ក្រុមហ៊ុន Nvidia

រឿងអាស្រូវស្នេហាចារកម្មរបស់ Nvidia កំពុងលាតត្រដាងពីតួនាទីសិង្ហបុរី ក្នុងការធ្វើជាស្ពានសម្ងាត់ផ្ទេរបន្ទះឈីប AI ឱ្យចិន


រឿងអាស្រូវស្នេហាចារកម្មដ៏កក្រើកពិភពលោករវាងនាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang និងស្ត្រីជំនួញជនជាតិចិន លោកស្រី Alice Huang កំពុងធ្វើឱ្យមានការបើកកកាយការពិតដ៏រន្ធត់មួយជុំវិញតួនាទីរបស់ប្រទេសសិង្ហបុរី ក្នុងការធ្វើជាច្រករបៀងអន្តរការី ផ្ទេរបន្ទះឈីប AI កម្រិតខ្ពស់របស់អាម៉េរិក ទៅឱ្យចិន។
រឿងអាស្រូវស្នេហាចារកម្មរបស់_Nvidia_បានលាតត្រដាងពីតួនាទីសិង្ហបុរី
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times ក្រុមហ៊ុនមួយនៅសិង្ហបុរី ដែលមិនសូវមានអ្នកស្គាល់បែរជាមានកំណើនប្រាក់ចំណូលគួរឱ្យកត់សម្គាល់ពី៣៣លានដុល្លារឈានដល់៣ពាន់លានដុល្លារត្រឹមរយៈពេល១ឆ្នាំ ដោយសារការធ្វើជាស្ពានភ្ជាប់ Nvidia ទៅឱ្យក្រុមហ៊ុនចិន Alibaba។ តើអាជ្ញាធរសហរដ្ឋអាម៉េរិក និងប៉ូលិសសិង្ហបុរី កំពុងចាត់វិធានការបែបណាខ្លះជុំវិញបណ្តាញរត់ពន្ធបន្ទះឈីបនេះ?

សារព័ត៌មាន Financial Times បានចុះផ្សាយដោយស្រង់ពីរបាយការណ៍ស៊ើបអង្កេតថា ក្រុមហ៊ុន Mega Speed នៅប្រទេសសិង្ហបុរី ដែលធ្លាប់មានភាគហ៊ុនិកម្នាក់ជាស្ត្រីពាណិជ្ជករចិន លោកស្រី Alice Huang ដែលជាតួអង្គត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងស្នេហាចារកម្មជាមួយនាយកប្រតិបត្តិ Nvidia គឺជាអតិថិជនធំបំផុតមួយនៅទ្វីបអាស៊ីរបស់ក្រុមហ៊ុន Nvidia។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺតារាងសមតុល្យហិរញ្ញវត្ថុរបស់ Megaspeed បានហក់ឡើងយ៉ាងគំហុកពី៣៣លានដុល្លារក្នុងឆ្នាំ២០២៣ ឈានដល់៣ពាន់លានដុល្លារអាម៉េរិក នៅមួយឆ្នាំក្រោយ។

ការហក់ឡើងប្រាក់ចំណូលយ៉ាងគំហុករបស់ក្រុមហ៊ុន Mega Speed នេះ បានកើតឡើងតាមរយៈការដើរតួជាស្ពានតភ្ជាប់ការផ្គត់ផ្គង់បន្ទះឈីប AI កម្រិតខ្ពស់ពី Nvidia ទៅឱ្យអតិថិជនយក្សរបស់ចិន គឺក្រុមហ៊ុនបច្ចេកវិទ្យា Alibaba។ ទោះបីជាច្បាប់របស់សិង្ហបុរីមិនមានការហាមឃាត់ការផ្ទេរបន្ទះឈីប AI កម្រិតខ្ពស់ទៅឱ្យក្រុមហ៊ុនចិនក៏ដោយ ប៉ុន្តែប្រតិបត្តិការស្រមោលបែបនេះ ត្រូវបានគេសង្ស័យថា បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិគ្រប់គ្រងការនាំចេញ និងទណ្ឌកម្មពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។

បច្ចុប្បន្នសិង្ហបុរីកំពុងរងសម្ពាធការទូត និងសន្តិសុខយ៉ាងធ្ងន់ធ្ងរពីទីក្រុងវ៉ាស៊ីនតោន ក្នុងការបើកយុទ្ធនាការបង្ក្រាប និងបោសសម្អាតបណ្តាញក្រុមហ៊ុនអន្តរការី ដែលសង្ស័យថា បានសម្របសម្រួល និងបើកផ្លូវឱ្យមានការរត់គេចពន្ធ ឬផ្ទេរបន្ទះឈីបទៅឱ្យចិន។ អាជ្ញាធរអាម៉េរិក ព្រមទាំងកងកម្លាំងប៉ូលិសសិង្ហបុរីកំពុងបើកការស៊ើបអង្កេតលើប្រតិបត្តិការហិរញ្ញវត្ថុរបស់ Megaspeed។ ទោះជាយ៉ាងណា ក្រុមហ៊ុននេះបានចេញមុខបដិសេធ ដោយអះអាងថា ខ្លួនធ្លាប់ឆ្លងកាត់ការស៊ើបអង្កេតពីអាជ្ញាធរអាម៉េរិក និងម៉ាឡេស៊ីរួចហើយ ហើយមិនមានភ័ស្តុតាងណាមួយបង្ហាញថា ខ្លួនបានប្រព្រឹត្តបទល្មើស ឬរត់ពន្ធបន្ទះឈីបខុសច្បាប់នោះឡើយ។

ទោះបីជាមានការបដិសេធយ៉ាងណាក៏ដោយ សំណុំរឿងអាស្រូវនេះបានលាតត្រដាងឱ្យឃើញពីបណ្តាញអន្តរការីងងឹតយ៉ាងស្មុគស្មាញ ដែលជ្រកក្រោមស្លាកជំនួញនៅសិង្ហបុរី ដើម្បីជួយឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនអាចក្រសោបបាននូវបន្ទះឈីបទំនើបៗរបស់អាម៉េរិក ព្រមទាំងបង្កើតជាសញ្ញាសួរចំពោះតួនាទីរបស់សិង្ហបុរី ក្នុងយុទ្ធសាស្ត្ររារាំងការរីកចម្រើន AI របស់ចិនពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។

គួរជម្រាបថា ប្រទេសសិង្ហបុរី គឺជាមជ្ឈមណ្ឌលប្រមូលប្រាក់ចំណូលធំជាងគេទីពីររបស់ Nvidia លើពិភពលោកក្នុងឆ្នាំសារពើពន្ធ២០២៥ ដោយគ្របដណ្តប់រហូតដល់១៨% នៃប្រាក់ចំណូលសរុប។ ប៉ុន្តែក្នុងចំណោមប្រាក់ចំណូលទាំងនោះមានបន្ទះឈីបតែ២%ប៉ុណ្ណោះ ដែលត្រូវបញ្ជូនមកដល់ទឹកដីសិង្ហបុរីពិតប្រាកដ ខណៈដែលក្រុមហ៊ុននៅអាស៊ីជាច្រើនបានបញ្ជាទិញបន្ទះឈីបតាមរយៈការិយាល័យតំណាងនៅសិង្ហបុរី ហើយទំនិញត្រូវបញ្ជូនត្រង់ទៅកាន់ប្រទេសចិនតែម្តង៕




អត្ថបទបន្ទាប់


ផ្ទុះរឿងអាស្រូវស្នេហាមហាសេដ្ឋី NVIDIA៖ ធ្វើឱ្យតម្លៃទីផ្សារភាគហ៊ុនក្រុមហ៊ុនធ្លាក់ចុះ ៤៧០ពាន់លានដុល្លារ ត្រឹមតែ២ថ្ងៃ

ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់អាម៉េរិក NVIDIA កំពុងជួបវិបត្តិដ៏រន្ធត់មិនធ្លាប់មានដោយតម្លៃភាគហ៊ុនបានដាំក្បាលចុះ និងខាតបង់រហូតដល់ទៅ…

មិត្តហ្វូនប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី MetHealth ដោយជួយឱ្យប្រជាជនកម្ពុជាអាចទទួលបានសេវាថែទាំសុខភាពដែលមានគុណភាព

ក្រុមហ៊ុនមិត្តហ្វូន បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី MetHealth ដែលជាសេវាគាំទ្រផ្នែកសុខភាព តភ្ជាប់ពលរដ្ឋកម្ពុជាទៅកាន់មណ្ឌលវេជ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ