អំពើពុករលួយ

ល្បិចទិញ-លក់មុខតំណែងបានក្លាយជំងឺអាសន្នរោគពុករលួយចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រព័ន្ធរាជការថៃ


រឿងអាស្រូវពុករលួយជាប្រព័ន្ធទាក់ទិននឹងការសូកប៉ាន់ទិញមុខតំណែង មន្ត្រីរាជការថ្នាក់មូលដ្ឋាននៅប្រទេសថៃ ក្នុងទឹកប្រាក់ជាង១៤០លានដុល្លារអាម៉េរិក កាលពីពាក់កណ្តាលខែមិថុនា កំពុងរុញច្រានឱ្យសង្គមថៃធ្លាក់ចូលទៅក្នុងវិបត្តិ នៃការរិះគន់យ៉ាងធ្ងន់ធ្ងរ។ បណ្តាញសារព័ត៌មានធំៗនៅក្នុងស្រុកថៃ បានបើកយុទ្ធនាការជីកសួរកកាយកំហុសឆ្គងដ៏រ៉ាំរ៉ៃនេះ ដោយចាត់ទុកថា ប្រព័ន្ធរដ្ឋបាលសាធារណៈរបស់ថៃ កំពុងផ្ទុកនូវមេរោគពុករលួយចាក់ឫសជ្រៅ ដែលពិបាកនឹងព្យាបាល។ តើស្រមោលងងឹត នៃការទិញលក់អំណាចមុខតំណែងនេះ នឹងអូសទាញជោគវាសនាប្រទេសថៃ ឱ្យទៅជាយ៉ាងណា?
អំពើពុករលួយ
ដោយ

នៅក្នុងអត្ថបទវិចារណកថាដ៏មានឥទ្ធិពលមួយចុះផ្សាយដោយសារព័ត៌មាន Daily News របស់ថៃ បានលាតត្រដាងនូវតថភាពសង្គមដ៏ជូរចត់ក្រោមចំណងជើងយ៉ាងមុតស្រួចថា សូកលុយចូលសិន រួចចាំបូមយកដើមមកវិញតាមក្រោយ។ សារព័ត៌មានដដែលនេះបានប្រៀបធៀបការក្លែងបន្លំលទ្ធផលប្រឡង និងការទិញលក់មុខតំណែងនាពេលនេះប្រៀបបានទៅនឹងការ«បិទឡេវអាវគ្រាប់ទី១ ខុសចំណុច»។ នៅពេលដែលឡេវអាវគ្រាប់ដំបូងត្រូវបានបិទខុសហើយ នោះឡេវអាវជាបន្តបន្ទាប់ នឹងត្រូវវៀចវេរខុសទម្រង់ទាំងអស់ដោយមិនអាចកែខៃបានឡើយ។

អត្ថបទវិចារណកថានោះបានចោទសួរដេញដោលចំៗពីរឿងមនសិការសង្គមថា តើមន្ត្រីដែលសុខចិត្តចំណាយប្រាក់រាប់ម៉ឺនដុល្លារតាមផ្លូវកាត់ ដើម្បីទិញកៅអីការងារក្នុងប្រព័ន្ធរដ្ឋ នឹងត្រូវគិតគូរពីអ្វីមុនគេ នៅពេលពួកគេទទួលបានអំណាច? ចម្លើយដ៏សាមញ្ញបំផុត គឺពួកគេមិនមែនគិតពីការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និង ជាតិនោះទេ ក៏ប៉ុន្តែគឺជាការគណនាស្វែងរកគ្រប់វិធីសាស្ត្រ ដើម្បីស្រង់ដើម និងកើបប្រាក់ចំណេញមកវិញឱ្យបានលឿនបំផុត។

លទ្ធផលបន្ទាប់ គឺការកើតឡើងនូវអំពើពុករលួយតាមបណ្តោយទឹកតាមរយៈខ្សែញាក់នៃគោលនយោបាយ និងគម្រោងថវិកាជាតិ។ ដើម្បីការពារអំណាច និងសន្តិសុខ នៃលុយកខ្វក់របស់ខ្លួន មន្ត្រីខិលខូចថៃទាំងនោះ ត្រូវក្រាបចុះស្វែងរកចៅហ្វាយនាយមកធ្វើជាខ្នងបង្អែកការពារខ្លួន ហើយបង្កើតបណ្តាញកូនចៅខូចៗ ដើម្បីជួយបូមលុយបន្ថែម។ ចរន្តទុច្ចរិតនេះបានបំប្លែងវប្បធម៌រាជការ ឱ្យក្លាយទៅជាទីផ្សារដេញថ្លៃមុខតំណែង ដែលមើលទៅដូចជារឿងធម្មតាទៅហើយនៅក្នុងសង្គមថៃ។

ប្រសិនបើថៃនៅតែបណ្តែតបណ្តោយឱ្យមន្ត្រី ដែលរីកដុះដាលពីលុយពុករលួយឡើងគ្រប់គ្រងតំណែងកំពូលៗ ដូចជានាយក ឬ អគ្គនាយកស្ថាប័ន នោះក្នុងរយៈពេល១០ទៅ២០ឆ្នាំខាងមុខ ប្រទេសថៃនឹងធ្លាក់ចូលទៅក្នុងស្ថានភាពរដ្ឋបរាជ័យ ឬ Failed State ជាក់ជាមិនខានឡើយ។ នៅពេលនោះប្រព័ន្ធត្រួតពិនិត្យ និងស្ថាប័នសវនកម្មនឹងក្លាយជាខ្លាក្រដាសដ៏ខ្វិនពិការ និងគថ្លង់ ព្រោះមនុស្សពុករលួយ មិនដែលស៊ើបអង្កេតមនុស្សពុករលួយដូចគ្នាឡើយ ដែលវានឹងធ្វើឱ្យទំនុកចិត្តរបស់សាធារណជនមកលើរដ្ឋាភិបាលរលាយសាបសូន្យទាំងស្រុង៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ចរន្តគាំទ្រផលិតផលខ្មែរអាចនឹងរលត់! សហគ្រិនខ្មែរត្រូវតែពង្រឹងស្តង់ដា និង គុណភាព បើចង់ឈ្នះការប្រកួតប្រជែងរយៈពេលវែង

ទោះបីជាចរន្តគាំទ្រផលិតផលក្នុងស្រុក និងស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរ កំពុងបង្កើតជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកក្នុងការពង្រីកខ្លួន ន…

ស្ថាប័នអន្តរជាតិ ធំមួយព្រមានពីហានិភ័យដួលរលំទីផ្សារ ដោយសារការវិនិយោគជ្រុលហួសហេតុលើ AI

ស្របពេលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាក្បាលម៉ាស៊ីនរុញច្រានតម្លៃទីផ្សារវិនិយោគសកលឱ្យហក់ឡើងខ្ពស់ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ