ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ថៃ នៅថ្ងៃទី១៤ ខែកក្កដា បានបង្ក្រាបបណ្តាញល្បែងស៊ីសងអនឡាញខ្នាតយក្សមួយឈ្មោះថា All Game 248 ដោយចាប់ខ្លួនជនសង្ស័យបានចំនួន១២នាក់ រួមទាំងអតីតអ្នកនយោបាយម្នាក់ និងរឹបអូសទ្រព្យសម្បត្តិមានតម្លៃមួយចំនួន បន្ទាប់ពីបានរកឃើញបណ្តាញនេះបានដំណើរការប្រព័ន្ធប្រតិបត្តិការទូទាត់មានតម្លៃរាប់សិបលានដុល្លារជារៀងរាល់ខែតាមរយៈក្រុមហ៊ុនខ្យល់ គណនីក្លែងក្លាយ និងតាមច្រករូបិយប័ណ្ណឌីជីថល ឬគ្រីបតូ។
កាសែងបាងកកប៉ុស្តិ៍ បានចុះផ្សាយលាតត្រដាងការពិតដ៏ជូរចត់មួយថា ប្រទេសថៃ មិនមែនជាដែនដីដ៏វិសុទ្ធ ឬមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុដូចដែលរដ្ឋាភិបាលប្រទេសនេះតែងតែអួតអាងក្តែងៗនោះឡើយ។ ផ្ទុយទៅវិញ វាគឺជាឋានសួគ៌លាក់មុខ នៃឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការលាងលុយដ៏ខ្មៅកខ្វក់។ បើយោងតាមរបាយការណ៍របស់ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ថៃ បណ្តាញល្បែងស៊ីសង និងលាងលុយកខ្វក់ក្រោមឈ្មោះ All Game 248 បានដំណើរការទូទាត់ហិរញ្ញវត្ថុខ្មៅយ៉ាងស្មុគស្មាញតាមរយៈគណនីធនាគារ ក្រុមហ៊ុនស្រមោល ច្រកទូទាត់ប្រាក់ខុសច្បាប់ និងការបំប្លែងលុយកខ្វក់ទៅជាលុយស្អាតតាមរយៈកាក់ឌីជីថល Crypto។
អ្វីដែលធ្វើឱ្យមហាជនថៃ ហួសចិត្តនោះ គឺក្នុងចំណោមជនសង្ស័យ ដែលត្រូវបានចាប់ខ្លួនទាំង១២នាក់នៅក្នុងប្រតិបត្តិការបង្ក្រាបបណ្តាញល្បែងស៊ីសងខាងលើ មានអតីតអ្នកនយោបាយថៃ ម្នាក់ និងបុរសវ័យ៣៥ឆ្នាំម្នាក់ទៀត ដែលគេស្គាល់ថា ជាលេខាផ្ទាល់របស់បុគ្គលមានឥទ្ធិពល និងមានអំណាចលំដាប់នៅក្នុងជួររដ្ឋាភិបាលថៃ។ នេះសបញ្ជាក់ឱ្យឃើញថា ឧក្រិដ្ឋកម្មទាំងនេះអាចដុះស្លែ និងរីកដុះដាលទៅបាន ក៏ដោយសារតែមានខ្នងបង្អែកជារលកបង្កប់ក្នុងជួររដ្ឋាភិបាលថៃហ្នឹងឯង។
មន្ត្រីជាន់ខ្ពស់ថៃ បានចេញមុខសារភាពកាលពីថ្ងៃចន្ទ ថា គេហទំព័រល្បែង All Game 248 នេះ បានលួចបើកភ្នាល់លើព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២៦ និងល្បែងស៊ីសងជាច្រើនប្រភេទទៀតយ៉ាងគគ្លើនអស់រយៈពេលជាង១៨ខែមកហើយ ដោយគ្មានការរំខាន ឬការបង្ក្រាបទាល់តែសោះ។ ក្រុមអ្នកស៊ើបអង្កេតបានវាយតម្លៃថា បណ្តាញឧក្រិដ្ឋកម្មមួយនេះបានបង្កើតចំណូលខ្មៅងងឹតចូលហោប៉ៅឧក្រិដ្ឋជន និងអ្នកមានអំណាចថៃ មិនតិចជាង១ពាន់លានបាត ឬជិត៣០លានដុល្លារនោះទេក្នុងរយៈពេលត្រឹម៣ខែចុងក្រោយនេះ ដោយមានអ្នកលេងចុះឈ្មោះរាប់ម៉ឺននាក់។
ដើម្បីបិទបាំងលំហូរលុយកខ្វក់ មេខ្លោងថៃ និងអ្នកនយោបាយពាក់ព័ន្ធបានរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុជាស្រទាប់ៗយ៉ាងស្មុគស្មាញ ដោយប្រើប្រាស់គណនីធនាគារស្រមោលជាង២០គណនី ដែលតភ្ជាប់ដោយផ្ទាល់ទៅនឹងជនសង្ស័យ និងគណនីលាងលុយបន្តគ្នាជាង២០០គណនីទៀត រួមទាំងការប្រើប្រាស់ឈ្មោះជនបរទេសមកឈរឈ្មោះធនាគារ ដើម្បីគេចវេសពីការតាមដានរបស់សមត្ថកិច្ច។
ការបង្ក្រាបបទឧក្រិដ្ឋដ៏ស្អុយរលួយនេះ ជាការទះកំផ្លៀងរដ្ឋាភិបាលថៃ ដែលកន្លងមកតែងតែយករឿងល្បែងអនឡាញ និងការលាងលុយធ្វើជាលេសវាយប្រហារប្រទេសជិតខាង ដើម្បីបិទបាំងភាពទន់ខ្សោយ ក៏ដូចជាអំពើពុករលួយជាប្រព័ន្ធនៅក្នុងស្ថាប័នរដ្ឋ និងអ្នកមានអំណាច៕
ដោយៈ សរ សុជាតិ