របាយការណ៍របស់មន្ទីរបញ្ចកោណដែលបានបែកធ្លាយបានបង្ហាញថា ក្នុងចំណោមថវិកាជាង៤៧ពាន់លានដុល្លារដែលអាម៉េរិកបានចំណាយលើប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ មានប្រមាណ២៩ពាន់លានដុល្លារត្រូវប្រើប្រាស់ជាចាំបាច់ ដើម្បីទិញគ្រាប់រំសេវ និងគ្រឿងយុទ្ធភ័ណ្ឌទំនើបៗមកបំពេញស្តុកដែលបានខូចខាត និងប្រើប្រាស់អស់ក្នុងសមរភូមិ។ ជាមួយគ្នានេះ ថវិកាជាង៦ពាន់លានដុល្លារទៀតនឹងត្រូវបង្វែរទៅស្តារឡើងវិញនូវការបាត់បង់គ្រឿងបរិក្ខារយោធា រួមទាំងការខូចខាត និងការធ្លាក់យន្តហោះចម្បាំង ព្រមទាំងដ្រូនជាច្រើនគ្រឿងក្នុងអំឡុងពេលប្រយុទ្ធគ្នា។
សារព័ត៌មាន រ៉យទ័រ បានរាយការណ៍កាលពីថ្ងៃទី២៧ ខែតុលា ថា ការលេចធ្លាយតួលេខចំណាយយោធាដ៏សម្បើមនេះធ្វើឡើងចំពេលដែលសេតវិមាន និងគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងរងសម្ពាធនយោបាយយ៉ាងធ្ងន់ធ្ងរ ដោយសារជម្លោះប្រដាប់អាវុធនេះមិនទទួលបានការគាំទ្រពីសាធារណជនទូទៅឡើយ។ បញ្ហានេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិចូលមកដល់នៅថ្ងៃទី៣ ខែវិច្ឆិកា ដែលជាការបោះឆ្នោតសម្រេចជោគវាសនាថា តើគណបក្សណានឹងក្ដោបក្តាប់សំឡេងភាគច្រើននៅក្នុងសភាជាតិអាម៉េរិកសម្រាប់រយៈពេល២ឆ្នាំខាងមុខ។
ផលប៉ះពាល់អវិជ្ជមាននៃសង្គ្រាមនេះបានរុញច្រានតម្លៃថាមពលនៅលើទីផ្សារសកលឱ្យស្ទុះឡើង និងធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកាន់តែលំបាកដោយសារថ្លៃចំណាយលើជីវភាពរស់នៅកើនឡើង ក្រោយតម្លៃទំនិញនៅលើទីផ្សាយហក់ឡើងខ្ពស់។ កត្តានេះបានធ្វើឱ្យប្រជាប្រិយភាពរបស់លោក ដូណាល់ ត្រាំ ធ្លាក់ចុះយ៉ាងខ្លាំង និងគំរាមកំហែងដល់សំឡេងភាគច្រើនរបស់គណបក្សសាធារណរដ្ឋនៅក្នុងសភាទាំងពីររបស់សហរដ្ឋអាម៉េរិក៕