ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថាកិច្ចប្រជុំនាថ្ងៃនេះ មានគោលបំណងបន្តធ្វើការពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីវិធាននិងនីតិវិធីនៃការរៀបចំប្រកាស ប្រកាសអន្តរក្រសួ ង និងប្រកាសរួមរបស់ក្រសួងស្ថាប័ន ពាក់ព័ន្ធនឹងវិនិយោគ ធុរកិច្ច និងសេវាសាធារណៈ ដោយផ្អែកលើស្មារតីនៃកិច្ចប្រជុំអន្តរក្រសួងចង្អៀតកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានស្នើដល់តំណាងក្រសួងស្ថាប័នទាំងអស់ រួមគ្នាពិនិត្យ និងផ្តល់ធាតុចូលបន្ថែម ដើម្បីធ្វើការកែសម្រួល លើសេចក្តីព្រាងគោលការណ៍ណែនាំនេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចក្លាយជាឧបករណ៍មួយជួយដោះស្រាយបញ្ហាជូនប្រជាជន វិនិយោគិន និងធុរជន ជាពិសេសអាចចៀសវាងនូវការជាន់សមត្ថកិច្ចនិងសិទ្ធិអំណាចគ្នា ក៏ដូចជាដើម្បីពង្រឹងសណ្តាប់ធ្នាប់គតិយុត្ត ដែលនាំទៅរកសណ្តាប់ធ្នាប់ស្ថាប័ន។
អង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុលផុសលើគោលការណ៍គ្រឹះសំខាន់ៗមុននឹងរៀបចំចេញប្រកាស ដូចជា ភាពចាំបាច់ផ្អែកលើភស្តុតាង នីត្យានុកូលភាព និងផលប៉ះពាល់ ព្រមទាំងការកំណត់វិសាលភាពអំពីប្រភេទប្រកាស ដែលត្រូវឆ្លងកាត់យន្តការពិនិត្យជាមុន (Prior Review) និងពិនិត្យតាមក្រោយ (Post Review) ដោយរួមទាំងករណីលើកលែង។ ជារួម អង្គប្រជុំគាំទ្រការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំនេះ និងបានផ្តល់មតិល្អៗ ដើម្បីកែលម្អសេចក្តីព្រាងគោលការណ៍ណែនាំនេះឱ្យកាន់តែមានគុណតម្លៃ គុណភាព អាចអនុវត្តបាន និងគ្មានភាពស្រពេចស្រពិល។
មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំដល់ក្រុមការងារនៃក្រុម ក្រុមប្រឹក្សាអ្នកច្បាប់ ឱ្យបន្តធ្វើការពិគ្រោះយោបល់ក្នុងទិដ្ឋភាពបច្ចេកទេសជាមួយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ព្រមទាំងវិស័យឯកជន ពាក់ព័ន្ធនឹងការកំណត់វិសាលភាព និងប្រភេទប្រកាសដែលទាក់ទងនឹងស្តង់ដាបច្ចេកទេស និងលក្ខខណ្ឌសុវត្ថិភាព ដើម្បីកែសម្រួលលើសេចក្ដីព្រាងគោលការណ៍ណែនាំនេះ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅតាមការចង់បានរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏ដូចជាតម្រូវការនៃការកែលម្អបរិយាកាសធុរកិច្ចនិងការកាត់បន្ថយបន្ទុកមិនចាំបាច់ដល់ធុរជននិងប្រជាពលរដ្ឋ។