ប៉ុន្តែការទាមទារនេះបានជួបប្រទះនឹងរបាំងនយោបាយដ៏រឹងមាំពីសំណាក់សហរដ្ឋអាម៉េរិក ដែលបានបដិសេធចោលភ្លាមៗនូវគំនិតនៃការបង្កើតច្បាប់ទប់ស្កាត់ល្បឿននៃការអភិវឌ្ឍន៍ AI។
យោងតាមការរាយការណ៍របស់សារព័ត៌មាន Al Jazeera បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៣ ខែកញ្ញា លោក ដារីយ៉ូ អាម៉ូដេ (Dario Amodei) នាយកប្រតិបត្តិក្រុមហ៊ុន Anthropic បានព្រមានចំៗទៅកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខថា ប្រសិនបើគ្មានការគ្រប់គ្រងឱ្យបានត្រឹមត្រូវទេ AI នឹងប្រែក្លាយជាហានិភ័យដ៏សាហាវបំផុតសម្រាប់អត្ថិភាព នៃមនុស្សជាតិ។ ការព្រមាននេះត្រូវបានគាំទ្រយ៉ាងពេញទំហឹងដោយលោក ស៊ែម អាល់មែន (Sam Altman) ប្រធានក្រុមហ៊ុន OpenAI ដែលបានគូសបញ្ជាក់នៅចំពោះមុខសមាជិកទាំង១៥ប្រទេសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ល្បឿនអភិវឌ្ឍន៍ AI នាពេលបច្ចុប្បន្នអាចធ្វើឱ្យមនុស្សបាត់បង់សមត្ថភាពម្ចាស់ការលើបច្ចេកវិទ្យានេះទាំងស្រុងនាពេលខាងមុខ។
កិច្ចប្រជុំជាប្រវត្តិសាស្ត្រនេះ ត្រូវបានរៀបចំឡើងដោយប្រទេសបារាំង ស្របពេលជាមួយនឹងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ខណៈដែលក្រុមអ្នកជំនាញអន្តរជាតិបានសង្កត់ធ្ងន់ថា ការរីកចម្រើនលឿនហួសពីការស្មានរបស់ AI តម្រូវឱ្យមានយន្តការត្រួតពិនិត្យ និងគ្រប់គ្រងពីមនុស្សជាចាំបាច់ ដើម្បីធានាថា វានឹងមិនរបូតចេញពីដៃ ហើយបង្កជាវិនាសកម្មសកល។
មេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗទាំងពីរខាងលើបានអំពាវនាវឱ្យមេដឹកនាំពិភពលោកចាត់វិធានការបន្ទាន់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងនោះមេក្រុមហ៊ុន Open AI បានព្រមានថា ប្រសិនបើការអភិវឌ្ឍ AI ត្រូវធ្វើឡើងតាមបែបប្រជាធិបតេយ្យ នឹងមិនអាចបណ្តោយឱ្យស្ថិតនៅក្នុងដៃមន្ទីរពិសោធន៍ណាមួយតែឯងនោះឡើយ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា AI ត្រូវតែមានបទប្បញ្ញត្តិគ្រប់គ្រងច្បាស់លាស់តាមរយៈដំណើរការប្រជាធិបតេយ្យ និងដោយរដ្ឋាភិបាលដែលមានការទទួលខុសត្រូវខ្ពស់ចំពោះប្រជាពលរដ្ឋរបស់ខ្លួន។
ទោះជាយ៉ាងណាមហិច្ឆតានៃការចង់បង្កើតច្បាប់គ្រប់គ្រង AI នេះ បានបុកទង្គិចយ៉ាងខ្លាំងជាមួយជំហររបស់មហាអំណាចអាម៉េរិក ដោយលោក ម៉ៃឃើល ក្រាតស៊ីយ៉ូស (Michael Kratsios) ទីប្រឹក្សាបច្ចេកវិទ្យាជាន់ខ្ពស់របស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានចេញមុខបដិសេធយ៉ាងដាច់អហង្ការចំពោះគំនិត នៃការចង់បង្កើតច្បាប់ ឬបទប្បញ្ញត្តិថ្មីៗមកទប់ស្កាត់ AI នេះ។ ទោះបីជាលោកបានទទួលស្គាល់ថា ល្បឿនអភិវឌ្ឍន៍ AI កំពុងកើនឡើងយ៉ាងលឿន និងមានហានិភ័យក៏ដោយ តែលោកបានតបតទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា នោះមិនមែនជាហេតុផលស័ក្តិសមក្នុងការផ្អាក ឬពន្យឺតការអភិវឌ្ឍ ដោយយកបទប្បញ្ញត្តិសកលមកគៀបសង្កត់នោះឡើយ។ លោកបានសង្កត់ធ្ងន់ថា កិច្ចសន្ទនាអន្តរជាតិក្នុងវេទិកាណាក៏ដោយមិនត្រូវបណ្តោយឱ្យងាករេទៅរកការបង្កើតអភិបាលកិច្ចគ្រប់គ្រងការអភិវឌ្ឍ AI ជាសកលនោះទេ។
ជំហរដ៏រឹងរូសរបស់ទីប្រឹក្សារូបនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទស្សនៈរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានប្រកាសថា លោកប្រឆាំងដាច់ខាតចំពោះគំនិតនៃការបន្ថយល្បឿនអភិវឌ្ឍន៍ AI ព្រោះវាជាផលប្រយោជន៍ និងជាឧត្តមភាពនៃការប្រកួតប្រជែងរបស់សហរដ្ឋអាម៉េរិក។ លោក ត្រាំ ធ្លាប់បានលើកឡើងថា អាម៉េរិកកំពុងនាំមុខប្រទេសចិនក្នុងវិស័យ AI ដូច្នេះត្រូវតែរក្សាភាពនាំមុខនេះជាដាច់ខាត ព្រោះអ្នកណាដែលឈ្នះលើសមរភូមិ AI អ្នកនោះនឹងឈ្នះលើគ្រប់អ្វីៗទាំងអស់។
ការខ្វែងគំនិតគ្នាដ៏ស្រួចស្រាល់នេះបានបង្កើតជាសញ្ញាព្រមានកាន់តែគួរឱ្យព្រួយបារម្ភ ខណៈដែលអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) ធ្លាប់បានដាស់តឿនថា អនាគត និងជោគវាសនារបស់ AI មិនអាចត្រូវសម្រេចដោយប្រទេសមួយក្តាប់តូច ឬបណ្តោយឱ្យស្ថិតក្រោមការនឹកឃើញរបស់មហាសេដ្ឋី២-៣នាក់បានឡើយ៕
អត្ថបទៈ សួន ឡង់ទី