ក្រុម AOT

តើការចុះពិនិត្យផ្ទៀងផ្ទាត់ និងកត់ត្រារបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាននៅតាមព្រំដែនអាចផ្តល់ផលប្រយោជន៍អ្វីខ្លះដល់កម្ពុជា?


រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ត្រឹមតែក្នុងខេត្តបន្ទាយមានជ័យមួយប៉ុណ្ណោះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានរកឃើញ និងកត់ត្រាទូកុងតឺន័ររបស់យោធាថៃចំនួន១១៦ទូនៅ២៤ ទីតាំង ខណៈប្រជាពលរដ្ឋកម្ពុជាជាង១៣,២៥៩នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាននៅឡើយ។ តួលេខនេះមិនទាន់រាប់បញ្ចូលជនភៀសសឹក និងការដាក់ទូកុងតឺន័រ និងរបងលួសបន្លារបស់យោធាថៃចូលក្នុងដែនអធិបតេយ្យភាពកម្ពុជាក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់នោះទេ។
ក្រុម AOT
ដោយ

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយបានលើកឡើងថា ការកត់ត្រាតាមដានដោយ​ក្រុមអ្នកសង្កេតការណ៍អាស៊ាន គឺជាការរបាយការណ៍ឯករាជ្យ​អព្យាក្រឹត្យ​ក្នុងការត្រួតពិនិត្យតាមដានវិវាទព្រំដែនកម្ពុជា-ថៃ ក្រៅពីភាគីកម្ពុជាខ្លួនឯង។

សម្រាប់អ្នកជំនាញរូបនេះ ការកត់ត្រានេះមិនត្រឹមតែបង្ហាញពីសកម្មឈ្លានពានរបស់យោធាថៃនោះទេ​ តែវានឹងក្លាយជាឯកសារភស្តុតាងដ៏រឹងម៉ាំសម្រាប់ឱ្យកម្ពុជាដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ​ ឬក៏អាចប្រើជាទឡ្ហីករណ៍សម្រាប់ដាក់សម្ពោធទៅភាគីថៃ​តាមរយៈវេទិការអន្តរជាតិ​នានា។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ស្ថិតក្នុងកាលៈទេសៈសណ្ដាប់ធ្នាប់ពិភពលោកហាក់មានភាពច្របូកច្របល់ ការបន្តដាក់លិខិតតវ៉ាជារឿងចាំបាច់ ជាពិសេសត្រូវពង្រឹងការទូតព័ត៌មាន​ និងអភិវឌ្ឍសមត្ថភាពទ័ពឱ្យខ្លាំងក្លាបន្ថែមទៀត។

ជាមួយគ្នានេះលោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះការផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានបង្ហាញពីស្មារតីបុរេសកម្មក្នុងការទម្លាយព័ត៌មានពិតជូនសាធារណជន និងពិភពលោក។ លោកបណ្ឌិតបានផ្តល់ជាយោបល់ថា ក្រៅពីការចងក្រងទិន្នន័យ ក្រុម AOT គួរតែបង្កើតវេទិការួមមួយ ដើម្បីចេញសេចក្តីថ្លែងការណ៍រួមជុំវិញហេតុការណ៍ដែលបានកត់ត្រា ដើម្បីបង្កើនទម្ងន់ នៃការផ្សព្វផ្សាយ និងរុញច្រានឱ្យសហគមន៍អន្តរជាតិមើលឃើញកាន់តែច្បាស់ពីទំហំនៃបញ្ហានេះ។

ពាក់ព័ន្ធបញ្ហានេះដែរឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចាត់ទុកវត្តមាន និងការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសំណាក់អាស៊ាន អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ គឺជាភ្នែកទីបី របស់កម្ពុជា។ ការឃ្លាំមើលនេះ គឺជាសំឡេងឯករាជ្យដ៏មានឥទ្ធិពលក្នុងការដាក់សម្ពាធលើភាគីថៃ មិនឱ្យអាចរត់គេច ឬភូតភរលាក់បាំងការពិតទាំងអំឡុងពេលនៃការប៉ះទង្គិច និងក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការប្រើប្រាស់កម្លាំងបាយអាចបង្កើតត្រឹមការគ្រប់គ្រងជាក់ស្តែងមួយរយៈ ប៉ុន្តែមិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់បានឡើយ។ ការដាក់ពង្រាយទូកុងតឺន័រ និងការរៀបចំរបងលួសបន្លារបស់យោធាថៃអាចរារាំងផ្លូវធ្វើដំណើរ និងបិទខ្ទប់មិនឱ្យប្រជាពលរដ្ឋខ្មែរចូលផ្ទះសំបែងបាន ប៉ុន្តែមិនអាចបិទបាំងការពិត និងមិនអាចបិទក្រសែភ្នែករបស់ពិភពលោក បាននោះឡើយ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


​ស្ថានទូតអាម៉េរិក​រឹតបន្តឹង​ការស្នើសុំទិដ្ឋាការ ខណៈអ្នកជំនាញបារម្ភផលប៉ះពាល់ដល់ការបើកចំហពាណិជ្ជកម្ម​

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជាបានប្រកាសរឹតបន្តឹងចំពោះការដាក់ពាក្យស្នើសុំទិដ្ឋាការរបស់ប្រជាជនកម្ពុជា បន្ទាប់ពីពួកគេបានរកឃើញសកម្មភាពបោកប្រាស…

សមាគមជំរុញឱ្យអ្នកចិញ្ចឹមមាន់សិក្សាពីតម្រូវការទីផ្សារមុននឹងចិញ្ចឹម ក្រោយតម្លៃធ្លាក់ចុះខ្លាំង

ទោះបីជាពិធីបុណ្យសែនក្បាលទឹកបានខិតជិតចូលមកដល់ ដែលនឹងជំរុញឱ្យមានត​ម្រូវការប្រើប្រាស់សាច់សត្វជាច្រើនដូចជាប្រភេទជ្រូកមាន់ទាជាដើម ប៉ុន្តែតម្ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ