ដោយ
អំពី ថាមពល

បទពិសោធន៍ដែលធ្វើឱ្យឡាវមើលឃើញនូវហានិភ័យ នៃសន្តិសុខថាមពលជាតិរបស់ខ្លួនជាលើកដំបូង គឺនៅក្នុងខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីយោធាថៃបានចោទប្រកាន់ថា ឡាវបានយកប្រេងឥន្ធនៈដែលខ្លួនលក់ឱ្យ ទៅផ្គត់ផ្គង់បន្តឱ្យកម្ពុជា។ នាពេលនោះយោធាថៃបានបិទខ្ទប់រថយន្តដឹកប្រេងឥន្ធនៈរាប់សិបគ្រឿង ដែលផ្ទុកប្រេងជាង៤លានលីត្រតម្រូវការប្រើប្រាស់របស់ឡាវ។ ក្រោយមកទៀតនៅខែមីនា បន្ទាប់ពីថៃជួបវិបត្តិថាមពលក្នុងស្រុក ដោយសារភាពចលាចលនៅច្រកសមុទ្រហ័រមូស ថៃក៏បានរឹតត្បិតការនាំចេញប្រេងទៅឡាវជាថ្មីម្តងទៀត។
កត្តាទាំងនេះហើយ គឺជាមេរៀនដែលធ្វើឱ្យមេដឹកនាំឡាវមើលឃើញយ៉ាងច្បាស់ពីគ្រោះថ្នាក់ នៃសន្តិសុខថាមពលជាតិ ដែលពឹងផ្អែកលើដង្ហើមរបស់ប្រទេសថៃ។ ផ្អែកលើទឡ្ហីករណ៍ទាំងនេះ ទើបនាយករដ្ឋមន្ត្រីថ្មីរបស់ឡាវ គឺលោក សាលើមសៃ គុំម៉ាស៊ីត (Saleumxay Kommasith) ដែលពីមុនជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស បានដាក់ចេញនូវផែនការជាតិមួយ ដើម្បីកែលម្អ និងពង្រឹងសន្តិសុខថាមពលឡើងវិញ។
លោកបានអះអាងថា រដ្ឋាភិបាលរបស់លោកនឹងរៀបចំរក្សាស្តុកបម្រុងប្រេងឥន្ធនៈឱ្យបាន៦០លានលីត្រ ដើម្បីកាត់បន្ថយហានិភ័យ នៃការខ្វះខាត និងការរំខានដល់ការផ្គត់ផ្គង់ ព្រមទាំងរៀបចំធ្វើពិពិធកម្មប្រភពនាំចូលផងដែរ។
ពាក់ព័ន្ធនឹងស្ថានភាពនេះ ក្រុមអ្នកវិភាគបានកត់សម្គាល់ថា ប្រភពថាមពលដែលឡាវកំពុងសម្លឹងមើល អាចជាប្រទេសចិន និងវៀតណាម ដោយសារទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរវាងឡាវ ជាមួយវៀតណាម និងចិនមានភាពជិតស្និទ្ធស្រាប់ ហើយក្រៅពីនេះ កម្ពុជាក៏អាចជាច្រកដ៏សំខាន់មួយផងដែរ។
អ្នកវិភាគបានលើកឡើងបន្ថែមថា ក្នុងនាមជាប្រទេសជិតខាង កម្ពុជា និងឡាវ អាចចាប់ដៃគ្នាសហការលើបញ្ហានេះ ដោយឡាវអាចសម្រួលសេវាកម្ម និងប្រតិបត្តិការភស្តុភារកម្ម សម្រាប់ការដឹកជញ្ជូនពីកម្ពុជាទៅចិនកាត់តាមឡាវ ហើយកម្ពុជាក៏អាចសម្រួលសេវាកម្ម និងប្រតិបត្តិការដឹកជញ្ជូនប្រេងឥន្ធនៈដែលឡាវនាំចូលពីប្រទេសផ្សេងៗផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ពាណិជ្ជកម្មកម្ពុជា-វៀតណាម បន្តកើនឡើង ខណៈប្រទេសទាំងពីរប្តេជ្ញាសម្រេចគោលដៅពាណិជ្ជកម្មឱ្យបាន ២០ ពាន់លានដុល្លារ

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម កំពុងបន្តកើនឡើង ដោយសម្រេចបានប្រមាណ ៨,៧ ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែ ៨ ខែដើមឆ្នាំ២០២៦។ កំណើនន…

តម្លៃប្រេង និងលុយដុល្លារហក់ឡើង ក្រោយភាពតានតឹងនៅមជ្ឈិមបូព៌ាឡើងកម្តៅ

ការវាយប្រហារជាថ្មីពីសំណាក់ក្រុមហ៊ូធី នៅប្រទេសយេមែន ទៅលើដែនដីអារ៉ាប៊ីសាអូឌីត រួមជាមួយការព្រួយបារម្ភពីការរីករាលដាល នៃសង្គ្រាមនៅតំបន់មជ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ