​​​​​​​​​​​​​​​​​​​​​​​​​​​​វិស័យ SME

ចរន្តគាំទ្រផលិតផលខ្មែរអាចនឹងរលត់! សហគ្រិនខ្មែរត្រូវតែពង្រឹងស្តង់ដា និង គុណភាព បើចង់ឈ្នះការប្រកួតប្រជែងរយៈពេលវែង


ទោះបីជាចរន្តគាំទ្រផលិតផលក្នុងស្រុក និងស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរ កំពុងបង្កើតជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកក្នុងការពង្រីកខ្លួន និងវាយលុកទីផ្សារយ៉ាងណាក៏ដោយ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានព្រមានថា ខ្សែច្រវាក់ផលិតកម្មក្នុងស្រុកនឹងមិនអាចឈរជើងបានយូរអង្វែងឡើយ ប្រសិនបើពឹងផ្អែកតែលើចរន្តគាំទ្របែបអារម្មណ៍មួយពេល ដោយមិនបានត្រៀមខ្លួនប្រកួតប្រជែងលើស្តង់ដា និងគុណភាពឱ្យបានច្បាស់​លាស់នោះ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​វិស័យ SME
ដោយ

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា ទោះបីការធ្វើពហិការរបស់ពលរដ្ឋបានហុចឱកាសមាសដល់សហគ្រាសក្នុងការពង្រីកចំណែកទីផ្សារក៏ដោយ តែការពង្រីកផលិតកម្មថ្មីៗដោយគ្មានការត្រៀមខ្លួនច្បាស់លាស់អំពីការកំណត់ស្តង់ដា និងគុណភាពផលិតផលនៅតែជាក្តីកង្វល់សម្រាប់ពលរដ្ឋ និងរដ្ឋាភិបាល។

ថ្នាក់ដឹកនាំរូបនេះបានបញ្ជាក់នៅក្នុងកម្មវិធីយុទ្ធនាការ«អភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល»កាលពីថ្ងៃទី២៩ ខែមិថុនា ថា ការត្រៀមចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ គឺចាំបាច់ណាស់តម្រូវឱ្យសហគ្រាសក្នុងស្រុកមានសមត្ថភាពប្រកួតប្រជែងខ្ពស់ទាំងស្តង់ដាគុណភាព ផលិតភាព និងនវានុវត្តន៍។ ថ្នាក់ដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា ការផលិតផលិតដោយអនុលោមតាមស្តង់ដា គឺជាការវិនិយោគលើទំនុកចិត្តរបស់អតិថិជន និងការពង្រីកទីផ្សារឱ្យកាន់តែរឹងមាំ ពោលគឺមិនមែនជាបន្ទុកចំណាយបន្ថែម នៃថ្លៃដើមអាជីវកម្មឡើយ។

ជាមួយគ្នានេះ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា កត់សម្គាល់ឃើញថា កិច្ចសហការរវាងក្រសួងស្ថាប័នពាក់ព័ន្ធជាមួយវិស័យឯកជនក្នុងការអភិវឌ្ឍសហគ្រាស ដើម្បីជំរុញការផលិតផលិតផលប្រកបដោយគុណភាពហាក់នៅមានកម្រិតនៅឡើយ ខណៈការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផលចាំបាច់ត្រូវការការជួយគាំទ្រផ្នែកហិរញ្ញវត្ថុ។ អ្នកជំនាញរូបនេះសង្កេតឃើញដែរថា បច្ចុប្បន្នពលរដ្ឋមួយចំនួននៅតែខ្វះទំនុកចិត្តលើផលិតផលក្នុងស្រុក ដោយសារការប្រកួតប្រជែងមិនស្មោះត្រង់ និងការកែច្នៃ និងក្លែងបន្លំបាកូដផលិតផលនៅលើទីផ្សារកើតមានជាបន្តបន្ទាប់ ខណៈការយល់ដឹងពីផលិតផលខុសច្បាប់នៅមានកម្រិតនៅឡើយ។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានអះអាងថា ក្រសួងឧស្សាហកម្ម នឹងបន្តធ្វើការកែទម្រង់យ៉ាងស៊ីជម្រៅតាមរយៈការធ្វើទំនើបកម្ម និងផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល ដើម្បីជួយសម្រួលឱ្យការធ្វើអនុលោមភាពរបស់សហគ្រាសកាន់តែមានភាពងាយស្រួល ចំណាយតិច និងមានប្រសិទ្ធភាពខ្ពស់ក្នុងការត្រៀមខ្លួនក្តោបក្តាប់ទីផ្សារក្នុងស្រុក តំបន់ និងឈានទៅប្រកួតប្រជែងលើឆាកអន្តរជាតិ៕




អត្ថបទបន្ទាប់


បើថៃ មិនអនុវត្តតាមសេចក្តីសម្រេចរបស់ស្ថាប័នអន្តរជាតិ តើកម្ពុជា មានយន្តការអ្វីបន្ថែម ដើម្បីដាក់សម្ពាធថៃ ឱ្យប្រគល់ដីមកឱ្យកម្ពុជាវិញ?

កម្ពុជា បានប្រើប្រាស់យន្តការការទូត និងច្បាប់អន្តរជាតិ យ៉ាងសកម្ម ដើម្បី​​តវ៉ា និង​ប្រឆាំងយ៉ាងដាច់អហង្ការ​ចំពោះទង្វើរំលោភបំពានដោយខុសច្បាស់…

ល្បិចទិញ-លក់មុខតំណែងបានក្លាយជំងឺអាសន្នរោគពុករលួយចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រព័ន្ធរាជការថៃ

រឿងអាស្រូវពុករលួយជាប្រព័ន្ធទាក់ទិននឹងការសូកប៉ាន់ទិញមុខតំណែង មន្ត្រីរាជការថ្នាក់មូលដ្ឋាននៅប្រទេសថៃ ក្នុងទឹកប្រាក់ជាង១៤០លានដុល្លារអាម៉េរិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ