សារ ព័ត៌មានរ៉យទ័រ បានរាយការណ៍ថា បញ្ហាឯករាជ្យភាពរបស់តៃវ៉ាន់ ទំនងក្លាយជារបៀបវារៈដ៏សំខាន់នៃជំនួបកំពូលខែនៅឧសភា រវាងលោក ត្រាំ និងលោក ស៊ី។ តើឯករាជ្យភាពតៃវ៉ាន់ ជាអ្វី? ជាធម្មតាវាមានន័យថា កោះតៃវ៉ាន់ប្រកាសជាផ្លូវការថា ខ្លួនជាប្រទេសដាច់ដោយឡែកពីប្រទេសចិន ជំនួសឱ្យការប្រើប្រាស់ឈ្មោះផ្លូវការបច្ចុប្បន្នរបស់ខ្លួន គឺសាធារណរដ្ឋចិន។
តើកោះតៃវ៉ាន់ មានឯករាជ្យហើយឬនៅ? តាមភាពជាក់ស្ដែង កោះតៃវ៉ាន់ គឺមានឯករាជ្យរួចទៅហើយ ដោយសារមានរដ្ឋាភិបាល មានកម្លាំងយោធា មានលិខិតឆ្លងដែន និងការបោះឆ្នោតផ្ទាល់ខ្លួន ហើយដំណើរការដោយខ្លួនឯងដាច់ដោយឡែកពីប្រទេសចិន។ ប៉ុន្តែប្រទេសភាគច្រើនមិនទទួលស្គាល់ជាផ្លូវការថា កោះតៃវ៉ាន់ជារដ្ឋឯករាជ្យនោះឡើយ។
ហេតុអ្វីបានជាវាស្មុគស្មាញបែបនេះ? ចម្លើយនោះ គឺដោយសារតែចិនប៉េកាំងអះអាងថា កោះតៃវ៉ាន់ គឺជាផ្នែកមួយ នៃទឹកដីរបស់ខ្លួន ហើយបានព្រមានជាហូរហែថា ខ្លួនអាចនឹងប្រើកម្លាំងយោធាវាយដណ្ដើមយកកោះតៃវ៉ាន់ យកមកគ្រប់គ្រងវិញ ប្រសិនបើចាំបាច់។ ទន្ទឹមនឹងនេះ ប្រជាជនតៃវ៉ាន់ជាច្រើនចូលចិត្តរក្សាអ្វីៗដូចដើម គ្រប់គ្រងដោយខ្លួនឯង ប៉ុន្តែដោយមិនប្រកាសឯករាជ្យជាផ្លូវការ។
តើកោះតៃវ៉ាន់ អាចប្រកាសឯករាជ្យជាផ្លូវការបានដែរឬទេ? ចម្លើយ គឺវាពិតជាពិបាកណាស់ ដោយវាទាមទារឱ្យមានការធ្វើវិសោធនកម្មច្បាប់សំខាន់ៗយ៉ាងស៊ីជម្រៅ និងកិច្ចព្រមព្រៀងនយោបាយ ដែលពិបាកនឹងសម្រេចបាន ឬមិនអាចទៅរួច៕
ដោយ: តែម សុខុម