តួលេខដ៏អាក្រក់នេះ ផ្ទុយស្រឡះពីខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ដែលកាលណោះអាម៉េរិក ធ្លាប់មានអតិរេក ឬសល់ថវិការហូតដល់២៧ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យផ្លូវការពីក្រសួងរតនាគារអាម៉េរិក ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
របាយការណ៍ហិរញ្ញវត្ថុជាតិ របស់សហរដ្ឋអាម៉េរិក បានបង្ហាញថា ឱនភាពថវិកាជាតិ បានហក់ឡើងដល់១២០ពាន់លានដុល្លារនៅក្នុងខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបង្ខំចិត្តបង្វិលសងប្រាក់ពន្ធគយជិត៥០ពាន់លានដុល្លារទៅឱ្យបណ្តាក្រុមហ៊ុននាំចូលវិញ។ ការបង្វិលសងប្រាក់ពន្ធក្នុងទំហំទឹកប្រាក់ដ៏ច្រើននេះធ្វើឡើងបន្ទាប់ពីតុលាការកំពូលសហរដ្ឋអាម៉េរិក បានចេញសាលដីកាចុងក្រោយដោយវាយតម្លៃថា ពន្ធគយមួយចំនួនដែលលោក ត្រាំ បានដាក់ចេញកាលពីពេលមុន គឺជារឿងខុសច្បាប់ទាំងស្រុង។ ទោះបីជាក្រសួងហិរញ្ញវត្ថុអាម៉េរិក អាចប្រមូលចំណូលពីពន្ធគយបានចំនួនជាង២៣ពាន់លានដុល្លារក្នុងខែមិថុនា កន្លងទៅយ៉ាងណាក្តី ក៏ចំនួននេះមិនអាចទប់ទល់នឹងទំហំ នៃការបង្វិលសងវិញបានឡើយ ដែលធ្វើឱ្យគណនេយ្យពន្ធគយរបស់អាម៉េរិក ខាតបង់រហូតដល់ទៅជិត២៦ពាន់លានដុល្លារ។
យុទ្ធនាការបង្វិលលុយពន្ធសងទៅក្រុមហ៊ុននាំចូលវិញ បានចាប់ផ្តើមអនុវត្តតាំងពីខែឧសភា ភ្លាមៗបន្ទាប់ពីតុលាការកំពូលបានប្រកាសសាលដីកាជាផ្លូវការ។ ទិន្នន័យដដែលបានបង្ហាញថា គ្រាន់តែក្នុងខែមិថុនា ទឹកប្រាក់ដែលរដ្ឋភិបាលអាម៉េរិកត្រូវសងត្រឡប់ទៅវិញមានចំនួនកើនឡើងទ្វេដង បើធៀបនឹងទឹកប្រាក់២២ពាន់លានដុល្លារ ដែលបានសងកាលពីខែឧសភា។
ទន្ទឹមនឹងវិបត្តិថវិការនេះ គោលនយោបាយពន្ធគយដ៏ចម្រូងចម្រាសរបស់លោក ត្រាំ ក៏កំពុងធ្លាក់ក្នុងភាពមិនច្បាស់លាស់កាន់តែខ្លាំង ខណៈដែលពន្ធគយសកលបណ្តោះអាសន្នអត្រា១០% នឹងត្រូវផុតកំណត់នៅថ្ងៃទី២៤ ខែកក្កដា ខាងមុខនេះ ហើយសេតវិមានកំពុងស្វះស្វែងពិចារណាដាក់ចេញនូវវិធានការពន្ធគយថ្មីៗដើម្បីជំនួសវិញ។
ក្រៅពីវិបត្តិពន្ធគយនេះ ការចំណាយចរន្តរបស់រដ្ឋាភិបាលអាម៉េរិក ក៏បានបន្តហក់ឡើងគួរឱ្យបារម្ភផងដែរ។ នៅក្នុងខែមិថុនា ការចំណាយសរុបរបស់រដ្ឋភិបាលបានហក់ឡើងដល់៦១៦ពាន់លានដុល្លារ ពោលគឺកើនឡើង២៣% ខណៈការចំណាយលើការបង់ការប្រាក់ នៃបំណុលជាតិបានហក់ឡើងដល់ទៅ១៨៥ពាន់លានដុល្លារ។
គិតត្រឹមរយៈពេល៩ខែដំបូង នៃឆ្នាំសារពើពន្ធ២០២៦ នេះ ឱនភាពថវិការបស់សហរដ្ឋអាម៉េរិកបានកើនឡើង១,៣ទ្រីលានដុល្លារ ដែលលជាសញ្ញាអាសន្នបង្ហាញថា សម្ពាធហិរញ្ញវត្ថុ និងបន្ទុកបំណុលលើរបស់រដ្ឋាភិបាលអាម៉េរិក កំពុងឡើងកម្តៅខ្លាំងឡើងៗ។ តួលេខចុងក្រោយនេះបានលាតត្រដាងឱ្យឃើញច្បាស់ថា ទោះបីជាគោលនយោបាយពន្ធគយធ្លាប់ជួយប្រមូលចំណូលបានរាប់ពាន់លានដុល្លារដល់រដ្ឋយ៉ាងណាក្តី ក៏ការចាញ់ក្តីនៅតុលាការ និងការបង្ខំចិត្តបង្វិលសងប្រាក់ពន្ធទៅឱ្យក្រុមហ៊ុនឯកជនវិញ កំពុងប្រែក្លាយអាវុធសេដ្ឋកិច្ចមួយនេះឱ្យទៅជាបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ និងជាដំបៅមហារីកបំផ្លាញថវិកាជាតិរបស់សហរដ្ឋអាម៉េរិក៕
ដោយ: តែម សុខុម