ការរាំងស្ទះនៅច្រកសមុទ្រហ័រម៉ូស ដែលបណ្ដាលមកពីសង្គ្រាមអ៊ីរ៉ង់ កំពុងធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនជាច្រើនស្វែងរកផ្លូវជំនួស ដើម្បីចៀសវាងតំបន់ដែលមានហានិភ័យខ្ពស់។ ហើយការរាំងស្ទះនៅច្រកសមុទ្រហ័រម៉ូស ក៏កំពុងជះផលប៉ះពាល់ដល់ខ្សែច្រវាក់ដឹកជញ្ជូននៅតំបន់ផ្សេងទៀតផងដែរ។ ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃពុធ សប្ដាហ៍នេះថា សហរដ្ឋអាម៉េរិក ពេលនេះជាអ្នកគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រ ហ័រម៉ូស និងមានបំណងរក្សាការគ្រប់គ្រងនោះ ខណៈភាពមិនប្រាកដប្រជាជុំវិញការដឹកជញ្ជូនតាមផ្លូវទឹកនេះនៅតែបន្ត។
នៅពេលកប៉ាល់ជាច្រើនត្រូវបង្វែរទិសដៅ ព្រែកជីកប៉ាណាម៉ា ក៏ទទួលរងសម្ពាធកាន់តែខ្លាំងផងដែរ។ បច្ចុប្បន្នកប៉ាល់ខ្លះត្រូវរង់ចាំប្រមាណ១០ថ្ងៃ ដើម្បីឆ្លងកាត់ព្រែកជីកនេះ ដែលជាជួររង់ចាំយូរបំផុតមួយចាប់តាំងពីខែឧសភា មក។ ស្ថិតក្នុងស្ថានភាពនេះ ការទទួលបានសិទ្ធិអាទិភាពឆ្លងកាត់មុន គឺក្រុមហ៊ុនដឹកជញ្ជូនត្រូវចំណាយយ៉ាងច្រើន។ ជាក់ស្ដែងកប៉ាល់ Seaspan Benefactor បានចំណាយប្រមាណ៤លានដុល្លារ ដើម្បីមានសិទ្ធិឆ្លងទៅមុនគេ ដែលចំនួននេះខ្ពស់ជាង២ដង បើធៀបនឹងតម្លៃដេញថ្លៃជាមធ្យមកាលពីសប្តាហ៍មុន។
តាមធម្មតាកប៉ាល់ត្រូវបង់ថ្លៃសេវាឆ្លងកាត់ព្រែកជីក ប៉ុន្តែអាជ្ញាធរព្រែកជីកប៉ាណាម៉ា ក៏មានប្រព័ន្ធដេញថ្លៃប្រចាំថ្ងៃ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនបង់ប្រាក់បន្ថែម ដើម្បីទទួលបានអាទិភាពក្នុងការឆ្លងកាត់។ ប៉ុន្តែសង្គ្រាមមិនមែនជាបញ្ហាតែមួយ ដែលកំពុងបង្កសម្ពាធលើព្រែកជីកប៉ាណាម៉ានោះទេ។
បាតុភូតធម្មជាតិ El Niño ក៏កំពុងបង្កការព្រួយបារម្ភដែរ។ កម្រិតទឹកនៅបឹង Gatun ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់ប្រតិបត្តិការព្រែកជីកប៉ាណាម៉ា បានស្រកចុះខ្លាំង ហើយអាចបង្ខំឱ្យអាជ្ញាធរប៉ាណាម៉ា រឹតបន្តឹងលើជម្រៅកប៉ាល់ដែលអាចឆ្លងកាត់បាន។ វិធានការបែបនេះអាចបង្ខំឱ្យកប៉ាល់ធំៗមួយចំនួនកាត់បន្ថយបរិមាណទំនិញដែលដឹក ដើម្បីបញ្ចៀសការជាប់គឿង៕
ដោយ: តែម សុខុម