ការរឹតបន្តឹងនេះត្រូវបានអ្នកជំនាញក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចបារម្ភថា អាចធ្វើឱ្យប៉ះពាល់ដល់ការបើកចំហ និងជំរុញពាណិជ្ជកម្មទ្វាភាគី ព្រោះនឹងធ្វើឱ្យមានភាពយឺតយ៉ាវក្នុងការធ្វើដំណើរចូលសហរដ្ឋអាម៉េរិក។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា ការរឹតត្បិតទិដ្ឋាការរបស់សហរដ្ឋអាម៉េរិកមកលើពលរដ្ឋខ្មែរអាចធ្វើឱ្យប៉ះពាល់ដល់ការបើកចំហពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ មកទល់ពេលនេះ អ្នកមានធនធានរបស់កម្ពុជា ដែលធ្លាប់ចេញចូលសហរដ្ឋអាម៉េរិក ញឹកញាប់នាពេលកន្លងទៅ ក៏កំពុងរងការរឹតត្បិតជាងមុនផងដែរ។ ការណ៍នេះ ត្រូវបានអនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះយល់ថា ប្រសិនបើសហរដ្ឋអាម៉េរិកនៅតែបន្តរឹតត្បិតលើការស្នើសុំទិដ្ឋាការចូលសហរដ្ឋអាម៉េរិក នោះនឹងមិនអាចជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានខ្លាំងនោះទេ។
ដោយឡែកលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិយល់ឃើញថា ការរឹតបន្តឹងនេះ អាចដោយសារយន្តការសន្តិសុខ និងច្បាប់បច្ចេកទេសច្រើនជាងបញ្ហានយោបាយ ខណៈរដ្ឋបាលលោក ដូ ណាល់ត្រាំ តែងផ្ដោតសំខាន់លើការធ្វើពាណិជ្ជកម្ម។ បើតាមអ្នកជំនាញរូបនេះ ការរឹតបន្តឹងនេះនឹងធ្វើឱ្យមានភាពយឺតយ៉ាវក្នុងការធ្វើដំណើរចូលសហរដ្ឋអាម៉េរិក និងជាការដាស់តឿនដល់ពលរដ្ឋកម្ពុជាឱ្យប្រកាន់ខ្ជាប់នូវតម្លាភាព និងភាពត្រឹមត្រូវតាមច្បាប់ដែលបានកំណត់។
សូមបញ្ជាក់ថា ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានប្រកាសរឹតបន្តឹងចំពោះអ្នកដាក់ពាក្យស្នើសុំទិដ្ឋាការរបស់ពលរដ្ឋខ្មែរ ក្រោយពួកគេរកឃើញមានការបោកប្រាស់ថ្មីៗ និងបច្ចេកវិទ្យាឯកសារក្លែងក្លាយ។ ជាមួយគ្នានេះស្ថានទូតបានព្រមានថា ការបង្ហាញព័ត៌មានមិនត្រឹមត្រូវ និងការផ្តល់ឯកសារក្លែងក្លាយអាចបណ្តាលឱ្យមានការហាមឃាត់ជាអចិន្ត្រៃយ៍ពីការចូលសហរដ្ឋអាម៉េរិក និងប្រឈមវិធានការផ្លូវច្បាប់ ខណៈអាម៉េរិកចាត់ទុកការក្លែងបន្លំជាបញ្ហាធ្ងន់ធ្ងរបំផុត៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ