វិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ IISS ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានព្រមានធ្ងន់ៗថា សង្គ្រាមអាវុធនុយក្លេអ៊ែ អាចនឹងផ្ទុះឡើងប្រសិនបើមានការប៉ះទង្គិចប្រដាប់អាវុធរវាងអាម៉េរិក និងចិន ដោយសារបញ្ហាកោះតៃវ៉ាន់។ វិទ្យាស្ថាននេះកត់សម្គាល់ឃើញថា បច្ចុប្បន្ននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក កំពុងក្លាយជាចំណុចស្នូល នៃការប្រណាំងប្រជែងសព្វាវុធកម្រិតពិភពលោកថ្មីមួយ ដោយចិន កំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរបស់ខ្លួនយ៉ាងឆាប់រហ័ស ខណៈដែលប្រទេសដទៃទៀត ក៏កំពុងខំប្រឹងបង្កើនសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ។
ការព្រមាននេះធ្វើឡើងមុនកិច្ចប្រជុំកំពូលការពារជាតិ Shangri-La Dialogue នៅប្រទេសសិង្ហបុរី ជាកន្លែងដែលបញ្ហាភាពតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់ វិបត្តិសង្គ្រាមអ៊ីរ៉ង់ និងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការធានាការពារសន្តិសុខនៅអាស៊ី ត្រូវបានគេរំពឹងថា នឹងក្លាយជារបៀបវារៈសំខាន់ៗនៃកិច្ចពិភាក្សា។
ជាការកត់សម្គាល់ ចិន បានបង្កើនការដាក់សម្ពាធយោធាកាន់តែខ្លាំងជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីជំនួបកំពូលរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្រុងប៉េកាំង កាលពីពេលថ្មីៗនេះ ខណៈដែលទីក្រុងប៉េកាំង នៅតែចិញ្ចឹមចិត្តប្រើប្រាស់កម្លាំងយោធា ដើម្បីវាយដណ្ដើមកាន់កាប់កោះតៃវ៉ាន់ ប្រសិនបើចាំបាច់ ក្រោមការអះអាងថា តៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន ខណៈដែលកោះតៃវ៉ាន់ តែងតែច្រានចោលការអះអាងនេះ។
វិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រខាងលើក៏បានព្រមានដែរថា បច្ចុប្បន្នមានរបាំងការពាររឹងមាំ ឬច្បាប់តឹងរ៉ឹងច្បាស់លាស់តិចតួចណាស់សម្រាប់ទប់ស្កាត់ប្រតិបត្តិការយោធានានាកុំឱ្យវិវត្តទៅជាសង្គ្រាមអាវុធនុយក្លេអ៊ែ អំឡុងពេលផ្ទុះជម្លោះប្រដាប់អាវុធ ដែលអាចកើតមានរវាងសហរដ្ឋអាម៉េរិក និងចិន៕
ដោយ: តែម សុខុម