វិស័យទេសចរណ៍

ការហក់ឡើងចំនួនភ្ញៀវទេសចរផ្ទៃក្នុងកំពុងជួយទប់លំនឹងវិស័យទេសចរណ៍ដែលរង្គោះរង្គើដោយសារធ្លាក់ចុះចំនួនភ្ញៀវទេសចរបរទេស


វិស័យទេសចរណ៍កម្ពុជា កំពុងរងការបោកបក់ពីបញ្ហាជាច្រើន ដោយចំនួនភ្ញៀវទេសចរអន្តរជាតិ មកកម្សាន្តនៅកម្ពុជា បានស្រុតចុះយ៉ាងខ្លាំង។ ជាក់ស្តែងនៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៦ កម្ពុជា ទាក់ទាញភ្ញៀវបរទេសបានត្រឹមតែជិត២លាននាក់ប៉ុណ្ណោះមានការធ្លាក់ចុះរហូតដល់ជាង៤៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វិស័យទេសចរណ៍
ដោយ

ទោះជាយ៉ាងណា ក្រុមអ្នកជំនាញមើលឃើញថា ចរន្តចេញដើរលេងកម្សាន្តរបស់ទេសចរផ្ទៃក្នុង ជាពិសេសការសម្រុកទៅកម្សាន្តនៅទឹកដីខេត្តសៀមរាប នារដូវកាលបៃតង នេះបានក្លាយជាជន្ទល់ដ៏សំខាន់ក្នុងការជួយទប់លំនឹង និងទ្រទ្រង់ចរន្តសេដ្ឋកិច្ចរបស់ប្រតិបត្តិករក្នុងវិស័យឧស្សាហកម្មគ្មានផ្សែងនេះឱ្យមានភាពធូរស្បើយមួយកម្រិត។

លោក ខេលី ច័ន្ទតារា នាយកគ្រប់គ្រងសណ្ឋាគារ រ៉ូយ៉ាល់ អង្គរ រីសត នៅខេត្តសៀមរាប បានគូសបញ្ជាក់ថា ទោះបីជាចរន្តភ្ញៀវទេសចរបរទេសហាក់មានទំនោរធ្លាក់ចុះខ្លាំង ប៉ុន្តែវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប នៅតែរក្សាបានសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នៅរដូវកាលបៃតងឆ្នាំនេះ បើធៀបនឹងឆ្នាំមុនៗ ដោយសារការហក់ឡើងខ្ពស់នៃចរន្តទេសចរក្នុងស្រុក។

បើតាមប្រតិបត្តិករទេសចររូបនេះ កត្តាដែលជំរុញឱ្យភ្ញៀវក្នុងស្រុកសម្រុកមកកម្សាន្តនៅខេត្តសៀមរាបច្រើន រហូតធ្វើឱ្យនៅតាមសណ្ឋាគារនានាពេញៗនៅរៀងរាល់ចុងសប្តាហ៍ ក៏ដោយសារឥទ្ធិពលនៃការផ្សព្វផ្សាយយ៉ាងផុសផុល ពិសេសការបង្កើតនូវ Trend ថតរូបនៅតាមប្លង់ទេសចរណ៍ថ្មីៗ និងការបង្កើតនូវព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាធំៗជាច្រើនទៀត។

ការណ៍នេះ លោក ខេលី ចាន់ដារ៉ា បានវាយតម្លៃថា យុទ្ធសាស្ត្រជំរុញទេសចរណ៍ផ្ទៃក្នុងរបស់រាជរដ្ឋាភិបាល ពិតជាបានជួយស្រោចស្រង់ និងទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រតិបត្តិករទេសចរណ៍ក្នុងស្រុកឱ្យមានភាពប្រសើរឡើងវិញ។

ជាមួយគ្នានេះ លោក លោក ប្រាយអិន ស៊ីណាក់ អោក អ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុនទេសចរណ៍ See Asia Differently បានគូសបញ្ជាក់ថា កំណើននៃភ្ញៀវទេសចរក្នុងស្រុកដែលមកកម្សាន្តក្នុងខេត្តសៀមរាប នៅមួយរយៈពេលចុងក្រោយនេះ គឺជាសញ្ញាដ៏ល្អមួយសម្រាប់ជួយទ្រទ្រង់អាជីវកម្ម និងសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាប ឱ្យប្រសើរឡើងបានមួយកម្រិត បើទោះមានកំណើនខ្ពស់តែនៅអំឡុងចុងសប្ដាហ៍ក៏ដោយ។

ទោះជាយ៉ាងណា អ្នកជំនាញរូបនេះយល់ឃើញថា វិស័យទេសចរណ៍កម្ពុជា គួរតែត្រូវបានស្តារ និងលើកស្ទួយមកវិញឱ្យបានឆាប់រហ័ស ដើម្បីផ្តល់ទំនុកចិត្ត និងទាក់ទាញទេសចរអន្តរជាតិ ពីគ្រប់ទិសទីចូលមកកាន់ប្រទេសកម្ពុជា ពោលគឺថែរក្សាទាំងទីផ្សារចាស់ និងបើកទីផ្សារថ្មីៗបន្ថែម។

យ៉ាងណាមិញ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា វិស័យទេសចរណ៍របស់កម្ពុជា ជារួម ហាក់ពុំទាន់មានសញ្ញាល្អប្រសើរមកវិញនៅឡើយទេ មកទល់ពេលនេះ។ បើតាមអ្នកជំនាញរូបនេះ ទោះបីភ្ញៀវទេសចរផ្ទៃក្នុងមានការកើនឡើងខ្លះនៅរៀងរាល់ចុងសប្តាហ៍ ដែលបានជួយទ្រទ្រង់អាជីវកម្មស្នាក់នៅ និងម្ហូបអាហារបានមួយកម្រិត ប៉ុន្តែនៅតែមិនទាន់គ្រប់គ្រាន់សម្រាប់ជួយស្រោចស្រង់សេដ្ឋកិច្ចរបស់វិស័យនេះទាំងមូលបានឡើយ។ អ្នកជំនាញរូបនេះ ជំរុញឱ្យមានការចូលរួមសហការកាន់តែសកម្មថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីស្តារវិស័យនេះឡើងវិញ។

ជាពិសេសការបង្កើតស្តង់ដាគំរូ ត្រូវចាត់វិធានការរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយ ចរាចរណ៍ តំបន់ដើរថ្មើរជើង និងកន្លែងលក់ដូរតាមចិញ្ចើមផ្លូវ ដើម្បីជៀសវាងការរំខានដល់សុវត្ថិភាព និងអារម្មណ៍របស់ភ្ញៀវទេសចរ។

គួរជម្រាបថា តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២៦ នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុបប្រមាណជិត២លាននាក់ធ្លាក់ចុះជាង៤៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកនៅក្នុងរយៈពេលជាមួយគ្នានេះ ការចេញដើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិមានរហូតដល់ប្រមាណជិត២៤លាននាក់ កើនឡើងជាង៤៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕




អត្ថបទបន្ទាប់


បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួល​ការទូទាត់ពីភ្ញៀវទេសចរ​អន្តរជាតិ ពីប្រទេសសិង្ហបុរី

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែម​ប្រទេសសិង្ហបុ​រីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជ…

​តើអ្វីជាឧបសគ្គធំៗសម្រាប់កម្ពុជា ក្នុងការឈានទៅសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០?

ស្របពេលកម្ពុជា ត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច (LDC) និងឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ អ្នកតាមដានការអភិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ