មីយ៉ាន់ម៉ាបដិសេធសំណើអាស៊ាន

មីយ៉ាន់ម៉ាបដិសេធសំណើអាស៊ាន ដែលស្នើឱ្យដោះលែងលោកស្រី អ៊ុង សាន ស៊ូជី ដោយគ្មានលក្ខខណ្ឌ


រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដឹកនាំដោយលោក មីន អ៊ុងឡាំង បានបដិសេធចំពោះការអំពាវនាវជាថ្មីរបស់អាស៊ាន ក្នុងការដោះលែងមេដឹកនាំស៊ីវិលលោកស្រី អ៊ុង សាន ស៊ូជី។ មិនត្រឹមតែបដិសេធការដោះលែងនោះទេ ទីក្រុងណៃពិដោ ថែមទាំងបានបង្ហើបពីជំហររឹងរូសថា ខ្លួនលែងមានតម្រូវការចាំបាច់ក្នុងការទទួលយកបេសកជនពិសេសរបស់ប្រធានអាស៊ានតទៅទៀតហើយ នៅពេលដែលប្រទេសសិង្ហបុរីឡើងកាន់តំណែងជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២៧ ខាងមុខ។
មីយ៉ាន់ម៉ាបដិសេធសំណើអាស៊ាន
ដោយ

សារព័ត៌មាន Khaosod English បានរាយការណ៍ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចេញមុខបដិសេធយ៉ាងដាច់អហង្ការចំពោះការស្នើសុំសាជាថ្មីពីសំណាក់អាស៊ាន ដែលទាមទារឱ្យមានការដោះលែងអតីតមេដឹកនាំស៊ីវិលលោកស្រី អ៊ុង សាន ស៊ូជី ព្រមទាំងបានបង្ហាញការមិនពេញចិត្តចំពោះវត្តមានបេសកជនពិសេសអាស៊ានសម្រាប់កិច្ចការដោះស្រាយវិបត្តិនយោបាយក្នុងប្រទេសនេះ។ ក្រុមអ្នកវិភាគមើលឃើញថា ជំហរដ៏រឹងរូសរបស់លោក មីន អ៊ុងឡាំង អតីតប្រមុខកងទ័ព ដែលបានធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលកាលពីឆ្នាំ២០២១ គឺជាប៉ុនប៉ងស្វែងរកភាពស្របច្បាប់ខាងនយោបាយតាមរបៀបស្វ័យត និងព្យាយាមកាត់បន្ថយសម្ពាធពីអន្តរជាតិ បន្ទាប់ពីលោកបានផ្លាស់ប្តូរតួនាទីមកស៊ីវិលវិញ។
គួររំលឹកថា អាស៊ានបានដាក់ចេញនូវកិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុច កាលពីខែមេសា ឆ្នាំ២០២១ ដើម្បីបញ្ចប់អំពើហិង្សា និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយបរិយាបន្ន ក្រោមការសម្របសម្រួលពីបេសកជនពិសេស។ ប៉ុន្តែដោយសារកង្វះកិច្ចសហការ និងការមិនអនុវត្តតាមផែនការសន្តិភាពនេះ មេដឹកនាំយោធាមីយ៉ាន់ម៉ា ត្រូវបានហាមឃាត់មិនឱ្យចូលរួមកិច្ចប្រជុំកំពូលផ្លូវការរបស់អាស៊ានអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ទោះជាយ៉ាងណាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយការរិះគន់ជាអន្តរជាតិ រដ្ឋាភិបាលយោធាបានយល់ព្រមអនុញ្ញាតឱ្យតំណាងគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហមចូលជួបសម្ភាសន៍ជាមួយលោកស្រី អ៊ុង សាន ស៊ូជី ដែលបច្ចុប្បន្នមានវ័យ៨១ឆ្នាំ កាលពីសប្តាហ៍មុន។ បច្ចុប្បន្នលោកស្រី ស៊ូជី កំពុងស្ថិតក្រោមការឃុំឃាំងនៅក្នុងផ្ទះ ក្នុងទីតាំងសម្ងាត់មួយ នៃរដ្ឋធានីណៃពិដោ ក្រោមបទចោទប្រកាន់ជាច្រើនករណី ដែលក្រុមសិទ្ធិមនុស្ស និងអ្នកគាំទ្រចាត់ទុកថា ជារឿងនយោបាយបំបិទមាត់។
ពាក់ព័ន្ធនឹងការវិវត្តថ្មីនេះ ប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានប្តូរវេនអាស៊ានបច្ចុប្បន្នបានស្វាគមន៍ជំនួបរវាងកាកបាទក្រហម និងលោកស្រី អ៊ុងសាន ស៊ូជី ដោយចាត់ទុកថា ជាជំហានវិជ្ជមានឆ្ពោះទៅរកការផ្សះផ្សា ព្រមទាំងបានអំពាវនាវឱ្យមានការដោះលែងលោកស្រី និងអ្នកទោសនយោបាយទាំងអស់ដោយឥតលក្ខខណ្ឌ និងពេញលេញ។
ជាការឆ្លើយតបភ្លាមៗ ក្រសួងការបរទេសមីយ៉ាន់ម៉ាបានចេញសេចក្តីថ្លែងការណ៍សម្តែងការមិនពេញចិត្ត និងរិះគន់ការអំពាវនាវរបស់អាស៊ាន ដោយបញ្ជាក់ថា ការបន្ធូរបន្ថយទោសនាពេលកន្លងមក គឺធ្វើឡើងលើមូលដ្ឋានមនុស្សធម៌ប៉ុណ្ណោះ ប៉ុន្តែរឿងការដោះលែងពេញលេញ និងគ្មានលក្ខខណ្ឌ គឺត្រូវអនុវត្តតាមនីតិវិធីច្បាប់ និងតុលាការរបស់មីយ៉ាន់ម៉ាតែមួយគត់។ លើសពីនេះ ទីក្រុងណៃពិដោ បានគូសបញ្ជាក់ច្បាស់ៗថា ទោះបីជាខ្លួនបន្តធ្វើការជាមួយបេសកជនពិសេសអាស៊ានបច្ចុប្បន្នក៏ដោយ ប៉ុន្តែខ្លួនមិនឃើញមានតម្រូវការចាំបាច់ក្នុងការបន្តគាំទ្រយន្តការបេសកជនពិសេសនេះទៀតឡើយនៅពេលដែលប្រទេសសិង្ហបុរី ឡើងកាន់តំណែងជាប្រធានប្តូរវេនអាស៊ាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ខាងមុខ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ព្យុះដូហ្វីនបង្ខំឱ្យចិនជម្លៀសប្រជាជនជាង១លាននាក់ លុបជើងហោះហើរជាង១ពាន់ជើង ខណៈកម្ពុជា ក៏រងឥទ្ធិពលពីព្យុះនេះផងដែរ

ព្យុះទីហ្វុងដូហ្វីន កំពុងវាយប្រហារប្រទេសចិនយ៉ាងដំណំបណ្តាលឱ្យអាជ្ញាធរត្រូវបង្ខំចិត្តជម្លៀសប្រជាពលរដ្ឋជាង១លាននាក់ចេញពីផ្ទះសំបែង និងលុបចោលជើងហ…

អ្នកឧកញ៉ា សួរ វីរៈ​ ច្រានចោលការចោទប្រកាន់របស់ EDC ដែលថា ខ្លួនបង្ហោះសាររិះគន់រឿងតភ្ជាប់អគ្គិសនី EV យឺតយ៉ាវ ដើម្បីតោងប្រជាប្រិយភាព

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស បានចេញមុខបដិសេធយ៉ាងចំពោះការលើកឡើងរបស់អគ្គិសនីកម្ពុជា (EDC) ដែលថា រូបលោកច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ