។ ក្រសួងការបរទេសតៃវ៉ាន់បានបដិសេធដាច់អហង្ការ និងចាត់ទុកការលើកឡើងរបស់មេដឹកនាំចិនថា ជាការបំភ្លៃការពិតទាំងស្រុង ដោយបានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា បក្សកុម្មុយនីស្តចិនគ្មានសិទ្ធិ ឬឥទ្ធិពលអ្វីមកតំណាងឱ្យប្រជាជនតៃវ៉ាន់ឡើយ ហើយមានតែប្រជាជនតៃវ៉ាន់ផ្ទាល់ប៉ុណ្ណោះ ដែលមានសិទ្ធិស្របច្បាប់ក្នុងការកំណត់ជោគវាសនា និងអនាគតរបស់ខ្លួន តាមមធ្យោបាយប្រជាធិបតេយ្យ។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ទីក្រុងប៉េកាំងតែងតែប្រកាសក្តែងៗ និងអះអាងជាឯកតោភាគីថា តៃវ៉ាន់ គឺជាខេត្តមួយដែលបំបែកខ្លួនរបស់ចិន។ ប៉ុន្តែការអះអាងនេះត្រូវបានបដិសេធយ៉ាងដាច់ខាតដោយប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈិងតេ (Lai Ching-te) និងរដ្ឋបាលរបស់លោក។ នៅក្នុងជំនួបទ្វេភាគីជាមួយលោក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំចិនលោក ស៊ី ជីនពីង បានលើកឡើងថា ចិនមានជំហរច្បាស់លាស់ឥតងាករេក្នុងការការពារបូរណភាពទឹកដី និងការបង្រួបបង្រួមជាតិ ដោយលោកបានជំរុញឱ្យសហរដ្ឋអាម៉េរិក ប្រកាន់ខ្ជាប់ជំហរត្រឹមត្រូវក្នុងការប្រឆាំងដាច់ខាតចំពោះឯករាជ្យភាពរបស់តៃវ៉ាន់។
ជាការឆ្លើយតប ក្រសួងការបរទេសតៃវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថា ការអត្ថាធិប្បាយរបស់លោក ស៊ី ជីនពីង គ្រាន់តែជាវិធីសាស្ត្រច្រំដែលៗក្នុងការបំភ្លៃការពិត និងជាការបំពានទាមទារអធិបតេយ្យភាពជាឯកតោភាគីតែប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ថា អធិបតេយ្យភាពរបស់តៃវ៉ាន់ គឺជាកម្មសិទ្ធិស្របច្បាប់របស់ប្រជាជនតៃវ៉ាន់ទាំងមូល។ បក្សកុម្មុយនីស្តចិនគ្មានសិទ្ធិ ឬអាណត្តិណាមួយមកធ្វើជាតំណាងឱ្យប្រជាជនតៃវ៉ាន់ឡើយ ហើយអនាគតរបស់តៃវ៉ាន់ មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះជាអ្នកសម្រេចតាមរយៈប្រព័ន្ធប្រជាធិបតេយ្យ។
លើសពីនេះក្រសួងការបរទេសតៃវ៉ាន់ បានចង្អុលមុខចិនចំៗថា ជាអ្នកបង្កអស្ថិរភាព និងជាប្រភពនៃបញ្ហាសន្តិសុខពិតប្រាកដនៅក្នុងតំបន់ ដោយសារតែសកម្មភាពគំរាមកំហែងផ្នែកយោធានៅជុំវិញច្រកសមុទ្រតៃវ៉ាន់ សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។ ជាមួយគ្នានេះ តៃវ៉ាន់បានប្តេជ្ញាថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងដៃគូប្រជាធិបតេយ្យនានា ដើម្បីរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
គួររំលឹកផងដែរថា ទោះបីជាគ្មានទំនាក់ទំនងការទូតផ្លូវការក៏ដោយ ប៉ុន្តែសហរដ្ឋអាមេរិកគឺជា «បង្អែកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធការពារជាតិដ៏សំខាន់បំផុតរបស់តៃវ៉ាន់»។ យ៉ាងណាមិញ បន្ទាប់ពីជំនួបជាមួយលោក ស៊ី ជិនពីង នៅទីក្រុងប៉េកាំង កាលពីពេលមុន លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកផែនការលក់អាវុធថ្មីឱ្យទៅកោះតៃវ៉ាន់ជាបណ្តោះអាសន្ន ដោយលោកបានចាត់ទុកការផ្អាកនេះថាជា «កាតចរចាដ៏មានប្រៀប» (Bargaining Chip) មួយនៅក្នុងល្បែងនយោបាយជាមួយទីក្រុងប៉េកាំង៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស